ជាង ១៧៥ពាន់លានកម្មវិធីត្រូវគេ Download ហើយរកប្រាក់ចំណូលខ្ទង់ ៨៦ពាន់លានដុល្លារនៅឆ្នាំ២០១៧
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ App Annie ដែលមានស្នាក់ការនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ថ្មីៗនេះបានបញ្ចេញរបាយការណ៍ចុងឆ្នាំរបស់ខ្លួន ទៅលើស្ថានភាពសេដ្ឋកិច្ចនៃកម្មវិធីទូរស័ព្ទ។ ឆ្នាំ២០១៧ ឃើញថា កម្មវិធីប្រមាណ ១៧៥ពាន់លានកម្មវិធីត្រូវបានទាញយក (Download) ជាសកល ស្មើនឹងអត្រាកើនឡើង ៦០% ធៀបនឹងឆ្នាំ២០១៥។ ចំណែកការចំណាយរបស់អ្នកប្រើប្រាស់ទៅលើកម្មវិធីទាំងនោះ បានកើនឡើងទ្វេរដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលកើនដល់ ៨៦លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមនោះ មនុស្សម្នាក់បានចំណាយពេលវេលាលើ app សរុបប្រហែល ១ខែកន្លះ ឬ ៤៥ថ្ងៃ នៅក្នុងឆ្នាំ២០១៧ ស្មើនឹង ៣០% កើនឡើងជាងឆ្នាំ២០១៥។ ក្នុងការប្រើប្រាស់ app ជាមធ្យមគឺមានរយៈពេល ៣ម៉ោង ក្នុងមួយថ្ងៃ។ ពួកគេបើកប្រើកម្មវិធី ៨០កម្មវិធី នៅលើទូរស័ព្ទរបស់គេ។ សម្រាប់បណ្ដាប្រទេសដូចជា ជប៉ុន និងចិន គឺម្ចាស់ទូរស័ព្ទប្រើកម្មវិធីច្រើនដល់ទៅជាង ១០០កម្មវិធីនៅលើទូរស័ព្ទរបស់ខ្លួន ខណៈអ្នកប្រើធម្មតា មានត្រឹមតែ ៤០កម្មវិធីជាមធ្យម។
