ហេតុអ្វីៗដែលកើតឡើងហួសពីការរំពឹងទុករបស់អ្នក នឹងប្រែក្លាយជាអ្វីដែលអាចផ្លាស់ប្ដូរជីវិតអ្នកឲ្យល្អប្រសើរ ?​



បើ​អ្វីៗ​អាច​កើតឡើង​ទៅ​តាម​ការ​រំពឹង​ទុក​មុន​របស់​យើង​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ជីវិត នោះ​យើង​ប្រាកដ​ជា​រស់នៅ​ពោរពេញ​ដោយ​ស្ថិរភាព​ក្នុង​ចិត្ត ក៏​ព្រោះ​តែ​យើង​ដឹង​ថា​អ្វីៗ​នឹង​ដើរ​តាម​ផែនការ​ដែល​យើង​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច ហើយ​យើង​ដឹង​ថា​ត្រូវ​ឆ្លើយតប​ជាមួយ​វា​យ៉ាង​ដូចម្ដេច។ ប៉ុន្តែ ជីវិត​ដែល​អ្វីៗ​សុទ្ធតែ​អាច​ទស្សន៍ទាយ​ទុក​ជា​មុន​បាន​ដូច្នេះ ប្រហែល​ជា​ជីវិត​ដ៏​គួរឲ្យ​ធុញទ្រាន់​ហើយ។

តាម​ពិត​ទៅ​មាន​ពេល​ខ្លះ​គឺជា​ភាព​ភ្ញាក់ផ្អើល ភាព​មិន​ប្រាកដប្រជា ហេតុការណ៍​ដែល​ស្រាប់តែ​លេច​ឡើង​ហួស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​នេះ​ទៅវិញ​ទេ ដែល​បាន​កែប្រែ​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ។ មនុស្ស​គ្រប់​គ្នា​នរណា​ក៏​សុទ្ធតែ​ស្វែងរក​ស្ថិរភាព​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ ព្រោះ​មនុស្ស​យើង​តែងតែ​យល់​ថា​ការ​រស់នៅ​ជាមួយ​នឹង​អ្វីៗ​ដែល​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​ដូច្នេះ គឺជា​រឿង​ដ៏​គួរឲ្យ​ភ័យខ្លាច​បំផុត​មួយ។

ប៉ុន្តែ នៅ​ពេល​ខ្លះ​ស្ថិរភាព​នេះ​បាន​ធ្វើឲ្យ​មនុស្ស​យើង​មើល​ងាយ​បញ្ហា​ទាំងឡាយ​ដែល​អាច​កើតឡើង​ហួស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន។ ស្ថិរភាព​បាន​ធ្វើឲ្យ​មនុស្ស​យើង​ឈ្លក់​វង្វេង​ជាមួយ​នឹង​ភាព​ស្រណុក​ស្រួល​ក្នុង​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ពេល​ខ្លះ​ផ្លូវ​ដើរ​ដែល​ពួកគេ​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក គឺជា​ទិសដៅ​ខុស​ក៏​ដោយ។ ដូច​លោក ប៊ីលហ្គេត ធ្លាប់​និយាយ​ថា៖ "ភាព​ជោគជ័យ​គឺជា​គ្រូ​ដ៏​អាក្រក់​បំផុត​មួយ ព្រោះ​វា​បាន​ធ្វើឲ្យ​មនុស្ស​ឆ្លាត​ឈ្លក់​វង្វេង​ថា​ពួកគេ​នឹង​គ្មាន​ថ្ងៃ​អាច​បរាជ័យ​បាន​នោះ​ឡើយ"។ នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​អ្វីមួយ​ដែល​ចង្អុល​បង្ហាញ​ពី​ភាព​ល្ងង់ខ្លៅ​របស់​យើង នោះ​ទើប​យើង​ចាប់ផ្ដើម​សង្កេត​ឃើញ​ពី​ជម្រៅ​នៃ​ភាព​ឆោត​ល្ងង់​របស់​យើង ហើយ​ចាប់ផ្ដើម​ខិតខំ​រៀន​សូត្រ​នាំ​ខ្លួនឯង​ចាកចេញ​ពី​ទី​ងងឹត​នៃ​ភាព​ល្ងង់ខ្លៅ​នេះ។

គឺ​នៅ​ត្រង់​អ្វីៗ​ស្រាប់តែ​លេចឡើង​ហួស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ដល់​នេះ​ឯង ទើប​វា​បាន​ផ្ដល់​ឱកាស​និង​បំភ្លឺ​ដល់​អ្នក​ឲ្យ​ត្រួតពិនិត្យ​ឡើង​វិញ​ពី​ដំណើរការណ៍​នៃ​ជីវិត​របស់​អ្នក ហើយ​នៅ​ពេល​នេះ​ឯង​ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​នៃ​ជីវិត​របស់​អ្នក។ តែ​ចុងក្រោយ​ជា​ការ​ផ្លាស់ប្ដូរ​ទៅ​ជា​ល្អ​ឬ​កាន់តែ​អាក្រក់​ជាង​មុន នោះ​គឺ​អាស្រ័យ​ទៅលើ​ការ​យល់​ឃើញ​របស់​អ្នក​ដែល​មើល​ឃើញ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ហួស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​នោះ​ទេ៕

ដោយ៖ ស្រីពៅ

X
5s