តើលោក Sam Zell នាយកក្រុមហ៊ុន Equity Group Investmentsរូបនេះ ទាមទារតម្លៃអ្វីពីបុគ្គលិករបស់គាត់ ?
មានតែមនុស្សល្ងង់ទេ ដែលតែងតែមានអំនួតមកលើខ្លួនឯងថាត្រូវរហូត និងមិនព្រមស្ដាប់គំនិតអ្នកដទៃដោយមានការភ័យខ្លាចគំនិតរបស់ខ្លួនត្រូវបានគេផ្ចាញ់ផ្ចាលឲ្យខុសទៅតាមអ្វីដែលជាការពិតជាក់ស្ដែង។ ធ្វើជាអ្នកដឹកនាំគេ បើសិនជាបុគ្គលនេះមានអត្តចរិតបែបនោះ នោះបុគ្គលនេះមិនអាចដើរបានវែងឆ្ងាយនោះឡើយ ព្រោះមិនយូរមិនឆាប់អត្តចរិតអវិជ្ជមានរបស់គេនឹងទាញយកមនុស្សពូកែៗនិងស្មោះត្រង់ចេញពីគេបន្តិចម្ដងៗដោយខ្លួនឯង។ មនុស្សម្នាក់ៗសុទ្ធតែមានសក្ដានុពលពិសេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកដឹកនាំដ៏ល្អនឹងចេះសម្គាល់ឃើញនូវសក្ដានុពលពិសេសទាំងនេះនៅក្នុងកូនចៅរបស់គេម្នាក់ៗ និងចេះជំរុញឲ្យពួកគេម្នាក់ៗបញ្ចេញនូវសមត្ថភាពពិសេសរបស់ខ្លួនចេញមកប្រើជាប្រយោជន៍។
លោក Sam Zell គឺជាមហាសេដ្ឋីមួយរូបរបស់អាមេរិកនិងជានាយករបស់ក្រុមហ៊ុន Equity Group Investments បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា "Am I Being Too Subtle? Straight Talk From a Business Rebel" គាត់មិនត្រូវការអ្នកប្រាជ្ញដើម្បីមកធ្វើការឲ្យគាត់នោះទេ ព្រោះមានតម្លៃជាច្រើនទៀតដែលសំខាន់ខ្លាំងជាងកម្រិតIQរបស់អ្នកទៅទៀត។ គាត់ត្រូវការមនុស្សដែលពោរពេញដោយជំនក់ចិត្ត ថាមពលពុះកញ្ជ្រោល ឥរិយាបថនិងអត្តចរិតល្អ ជាពិសេសគឺចេះតទល់ជាមួយគាត់នូវអ្វីដែលពួកគេគិតខុសពីគាត់។ គាត់ក៏បានលើកឡើងថា គាត់មិនចង់បានបុគ្គលិកដែលចេះតែយល់ស្របតាមគាត់រហូតនោះទេ ព្រោះការធ្វើបែបនេះនឹងស្លាប់នៅក្នុងបរិយាកាសនៃការធ្វើជំនួញ។
នៅពេលបុគ្គលិកគ្រប់គ្នាសុទ្ធតែបើកចំហនិយាយពីគំនិតរបស់ខ្លួនឯង នោះបរិយាកាសបែបនេះនឹងជំរុញឲ្យមានការផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការចម្រាញ់និងបន្សុទ្ធយកនូវគំនិតនិងរបៀបដោះស្រាយបញ្ហាមួយដ៏ល្អប្រសើរនិងឈ្លាសវៃបំផុត ដែលនេះគឺជាវិធីសាស្ត្រឈ្នះឈ្នះសម្រាប់ទាំងអស់គ្នាផងដែរ៕
ប្រភព៖ worldecomicforum
ប្រែសម្រួល៖ ស្រីពៅ