ដើម្បីឆ្ពោះទៅរកភាពជោគជ័យ អ្នកត្រូវធ្វើអ្វីដែលអ្នកធ្វើបានល្អបំផុតនិងមានក្ដីសុខសម្រាប់ខ្លួនឯងបំផុត
មនុស្សយើងរាល់គ្នាសុទ្ធតែមានសមត្ថភាពពីធម្មជាតិដែលជាសក្ដានុពលលាក់បង្កប់នៅក្នុងខ្លួនពួកយើងរៀងៗខ្លួន។ ពួកយើងត្រូវឲ្យតម្លៃទៅលើវា ផ្ដោតការយកចិត្តទុកដាក់ទៅលើចំណុចខ្លាំងរបស់ខ្លួន ហើយសម្លៀងវាឲ្យបានមុតស្រួចដោយបូជាពេលវេលា ថាមពលនិងកម្លាំងកាយចិត្តដើម្បីប្រើប្រាស់វាឲ្យកើតជាប្រយោជន៍សម្រាប់គោលដៅជីវិតខ្លួនឯងនិងបម្រើទៅដល់ប្រយោជន៍អ្នកដទៃ។
ជាការខាតបង់យ៉ាងធំធេងដែលមនុស្សយើងមួយចំនួនធំមិនឲ្យតម្លៃទៅលើសមត្ថភាពពីធម្មជាតិរបស់ខ្លួនដោយហេតុថាពេលខ្លះពួកគេមានគំនិតថាសមត្ថភាពពីធម្មជាតិទាំងនោះនឹងមិនបានជួយបំពេញទៅតាមប្រយោជន៍ដ៏ធំនៅក្នុងជីវិតរបស់ពួកគេ ឬមិនអាចឲ្យគេប្រើប្រាស់វាដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ មានលេសអះអាងមួយទៀតដែលមនុស្សភាគច្រើនទោរទន់ទៅតាមការរំពឹងទុករបស់សង្គមទៅលើពួកគេដូចជាការមិនឲ្យតម្លៃពីគ្រួសារនិងសង្គមជាដើម។ ប៉ុន្ដែអ្នកត្រូវចាំថាសមត្ថភាពទាំងនោះនឹងមិនចាកឆ្ងាយពីអ្នកទៅណានោះទេ វារង់ចាំឲ្យអ្នកមានភាពក្លាហានពុះពារឧបសគ្គទាំងនោះដើម្បីសាងភាពល្អប្រសើររុងរឿងទៅដល់មនុស្សជាតិ។
តើអ្នកធ្លាប់សង្កេតមើលខ្លួនឯងថារាល់ពេលដែលអ្នកធ្វើនូវអ្វីដែលខ្លួនឯងពេញចិត្តនិងធ្វើបានល្អបំផុត ថាមពល ភាពរីករាយ និងគំនិតសុទិដ្ឋិនិយមទាំងឡាយផុសឡើងនៅក្នុងខ្លួនអ្នកដែរទេ ? នេះហើយគឺជាហេតុផលដ៏សំខាន់មួយដែលអ្នកត្រូវផ្ដោតលើអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួន មិនមែនខ្ជះខ្ជាយពេលវេលានិងកម្លាំងឥតប្រយោជន៍ច្រើនហួសហេតុទៅលើចំណុចខ្សោយរបស់ខ្លួននោះឡើយ។ អ្នកត្រូវហ្វឹកហាត់វា សម្លៀងវាឲ្យមុតស្រួចដដែលៗជាប្រចាំរហូតដល់សមត្ថភាពនោះឈានដល់កម្រិតអស្ចារ្យមួយដែលមនុស្សអាចទទួលបានប្រយោជន៍ពីវា។
ការខ្ជះខ្ជាយតែមួយគត់អំពីធនធានមនុស្សគឺជាការបោះបង់ចោលនូវសមត្ថភាពពីធម្មជាតិទាំងនោះដោយមិនបានប្រើវាជាប្រយោជន៍អ្វីសោះ៕
ប្រភព៖ success
ប្រែសម្រួល៖ ស្រីពៅ