អនុវត្តចំណុចសំខាន់ៗទាំង៥នេះ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍រីករាយនៅកន្លែងធ្វើការជាប្រចាំ!
បើអ្នកតែងមានអារម្មណ៍មិនសូវសប្បាយចិត្ត នៅកន្លែងការងារជាប្រចាំ ហើយមិនដឹងថា រកវិធីណាដើម្បីអាចដោះស្រាយបាន សូមអនុវត្តចំណុចសំខាន់ៗខាងក្រោមនេះ៖
១) ញញឹម និង ស្វាគមន៍ដាក់បុគ្គលិកផ្សេងទៀតឲ្យបានច្រើន៖ ធ្វើការនៅក្រុមហ៊ុន គឺមិនមែនមានតែអ្នកតែឯងនោះទេ ដូច្នេះហើយបើអ្នកគ្មានភាពរួសរាយរាក់ទាក់ទេ នោះអ្នកប្រាកដជាត្រូវធ្វើការដោយគ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃនោះឡើយ។ ទំនាក់ទំនងមិនសូវល្អនៅកន្លែងការងារ ពិតជាផ្តល់ផលមិនល្អនោះឡើយ ជាពិសេសនៅពេលអ្នកជួបការលំបាក គឺគ្មាននរណាម្នាក់ចង់ជួយជាដាច់ខាត។ ដូច្នេះគួរតែព្យាយាម ញញឹម និង ស្វាគមន៍មនុស្សជុំវិញខ្លួនឲ្យបានច្រើន ដើម្បីសាងទំនាក់ទំនងល្អ។
២) ចេះជួយអ្នកដទៃ៖ តាមពិតទៅ នៅពេលអ្នកជួយបុគ្គលិកផ្សេងទៀត វាពិតជាធ្វើឲ្យអ្នកមានអារម្មណ៍រីករាយខ្លាំងណាស់ ព្រោះវាជាអំពើល្អមួយដែលត្រូវចែករំលែក ក្នុងនាមជាមនុស្ស និង ក្នុងនាមជាបុគ្គលិកដែលស្ថិតក្រោមតំបូលតែមួយ។ ដូច្នេះហើយ បើមានលទ្ធភាព គឺត្រូវតែជួយដល់មនុស្សណាដែលមានសមត្ថភាពខ្សោយជាងអ្នក។
៣) ចេះអធ្យាស្រ័យឲ្យខ្លួនឯង៖ វាជារឿងល្អមួយប្រសិនបើ អ្នកតាំងចិត្តខ្ពស់ក្នុងការធ្វើកិច្ចការផ្សេងៗឲ្យបានសម្រេចប៉ុន្តែ សូមកុំតឹងតែងដល់ថ្នាក់ មិនលើកលែងទោសឲ្យខ្លួនឯងឲ្យសោះនៅពេលធ្វើខុស។ មនុស្សខ្លះព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក រហូតលែងស្គាល់ភាពរីករាយក្នុងជីវិតអស់។ ត្រូវចាំថា អ្នកត្រូវតែឆ្លៀតពេលដើម្បីរីករាយរាល់ខណៈដែលអ្នកមាន ។
៤) ដាក់កូនរុក្ខជាតិនៅកន្លែងធ្វើការ៖ កូនរុក្ខជាតិតូចៗពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកដែលធ្វើការនៅបន្ទប់ការិយាល័យ ព្រោះវាជួយឲ្យមានអារម្មណ៍ស្រស់ថ្លាជាប្រចាំ ។ ដូច្នេះហើយ អ្នកគួរតែមានវាក្បែរខ្លួន។
៥) បង្កើតគំនិតវិជ្ជមាន៖ ជាធម្មតាទេ ការធ្វើការ គឺជៀសមិនផុតពីបញ្ហានោះទេ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះ ថាតើអ្នកគិតបែបណាចំពោះការងារនោះ? បើគិតក្នុងផ្លូវអវិជ្ជមាននោះ អ្នកនឹងជួបតែភាពរកាំរកូសក្នុងចិត្ត ហើយក៏មិនអាចទទួលបានលទ្ធផលល្អនោះដែរ។ តែបើអ្នកគិតក្នុងផ្លូវវិជ្ជមានទៅវិញ ទោះការងារលំបាកប៉ុណ្ណាក៏ដោយ អ្នកនឹងអាចធ្វើវាបានសម្រេច និង មានអារម្មណ៍រីករាយចំពោះការងារនោះផងដែរ៕
ដោយ៖ អ៊ុន ភក្តី