បច្ចេកវិទ្យាយុវជនកម្ពុជាឈ្នះពានរង្វាន់កម្មវិធីលំដាប់ពិភពលោក CES 2016 Innovation Awards
បច្ចេកវិទ្យាដែលផលិតឡើងដោយស្នាដៃកូនខ្មែរក្រោមការជួយជ្រោមជ្រែងពីក្រុមអ្នកជំនាញបរទេសបានឈ្នះពានលំដាប់អន្តរជាតិមួយពីកម្មវិធី CES 2016 Innovation Award ដែលធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ stuff-cambodia.com។
ក្រុមវិស្វករវ័យក្មេងដែលធ្វើការនៅមូលនិធិមនុស្សធម៌ Golden West ដែលស្ថិតនៅទីក្រុងភ្នំពេញបានបង្កើតគំនិតច្នៃប្រឌិតឧបករណ៍សម្រាប់ដោះគ្រាប់មីនដែលមិនទាន់ផ្ទុះដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនព្រីន 3D។
តាមការចុះផ្សាយរបស់ប្រភពខាងលើ គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោងផលិតឧបករណ៍ហ្វឹកហាត់សាកល្បងដោះគ្រាប់មិនទាន់ផ្ទុះដែលហៅកាត់ថា AOTM គាំទ្រដោយអង្គការក្រៅរដ្ឋាភិបាលមួយនៅសហរដ្ឋអាមេរិក ព្រមទាំងសហការជាមួយសមាជិកមួយចំនួនពីវិទ្យាស្ថាន Massachusetts Institute of Technology (MIT) របស់សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Technology and Design របស់ប្រទេសសិង្ហបុរី។
គំនិតផ្ដួចផ្ដើមរបស់ក្រុមវិស្វករកម្ពុជានេះ នឹងអាចយកទៅប្រើប្រាស់នៅទូទាំងពិភពលោកសម្រាប់ហ្វឹកហាត់សាកល្បងដោះគ្រាប់មិនទាន់ផ្ទុះ។
គម្រោងនេះបានឈ្នះរង្វាន់ផ្នែក «បច្ចេកវិទ្យាដែលធ្វើឱ្យពិភពលោកមានភាពល្អប្រសើរ» ក្នុងចំណោមគំនិតបង្កើតថ្មីជាច្រើនទៀតដែលឈ្នះបានពាននៅក្នុងកម្មវិធីខាងលើ៕
ដោយ៖ រតនៈវិភូ