តើអ្វីទៅដែលកាត់ផ្ដាច់គ្នារវាងបុគ្គលដែលមានទេពកោសល្យ និង បុគ្គលជោគជ័យ​ ?​



ជីវិត​គឺជា​ការ​ប្រកួតប្រជែង ប៉ុន្តែ​មនុស្ស​ដែល​អ្នក​ត្រូវ​តែ​ប្រកួត​ជាមួយ​នោះ​គឺជា​ខ្លួនឯង។ មនុស្ស​ជុំវិញ​ខ្លួន​អ្នក មិនមែន​ជា​មនុស្ស​ដែល​អ្នក​គួរ​ប្រកួត​ប្រជែង​ជាមួយ​នោះ​ឡើយ ព្រោះ​រាល់​មនុស្ស​ដែល​អ្នក​បាន​ជួប​និង​ស្គាល់​សុទ្ធតែ​ជា​មនុស្ស​ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​បាន។ មិន​ថា​បុគ្គល​ម្នាក់​នោះ​ជា​ប្រភេទ​បុគ្គល​បែប​ណា​ក៏​ដោយ នៅ​ពេល​អ្នក​បន្ទាប​ខ្លួន​ហើយ​ដាក់​ចិត្ត​រៀន​សូត្រ​ពី​ចំណុច​តូចតាច​ដែល​បង្កប់​នៅ​ក្នុង​បុគ្គលិក​លក្ខណៈ​និង​តម្លៃ​របស់​ពួកគេ​ម្នាក់ៗ នោះ​អ្នក​ប្រាកដ​ជា​អាច​សម្គាល់​ឃើញ​នូវ​មេរៀន​ដែល​អ្នក​គួរ​ចៀសវាង​កុំ​យក​គំរូ​តាម និង​មេរៀន​មាន​តម្លៃ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​ពួកគេ។

មនុស្ស​តែ​ម្នាក់​គត់ ដែល​អ្នក​គួរ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មើល​ជា​ប្រចាំ​ឲ្យ​ម៉ត់ចត់ នោះ​គឺជា​ខ្លួនឯង ហើយ​ដំណើរការណ៍​នេះ​នឹង​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ។ មាន​ឃ្លា​មួយ​របស់​អ្នក​និពន្ធ StepKing hen បាន​លើកឡើង​ដូច្នេះ​ថា៖ "ទេពកោសល្យ​មាន​តម្លៃ​ថោក​ជាង​អំបិល​ទៅ​ទៀត។ ព្រោះ​ថា​អ្វី​ដែល​កាត់​ផ្ដាច់​គ្នា​រវាង​បុគ្គល​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ និង​បុគ្គល​ដែល​ជោគជ័យ នោះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា"

ប្រៀប​ដូចជា​បុគ្គល​ដែល​ស្នង​កេរ្តិ៍​ពី​ឪពុក​ម្ដាយ​របស់​គេ​ដែល​ជា​ត្រកូល​អ្នក​មាន​ស្ដុកស្ដម្ភ​ដូច្នោះ​ដែរ បើ​សិន​ជា​បុគ្គល​នេះ​មាន​ទ្រព្យ​ច្រើន​ហូរហៀរ​ហើយ តែ​បុគ្គល​នេះ​មិន​ចេះ​ប្រើប្រាស់​ទ្រព្យធន​ស្រាប់ៗ​ទាំងនោះ​នៅ​ក្នុង​របៀប​ដែល​ឈ្លាសវៃ និង​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​មក​វិញ​ទេ នោះ​មិនយូរមិនឆាប់ ទ្រព្យ​ដែល​គេ​បាន​ស្នង​ពី​ឪពុក​ម្ដាយ ក៏​នឹង​ហិនហោច​រលាយ​អស់​ទៅ​ដែរ។ ចំណែក​ឯ​បុគ្គល​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់ បើ​ទោះ​ជា​មិន​មាន​ទ្រព្យ​ធន​ស្រាប់ៗ​ក៏​ពិត​មែន តែ​ការ​ខិតខំ​តស៊ូ​របស់​គេ បន្តិច​ម្ដងៗ តក់​ៗ​គង់​តែ​ពេញ​បំពង់ និង​សម្រេច​បាន​ដល់​គោលដៅ​ដូច​គ្នា​ទេ ថ្វី​បើ​ពេលវេលា​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​មួយ​នេះ ត្រូវការ​រយៈពេល​យូរ​ក៏​ដោយ​ចុះ។

គ្មាន​អំណាច​របស់​សម្ដី​នរណា​ម្នាក់​អាច​កាច់​បំបាក់​អ្នក​ឲ្យ​ទន់ខ្សោយ ឬ​ថា​អ្នក​អសមត្ថភាព ឬ​ជា​ជន​បរាជ័យ​អ្វី​ដូច​អំណាច​ដែល​ចេញ​មក​ពី​ការ​គិត​របស់​អ្នក​ដែល​មាន​ចំពោះ​ខ្លួនឯង និង​អ្វី​ដែល​អ្នក​តែងតែ​ប្រាប់​ខ្លួនឯង​នោះ​ដែរ។ អ្វី​ដែល​គេ​គិត​ចំពោះ​អ្នក​គ្មាន​អ្វី​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ឬ​បរាជ័យ​របស់​អ្នក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​អ្វី​ដែល​អ្នក​គិត​ចំពោះ​ខ្លួនឯង។ គ្មាន​អ្វី​ដែល​អាច​យក​ឈ្នះ​ចិត្ត​អំណត់​អត់ធ្មត់​មិន​ព្រម​រាថយ​នឹង​ឧបសគ្គ​របស់​អ្នក​បាន​នោះ​ឡើយ។

នៅ​ពេល​អ្នក​មើល​ឃើញ​តម្លៃ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ជា​ចម្លើយ​សម្រាប់​នាំ​អ្នក​ទៅ​កាន់​ជោគជ័យ នោះ​អ្នក​នឹង​មើល​ឃើញ​តម្លៃ​នៅ​ក្នុង​ខ្លួនឯង​មិនខាន។ នៅ​ពេល​កម្លាំង​ចិត្ត​ខាងក្នុង​របស់​អ្នក​រឹងមាំ​ខ្លាំងក្លា​ហើយ នោះ​គ្មាន​អ្វី​ដែល​នឹង​អាច​បញ្ឈប់​អ្នក​មិន​ឲ្យ​ដល់​គោលដៅ​ដែល​អ្នក​ចង់​ទៅ​ឲ្យ​ដល់​បាន​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

X
5s