អត្តចរិត ៦ប្រភេទ ដែលតែងមាននៅក្នុងខ្លួនមនុស្សធម្មតា
ពិភពលោកនេះពោរពេញទៅដោយបុគ្គល ២ប្រភេទ គឺ បុគ្គលជោគជ័យនិងបុគ្គលធម្មតា។ តើបុគ្គលធម្មតាខុសពីបុគ្គលជោគជ័យយ៉ាងដូចម្ដេច ? តើបុគ្គលធម្មតាមានអត្តចរិតបែបណាខ្លះ ?
១) មនុស្សធម្មតាតែងតែអួតអាងថាខ្លួនគេមាននូវគំនិតណាមួយមុនគេជានិច្ច
នៅពេលលេចឮពត៌មានថ្មីៗពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់បុគ្គលណាមួយ វាតែងតែមាននរណាម្នាក់អួតអាងថាខ្ញុំមានគំនិតបែបនេះតាំងពីមុនការច្នៃប្រឌិតនោះចេញមកម្ល៉េះ ឬក៏សម្ដីបែបឥតប្រយោជន៍ផ្សេងៗទៀតក្នុងទម្រង់ស្រដៀងគ្នាដូច្នេះដែរ។ អ្នកចង់និយាយបែបណាវាជាសិទ្ធិរបស់អ្នកនោះទេ តែអ្វីដែលសំខាន់ជោគជ័យរបស់បុគ្គលទាំងនោះកកើតឡើងបានដោយសារមានការចាប់ផ្ដើមធ្វើនិងការខិតខំប្រឹងប្រែងយ៉ាងមានវិន័យបំផុត មិនមែនមានតែការវោហាឥតបានការនោះឡើយ។ មនុស្សធម្មតាតែងនិយាយច្រើនជាងធ្វើ ដែលភាពក្អេងក្អាងរបស់គេធ្វើឲ្យគេមិនបានប្រើប្រាស់ជីវិតរបស់ខ្លួនរស់នៅឲ្យអស់លទ្ធភាពនិងមានប្រយោជន៍ទាល់តែសោះ។
២) មនុស្សធម្មតាខ្ជះខ្ជាយពេលវេលារបស់ពួកគេ
បុគ្គលប្រភេទនេះមិនឲ្យអាទិភាពលើជីវិតការងាររបស់ពួកគេដូចបុគ្គលជោគជ័យដទៃៗទៀតនោះទេ។ ពួកគេតែងរកច្រកចេញពីទំនួលខុសត្រូវលើការងារនិងជីវិតរបស់ខ្លួន។ បុគ្គលជោគជ័យយល់ច្បាស់ថាការខិតខំប្រឹងប្រែងបំពេញការងារគឺជាផ្លូវតែមួយគត់ដែលពួកគេត្រូវដើរដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត។ រីឯមនុស្សធម្មតាវិញប្រៀបដូចជាទូកឥតក្ដោងដែលរេចុះឡើងៗតាមទំនោរខ្យល់បក់ គ្មានទិសដៅច្បាស់លាស់ក្នុងជីវិត ម្ដងចាប់នេះម្ដងចាប់នោះ បន្សល់ទុកនូវការងារដែលមិនទាន់បញ្ចប់យ៉ាងច្រើន ហើយក៏ចូលចិត្តឲ្យតម្លៃទៅលើរឿងឥតប្រយោជន៍ជាច្រើនក្នុងជីវិត ដែលធ្វើឲ្យពួកគេខាតពេលវេលានិងប្រាក់កាសទៀតផង។
៣) មនុស្សធម្មតាតែងតែដាច់លុយជានិច្ច
បើអ្នកចំណាយប្រាក់ទៅតាមចំណង់តណ្ហាមិនចេះចប់មិនចេះហើយរបស់អ្នក នោះអ្នកនឹងគ្មានសេសសល់ប្រាក់អ្វីជាដុំកំភួនសម្រាប់ប្រើការទៅលើរឿងចាំបាច់នៅក្នុងជីវិតនោះទេ។ អ្នកត្រូវចាប់ផ្ដើមមានគណនីសន្សំប្រាក់ បញ្ឈប់ការចំណាយទៅលើរបស់ដែលអ្នកចង់បានជាជាងរបស់ដែលអ្នកត្រូវការ សងបំណុលដែលបានជំពាក់ឲ្យអស់ និងចាយយ៉ាងសន្សំសំចៃទៅលើប្រាក់ដែលនៅសេសសល់។
៤) មនុស្សធម្មតាអោបក្រសោបអតីតកាលរបស់ពួកគេ
ពួកយើងម្នាក់ៗសុទ្ធតែមានអតីតកាលជូរចត់ បទពិសោធន៍ឈឺចាប់រាប់មិនអស់នៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងដែលអាចទាញពេលវេលាត្រឡប់ថយក្រោយវិញបាននោះទេ។ ម្យ៉ាងទៀតអតីតកាលនិងអនាគតកាលគ្រាន់តែកើតឡើងនៅក្នុងការគិតរបស់អ្នកប៉ុណ្ណោះ។ នៅពេលអ្នកផ្ដោតទៅលើបច្ចុប្បន្នកាលរបស់អ្នកដោយយកចិត្តទុកដាក់បំផុត នោះ អ្នកនឹងរស់នៅជីវិតមួយដែលមិនមែនមានតែភាពធម្មតានោះឡើយ។
៥) មនុស្សធម្មតាជ្រើសរើសរស់នៅជីវិតដែលធម្មតា
ពួកគេប្រៀបដូចជាកង្កែបក្នុងអណ្ដូងដែលភ័យខ្លាចនូវការផ្លាស់ប្ដូរជោគវាសនារបស់ខ្លួន និងបានត្រឹមតែមានវិប្បដិសារីទៅលើអ្វីដែលខ្លួនមានត្រឹមតែក្ដីសុបិន្តតែមិនបានចាប់ផ្ដើមបោះជំហានជាសកម្មភាពធ្វើវាឲ្យចេញជារូបរាង។ ត្រូវចាំថាបញ្ហាមិនមែនចេះតែមានរូបភាពដូចអ្វីដែលអ្នកមើលឃើញនោះទេ មានតែការចាប់ផ្ដើមប៉ុណ្ណោះទើបអ្វីៗនឹងអាចសម្រេចដូចប្រាថ្នារបស់អ្នកបាន។
៦) មនុស្សធម្មតាមិនដែលមានការទទួលខុសត្រូវលើជីវិតពួកគេឡើយ
ស្របពេលដែលបុគ្គលជោគជ័យប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅលើការងាររបស់ពួកគេ បុគ្គលធម្មតាមើលទូរទស្សន៍ ខ្ជះខ្ជាយពេលវេលាជាច្រើនលើបណ្ដាញសង្គម ហើយនៅពេលពួកគេមើលមិនឃើញពីភាពផ្លាស់ប្ដូរនៅក្នុងជីវិតខ្លួន ពួកគេបន្ទោសទៅលើកត្តាខាងក្រៅ ប៉ុន្ដែពួកគេមិនងាកមកកែប្រែខ្លួនឯងនោះឡើយ។ អ្នកត្រូវចាំថាមានតែអ្នកប៉ុណ្ណោះ ដែលជាអ្នកមានសិទ្ធិជ្រើសរើសក្លាយទៅជាបែបណាទៅតាមការជ្រើសរើសរបស់អ្នកលើជីវិត៕
ប្រភព៖ lifehack
ប្រែសម្រួល៖ ស្រីពៅ