កុំបារម្ភអី អនុវត្តចំណុចងាយៗទាំងនេះអ្នកអាចកែប្រែកំហុសក្នុង២០១៧ឲ្យជោគជ័យក្នុងឆ្នាំ២០១៨បាន
មនុស្សដែលជោគជ័យពិតប្រាកដមិនផ្ដោតទៅលើកំហុសនិងអតីតកាលច្រើនពេកនោះទេ ពោលគឺមនុស្សជោគជ័យផ្ដោតទៅលើបច្ចុប្បន្នភាពនិងកសាងអនាគតភាពដែលពួកគេចង់បាន។ យ៉ាងណាក្តី នរណាក៏ជួបប្រទះភាពបរាជ័យដែរសូម្បីតែមនុស្សជោគជ័យ ពួកគាត់ជួបប្រទះការបរាជ័យរាប់មិនអស់ ប៉ុន្តែអ្វីដែលសំខាន់គឺថាតើមនុស្សម្នាក់ៗដោះស្រាយឬឆ្លើយតបយ៉ាងណាចំពោះការបរាជ័យ។ ប្រសិនអ្នកជួបប្រទះបរាជ័យក្នុងឆ្នាំ២០១៧ ខាងក្រោមនេះជាដំណោះស្រាយក្នុងឆ្នាំ២០១៨៖
១) កត់ត្រានូវក្តីសុបិនទុក៖ ប្រសិនអ្នកមិនទាន់សម្រេចក្តីសុបិនរបស់អ្នក នោះមិនមែនន័យថាអ្នកគួរបោះបង់ឬកែប្រែក្តីសុបិនរបស់អ្នកទៅជាអ្វីផ្សេងនោះទេ។ វាប្រហែលមកពីគោលដៅរបស់អ្នកមិនទាន់ច្បាស់លាស់ឬអ្នកអនុវត្តជំហានខុស។ល។ ដូច្នេះហើយ ជាដំបូង អ្នកត្រូវសួរខ្លួនឯងជាមុនសិនតើអ្នកចង់សម្រេចអ្វីឲ្យប្រាកដហើយក្នុងកម្រិតណា។ អ្នកត្រូវមានគោលដៅមួយឲ្យច្បាស់ ហើយចាំបំបែកចំណុចតូចៗដែលជួយអ្នកសម្រេចក្តីសុបិនមួយនេះ។
២) ចាប់ផ្តើមសកម្មភាព៖ ពិតប្រាកដណាស់ថាភាពជោគជ័យមិនអាចធានាបានឡើយ អ្នកខ្លះខំប្រឹងដែរតែនៅតែមិនជោគជ័យ។ មិនថាអ្នកចង់ជោគជ័យយ៉ាងណានោះទេ បើអ្នកមិនចាប់ផ្តើម អ្នកក៏មិនអាចជោគជ័យបានដែរ។ អ៊ីចឹងហើយ អ្នកត្រូវរំលឹកខ្លួនឯងឲ្យខិតខំ តស៊ូ ជម្នះនូវឧបសគ្គទាំងឡាយ។ បើទោះបីជាសកម្មភាពរបស់អ្នកឲ្យផលតិចក្តី អ្នកត្រូវបន្តទៅមុខ យឺតប៉ុន្តែគត់ដើរដល់គោលដៅ។
៣) កុំខ្លាច៖ ដំណើរទៅរកភាពជោគជ័យគឺមិនមែនជារឿងងាយស្រួលនោះទេ។ ពេលខ្លះ វាទាមទារឲ្យអ្នកជម្នះនូវភាពភ័យខ្លាចដែលអ្នកមាននៅក្នុងខ្លួន។ ឧទាហរណ៍ថា ការងាររបស់អ្នកតម្រូវឲ្យអ្នកធ្វើបទបង្ហាញ ប៉ុន្តែ អ្នកតែងតែភ័យរាល់ពេលអ្នកធ្វើបទបង្ហាញ។ កុំខ្លាចហើយតាំងចិត្តធ្វើវាឲ្យបានល្អព្រោះថាបើអ្នកមិនព្យាយាមជម្នះវាទេ វានៅតែជាឧបសគ្គរបស់អ្នកជានិច្ច។
៤) រំលឹកគោលដៅដល់ខ្លួនជារៀងរាល់ថ្ងៃ៖ ការរំលឹកខ្លួនឯងអំពីគោលដៅដែលអ្នកចង់សម្រេច វាជួយអ្នកឲ្យមានកម្លាំងចិត្ត ដាក់ចិត្តដាក់កាយក្នុងការងារហើយជួយអ្នកឲ្យផ្ដោតអារម្មណ៍បានល្អ។ អ្នកអាចសរសេរឬព្យួរក៏បានឲ្យតែអ្នកងាយស្រួលមើលឃើញ។ ហើយចូរចងចាំថា ឧបសគ្គនិងបញ្ហាគឺជារឿងធម្មតានោះទេ វាគ្រាន់តែជាឧបករណ៍សម្រាប់វាស់ការតាំងចិត្តនិងសមត្ថភាពក្នុងការសម្រកខ្លួនរបស់អ្នកតែប៉ុណ្ណោះ ចូរព្យាយាមឲ្យអស់ពីលទ្ធភាពដែលអ្នកមាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ cnbc.com