គុណភាព៤យ៉ាងរបស់អ្នកដឹកនាំដែលតែងបង្កើតនូវគុណតម្លៃសម្រាប់អ្នកជុំវិញខ្លួនពួកគេ
របៀបនៃការដឹកនាំគឺជាអ្វីៗគ្រប់យ៉ាង ព្រោះថាវាជាឥរិយាបថរបស់អ្នកដឹកនាំដែលផ្ដល់ជាគំរូដ៏ល្អគួរប្រតិបត្តិតាម ឬគួរចៀសវាងសម្រាប់អ្នកដទៃ។ មុខតំណែងរបស់អ្នកអាចត្រូវបានឡើងពិតមែន តែរបៀបនៃការដឹកនាំកូនចៅគឺជារឿងមួយដែលមិនប្រាកដថានរណាៗសុទ្ធតែអាចធ្វើបានល្អនោះឡើយ ហើយអ្នកក៏មិនអាចប្រើប្រាស់របៀបដឹកនាំដូចកាលពីមុនបានដែរ។
ហេតុនេះ មុនពេលអ្នកឡើងកាន់មុខតំណែងជាអ្នកដឹកនាំ អ្នកគួរងាកមកស្វែងយល់ពីគុណភាពទាំង៤យ៉ាងខាងក្រោមនេះ ដើម្បីបង្កើតនូវគុណតម្លៃសម្រាប់អ្នកជុំវិញខ្លួន៖
១) មានភាពជឿជាក់លើខ្លួនឯង ប៉ុន្ដែមិនមែនអួតក្អេងក្អាងនោះទេ៖ អ្នកត្រូវយល់ឲ្យច្បាស់អំពីភាពខុសគ្នារវាងភាពជឿជាក់ និងអំនួតក្អេងក្អាង។ ភាពជឿជាក់លើខ្លួនឯង គឺជាការជឿទុកចិត្តលើសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ រីឯអំណួតក្អេងក្អាង គឺជាការលើកតម្កើង បំផ្លើសសមត្ថភាពរបស់ខ្លួនដោយការបន្ទាប និងទិតៀនតម្លៃរបស់អ្នកដទៃ។ តាមការសិក្សាមួយបានបង្ហាញថា តាមពិតទៅ បុគ្គលិកដែលមានឥរិយាបថអួតក្អេងក្អាង ច្រើនតែធ្វើមិនសូវបានល្អក្នុងការងារពួកគេទេ ព្រោះពួកគេនឹងប្រើប្រាស់ឥរិយាបថអួតក្អេងក្អាងបែបនោះ ដើម្បីបិទបាំងពីភាពខ្វះខាតរបស់ខ្លួន។
២) មានភាពស្ងប់ស្ងៀម៖ កាតព្វកិច្ចជាអ្នកដឹកនាំ មិនមែនបានន័យថាអ្នកត្រូវដឹងនូវគ្រប់ចម្លើយចំពោះគ្រប់សំណួរនោះទេ។ ពួកគេជាអ្នកបង្កើតនូវបរិយាកាសមួយ ដែលធ្វើយ៉ាងណាដើម្បីឲ្យការសម្រេចចិត្តមានការរួមចំណែកពីសមាជិករួមទាំងអស់ផងដែរ។
៣) មានភាពទៀងទាត់៖ ចំពោះការប្រជុំ អ្នកត្រូវមកដល់ឲ្យបានមុន ឬយ៉ាងហោចណាស់មកឲ្យទាន់ពេលវេលា ពុំនោះទេការមកដល់យឺតរបស់អ្នកដឹកនាំ នឹងត្រូវបានសន្មតថា ជាកង្វះខាតនូវវិន័យ ឬជាការបង្ហាញថាអ្នកមិនឲ្យតម្លៃទៅលើកិច្ចការប្រជុំនោះជាកិច្ចការសំខាន់នោះឡើយ។
៤) មានការទុកចិត្តគ្នា ប៉ុន្ដែមិនមែនងាយនឹងត្រូវគេអូសទាញនោះឡើយ៖ ថ្វីត្បិតតែការទុកចិត្ត គឺជារឿងមួយដែលមានតម្លៃក្នុងទំនាក់ទំនងក៏ពិតមែន ប៉ុន្ដែមិនប្រាកដថាមនុស្សទាំងអស់សុទ្ធតែស័ក្ដិសមនឹងទទួលបានវាពីអ្នកនោះទេ។ ពួកគេគ្រប់គ្នាសុទ្ធតែចង់បានពេលវេលាបន្ដិចបន្ដួចពីអ្នកដែលផ្ដល់សម្រាប់ពួកគេ ប៉ុន្ដែមិនមែនទាំងអស់នោះទេដែលសុទ្ធតែចង់បានវានៅក្នុងគោលដៅល្អនោះ។ ដូច្នេះ អ្នកគួរផ្ដល់ឱកាសឲ្យពួកគេ ប៉ុន្ដែមិនត្រូវយល់ច្រឡំរវាងការទុកចិត្ត និងភាពដែលគួរឲ្យទុកចិត្តបាននោះឡើយ៕
ប្រភព៖ entrepreneur ប្រែសម្រួល៖ ស្រីពៅ