ហេតុអ្វី​អ្នកត្រូវផ្លាស់ប្ដូរខ្លួនឯង ដើម្បីផ្លាស់ប្ដូរស្ថានការណ៍ដែលមិនសម​បំណងនៅខាងក្រៅ ?​



ភាព​រឹងមាំ​ខ្លាំងក្លា​របស់​អ្នក គឺជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ការណ៍​ដែល​អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ឆ្លើយតប​របស់​ខ្លួនឯង​ចំពោះ​ស្ថានការណ៍​ខាងក្រៅ​ទាំងឡាយ​ដែល​មិន​សម​តាម​បំណង​របស់​អ្នក មិនមែន​ជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ការណ៍​ដែល​អ្នក​អាច​គ្រប់គ្រង​អ្វី​គ្រប់​បែប​យ៉ាង​នៅ​ខាងក្រៅ​ដែល​មិន​សម​តាម​បំណង​អ្នក​នោះ​ឡើយ។ ឡៅជឺ ធ្លាប់​និយាយ​ថា៖ "ជីវិត​គឺ​សាមញ្ញ​ណាស់ ប៉ុន្តែ​មនុស្ស​ខ្លួនឯង​ទេ​តើ​ដែល​ចេះ​តែ​ចង់​ធ្វើឲ្យ​វា​ស្មុគស្មាញ​នោះ"។ ទុក្ខ​លំបាក​វេទនា​កើត​ចេញ​មក​ពី​អ្វីៗ​នៅ​ខាងក្រៅ​កើត​ឡើង​មិន​ដូច​ចិត្ត​ខាងក្នុង​របស់​អ្នក​ដែល​ប៉ង។ ពួកគេ​យល់​ថា​បើ​សិន​ជា​អ្វីៗ​កើត​ឡើង​ទៅ​តាម​សេចក្ដី​ប្រាថ្នា​របស់​ពួកគេ នោះ​ពួកគេ​នឹង​មាន​សេចក្ដី​សុខ​ហើយ។ ប៉ុន្តែ​ការ​ពិត​គឺ​បុគ្គល​ដែល​មាន​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ មិនមែន​ជា​បុគ្គល​ដែល​មាន​អ្វីៗ​គ្រប់​បែបយ៉ាង ឬ​ក៏​ពួកគេ​មាន​សិទ្ធិ​អំណាច​អាច​គ្រប់គ្រង​ពិភពលោក​ទាំងមូល​បាន​នោះ​ទេ។ យ៉ាងណាមិញ ពួកគេ​មាន​អ្វីៗ​គ្រប់​យ៉ាង​ក៏​ព្រោះ​តែ​ពួកគេ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នេះឯង។ ការ​ផ្លាស់ប្ដូរ​គ្មាន​អ្វី​ដែល​គួរឲ្យ​ឈឺចាប់​នោះ​ទេ មាន​តែ​ការ​ចចេស​រឹងរូស​នឹង​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់។ តារា​សម្ដែង លី សៀវឡុង ធ្លាប់​និយាយ​ថា៖ "ចូរ​កុំ​បន់ស្រន់​សុំ​ឲ្យ​ជីវិត​របស់​អ្នក​ងាយស្រួល​ជាង​នេះ ប៉ុន្តែ​ចូរ​បន់ស្រន់​សុំ​នូវ​កម្លាំង​ចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់​ទប់ទល់​ជាមួយ​នឹង​ការ​លំបាក​ទាំងអស់​ក្នុង​ជីវិត​របស់​អ្នក​វិញ"។ នៅ​ពេល​ដែល​អ្នក​ចេះ​តែ​ចង់​ឲ្យ​អ្វីៗ​នៅ​ខាងក្រៅ​ប្រព្រឹត្ត​ទៅ​តាម​ចិត្ត​ចង់​បាន​របស់​អ្នក នោះ​វា​ក៏​មិន​ខុស​អ្វី​ពី​ការណ៍​ដែល​អ្នក​យក​ទុក្ខ​លំបាក​មក​ដាក់​ឲ្យ​ខ្លួនឯង​នោះ​ដែរ។ វា​នឹង​បង្កើត​ជា​ស្ត្រេស សេចក្ដី​ព្រួយបារម្ភ​ឥត​ឈប់ឈរ សេចក្ដី​ភ័យខ្លាច តប់ប្រមល់ ចង្អៀតចង្អល់​ច្រើន ពោរពេញ​ដោយ​សេចក្ដី​ខឹង​ក្រោធ​និង​មួម៉ៅ ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ជីវិត​មួយ​ដែល​មាន​សេចក្ដី​សុខ​នេះ​ឯង។ បើ​ចិត្ត​ខាងក្នុង​របស់​អ្នក​មិន​ស្ងប់ នោះ​អ្នក​ក៏​នឹង​គ្មាន​ថ្ងៃ​ដែល​អាច​មាន​សេចក្ដី​ស្កប់ស្កល់​នោះ​ដែរ។ ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នក​ដែរ ដរាប​ណា​អ្នក​ចេះ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្លួនឯង​ល្អ។ ដូច​គ្នា​ដែរ ជីវិត​ដែល​ពោរពេញ​ដោយ​សេចក្ដី​ទុក្ខ​ឬ​សេចក្ដី​សុខ គឺ​អាស្រ័យ​ទៅលើ​ការ​គិត​របស់​អ្នក​ដែល​មាន​ចំពោះ​អ្វីៗ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក៕ ដោយ៖ ស្រីពៅ
X
5s