គុណភាពនៃភាពជាអ្នកដឹកនាំដែលមិនអាចបំភ្លេចបានចំនួន៥ សម្រាប់សហគ្រិនជោគជ័យគ្រប់រូប
សហគ្រិនគឺជាអ្នកផ្លាស់ប្ដូរពិភពលោក អ្នកប្រថុយនឹងគ្រោះថ្នាក់ និងជាអ្នកងប់ងុលនឹងការងារ។ អ្វីម្យ៉ាងដែលសហគ្រិនជោគជ័យគ្រប់រូបមានគឺជាសមត្ថភាពក្នុងការគ្រប់គ្រង ប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ខ្លួន និងភាពអត់ធន់ទៅលើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
ហេតុនេះ គុណភាពទាំង៥ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនិងជាអ្វីដែលមិនគួរមើលរំលងសម្រាប់ជាធាតុផ្សំក្នុងភាពជោគជ័យរបស់អ្នក៖
១. ទំនួលខុសត្រូវ៖ អ្នកមានសិទ្ធិជ្រើសរើសនូវយុទ្ធសាស្ត្រឈ្នះឈ្នះដែលផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាងនៅពេលមានការចរចាគ្នាលើកិច្ចព្រមព្រៀងណាមួយ។ ដើម្បីអាចធ្វើបែបនេះបាន អ្នកត្រូវផ្ដល់ការគោរពនិងក្ដីស្រឡាញ់ចំពោះពួកគេទាំងនោះ មិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ចិត្តនិងអារម្មណ៍របស់អ្នកត្រូវតែមានគោលការណ៍ មានវិន័យនិងមានទំនួលខុសត្រូវលើខ្លួនឯងជានិច្ច។
២. សុទិដ្ឋិនិយមចំពោះអ្វីៗដែលអាចទៅរួច៖ នៅពេលអ្នកទទួលបានឱកាសដ៏ល្អមួយមកដល់ ប៉ុន្ដែបែរជាយល់ថាខ្លួនគ្មានសមត្ថភាពអាចទ្រាំទ្រជាមួយវាបាន ទោះជាយ៉ាងណាអ្នកគួរទទួលយកឱកាសនោះ រួចចាប់ផ្ដើមធ្វើសកម្មភាពនិងស្វែងរកជំនួយដែលអ្នកត្រូវការដើម្បីសម្រេចវាឲ្យជោគជ័យ។
៣. សុច្ចរិតភាព៖ ពួកយើងសុទ្ធតែមាននូវទស្សនវិស័យនិងការប្ដេជ្ញាចិត្តរបស់ពួកយើងក្នុងការសម្រេចគោលដៅណាមួយក្នុងជីវិត។ បើកាលណា អ្នកបានរំលឹកដាស់ស្មារតីខ្លួនឯងជាញឹកញាប់អំពីគោលដៅនោះ ទោះបីក្នុងស្ថានភាពដែលអ្នកត្រូវប្រឈមនឹងឧបសគ្គ ក៏អ្នកនៅតែទទួលបានកម្លាំងចិត្តពីគោលដៅរបស់ខ្លួន រហូតឈានដល់អាចយកឈ្នះទៅលើការលំបាកទាំងឡាយបានដោយជោគជ័យ។
៤. មិនពន្យារពេល៖ ពេលវេលាគឺជារបស់ដែលមានតម្លៃបំផុត នៅពេលណាដែលវាត្រូវបានប្រើប្រាស់យ៉ាងខ្ជះខ្ជាយហើយ វានឹងមិនត្រឡប់មករកនរណាវិញឡើយ។ ភាពខុសគ្នារវាងអ្នកដឹកនាំនិងមនុស្សធម្មតា គឺអ្នកដឹកនាំតែងម៉ត់ចត់ មិនពន្យារពេលចំពោះកាតព្វកិច្ចដែលខ្លួនត្រូវទទួលខុសត្រូវនោះឡើយ។ ហេតុនេះពួកគេតែងឲ្យតម្លៃនិងចំណាយពេលវេលារបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីសម្រេចការងារសំខាន់ៗក្នុងជីវិតពួកគេឲ្យទទួលបានលទ្ធផលតាមការរំពឹងទុក។
៥. ការប្រថុយប្រថាន៖ ដើម្បីអាចក្លាយជាសហគ្រិនដ៏ជោគជ័យមួយរូបបាន អ្នកត្រូវមានភាពក្លាហានហ៊ានប្រថុយ។ អ្នកត្រូវប្រថុយនឹងពេលវេលា សុវត្ថិភាព ស្ថិរភាពសុខស្រួល ប្រាក់ កេរ្តិ៍ឈ្មោះ និងអ្វីផ្សេងៗទៀតជាច្រើន។ អ្នកគួរសួរខ្លួនឯងថា តើមានការភ័យខ្លាចអ្វីដែលធំជាងក្ដីសុបិន្ដរបស់អ្នកទៀតនោះ ? ចូរយកភាពភ័យខ្លាចទាំងនោះធ្វើជាត្រីវិស័យនាំផ្លូវរបស់អ្នកឲ្យជម្នះនូវរាល់ឧបសគ្គដើម្បីទទួលបានភាពរុងរឿងក្នុងជីវិតអ្នកវិញ៕
ប្រភព៖ entrepreneur ប្រែសម្រួល៖ ស្រីីពៅ