មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​វដ្ដ​ជីវិត​ទាំង​​៤​ខាង​ក្រោម​នេះ​



ជីវិត​គឺ​​ជា​ដំណើរ​​​មួយ​។ ​ក្នុង​ជីវិត​​របស់​មនុស្ស ធម្មជាតិ​របស់​ជីវិត​មាន​៤​ដំណាក់​កាល។តាំង​ពី​​យើង​កើត​មក មិន​ចេះ​អ្វី​ទាំង​អស់ ​យើង​ក៏​ចេះ​​ផ្តើម​រៀន សាកល្បង លូតលាស់​ ចេះ​គិត​និង​​ចាស់​គំនិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​នៅ​ពេល​ដែល​​យើង​បន្ត​​ដំណើរ​ជីវិត​ទៅ​មុខ ​​យើង​ក៏​កំពុង​បន្ត​​ដំណើរ​ពី​វដ្ដ​ជីវិត​​មួយ​ទៅ​វដ្ដ​ជីវិត​​មួយ​ដែរ។ ខាងក្រោម​នេះ​ជា​វដ្ដ​ជីវិត​​ទាំង​៤​ដែល​អ្នក​​ត្រូវ​ឆ្លង​កាត់៖ ១) វ័យ​កុមារ៖ ​​​ក្នុង​វដ្ដ​ជីវិត​​​​នេះ​ វ័យ​កុមារ​​អាច​និយាយ​បាន​ថា​គឺ​ជា​ពេល​វេលា​ដ៏​រីករាយ​ជា​ទី​បំផុត។ ក្នុង​វ័យ​នេះ ​​កុមារ​មិន​សូវ​គិត​ច្រើន​នោះ​ទេ ​ពោល​គឺ​ទៅ​រៀន រាប់​អាន​មិត្ត​ លេង​សប្បាយ​ៗ​​និង​ទៅ​សាលា​​រៀន​និង​រៀន​​ចំណេះ​ដឹង​បឋម​តែ​ប៉ុណ្ណោះ។ ២) វ័យ​​ជំទង់៖ ​ក្នុង​ដំណាក់​នេះ ​មនុស្ស​​ធំ​ដឹង​ក្តី​បន្តិច​ហើយ​ ប៉ុន្តែ​វ័យ​ជំទង់​គឺ​ជា​ដំណាក់​​កាល​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស។ មនុស្ស​កែប្រែ​ល្អ​ឬ​អាក្រក់​អាច​​ស្ថិត​នៅ​ក្នុង​ដំណាក់​នេះ​ព្រោះ​​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​នេះ​ច្រើន​តែ​ជា​ពួក​ក្មេង​ឈាម​រាវ ពោល​គឺ​​ចង់សាក​​ល្បង​គ្រប់​បែប​ណា។​ ដូច្នេះ​ហើយ ប្រសិន​ជា​រាប់​អាន​មនុស្ស​​ខុស​ ជីវិត​អាច​ឈាន​ទៅ​ដល់​​អ្នក​ជក់​ថ្នាំ​ញៀន​។ល។ ​តែ​ប្រសិន​រាប់​អាន​មនុស្ស​ល្អ នោះ​ជា​រឿង​ប្រសើរ​ណាស់។ ៣) វ័យ​​មនុស្ស​ធំ៖ ​ឈាន​ដល់​ដំណាក់​នេះ មនុស្ស​ចេះ​គិត​​​និង​ចាស់​ទុំ​ជាង​មុន​ច្រើន​ហើយ។ ​ក្នុង​វដ្ដ​ជីវិត​​នេះ មនុស្ស​គិត​ពី​ការងារ​ រក​លុយ​ឬ​បង្កើត​មុខ​របរ​​ចិញ្ចឹម​ជីវិត។ ​ម៉្យាង​វិញ​ទៀត វ័យ​នេះ​ក៏​ជា​ពេលវេលា​​​កសាង​គ្រួសារ​​ផង​ដែរ។ ៤) វ័យ​មនុស្ស​ចាស់៖ ពេល​មក​ដល់​ដំណាក់​នេះ យើង​​គ្រប់​​គ្នា​​ចាប់​ផ្ដើម​គិត​ពី​សុខភាព ​​ស្វែង​យល់​ពី​ជីវិត​។ លើស​ពី​នេះ​គឺ​​មនុស្ស​ខិត​ខំ​ប្រឹង​ប្រែង​​អប់រំ​និង​​បន្សល់​ទុក​ដូច​ជា​ថវិកា​ឬ​​​ចំណេះ​ដឹង​ដល់​កូន​ចៅ​ជំនាន់​ក្រោយ៕ ដោយ​៖ អឹុង មុយយូ ​​​​​​​​​​
X
5s