Yahoo ​កំពុង​​ជួប​បញ្ហា ត្រូវ​គេ​រាយការណ៍​ថា នឹង​​បន្ត​កាត់បន្ថយ​បុគ្គលិក ១០% ស្មើ​នឹង ១០០០នាក់​នៅ​ខែ​មករា ២០១៦ នេះ​​



ការ​ពុះពារ​របស់ Yahoo ​ហាក់​ដូច​ជា​មិន​ទាន់​ស្រាកស្រាន្ត​នៅ​ឡើយ។ របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អ៊ីនធឺណិត​នេះ មាន​គម្រោង​កាត់បន្ថយ​បុគ្គលិក​យ៉ាង​ហោច ១០% នៃ​បុគ្គលិក​ក្រុមហ៊ុន ១០០០០នាក់​នៅ​ដើម​ខែ​មករា ឆ្នាំ២០១៦នេះ។ ការ​កាត់បន្ថយ​បុគ្គលិក ធ្វើឡើង​បន្ទាប់ពី Yahoo បាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ McKinsey & Co. ​ដើម្បី​ជួយ​ធ្វើ​ការ​សម្រេច​ចិត្ត។ ​ខណៈ​ដែល​ការ​កាត់បន្ថយ​បុគ្គលិក ត្រូវ​គេ​រំពឹង​ថា នឹង​ប៉ះពាល់​ដល់​ដំណើរការ​លើ​គ្រប់​ផ្នែក​នៃ​ជំនួញ​មេឌា​របស់ Yahoo តែ​ប្រតិបត្តិការ និង​ក្រុម​បច្ចេកទេស​លើ​ផ្នែក platforms-technology នឹង​ត្រូវ​ពង្រឹង​ឡើង​វិញ។ ប្រភព​ពី​គេហទំព័រ Business Insider ​បាន​រាយការណ៍​ថា ក្រុម​ការងារ​មួយ​ក្រុម​របស់ Yahoo កំពុង​ធ្វើ​កិច្ចការ​ដើម្បី​ជំរុញ​ផែនការ​ពង្រឹង​ក្រុមហ៊ុន​ឡើង​វិញ​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៦។ ចំណែក​ទីផ្សារ​របស់ Yahoo ​បាន​ធ្លាក់​ចុះ ៣៥% កាលពី​ឆ្នាំ​២០១៥ ហើយ​ក្រុមហ៊ុន​ក៏​បាន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​មួយ​ចំនួន​ប្រមាណ ១៤% គឺ​ដក​ពី ១២៥០០នាក់ កាលពី​ឆ្នាំ២០១៤។ ក្រុមហ៊ុន Yahoo ​បច្ចុប្បន្ន​មាន​អ្នក​ស្រី Marissa Mayer ​ជា​នាយក​ប្រតិបត្តិ ដែល​អ្នក​ស្រី​ធ្លាប់​ជា​អតីត​អនុប្រធាន Google Product Search បាន​ឡើង​កាន់កាប់ Yahoo ចាប់ពី​ខែ​កក្កដា ឆ្នាំ២០១២។​ ​អ្នក​វិនិយោគិន​ផ្សេង​ខ្លះ​ទៀត​របស់ Yahoo ​បាន​រាយការណ៍​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​នេះ អាច​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​ជោគជ័យ​នៅ​ឡើយ ហើយ​ការ​កាត់បន្ថយ​បុគ្គលិក​ច្រើន​ទៀត​អាច​នឹង​ត្រូវ​ធ្វើ​បន្ត៕
X
5s