តើអតីតCEOរបស់Microsoft លោក Steve Ballmer មានដំបូន្មានការងារអ្វីទុកសម្រាប់ជនជំនាន់ក្រោយ ?
នៅពេលនិយាយទៅដល់ក្រុមហ៊ុន Microsoft អ្នកប្រាកដជាតែងតែនឹកឃើញដល់លោក ប៊ីល ហ្គេត ដែលជាស្ថាបនិកដែលពោរពេញដោយទេពកោសល្យនិងភាពច្នៃប្រឌិតមួយរូបរបស់ Microsoft។ ប៉ុន្តែ នៅក្នុងនោះក៏មានអ្នករួមចំណែកដ៏មានទេពកោសល្យជាច្រើននាក់ទៀត ដែលក្នុងនោះគឺលោក Steve Ballmer ដែលត្រូវបានលោក ប៊ីល ហ្គេត ប្រគល់តំណែងជាប្រធាននាយកប្រតិបត្តិរបស់ Microsoft ចាប់ពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះផងដែរ។ បច្ចុប្បន្ននេះគាត់គឺជាម្ចាស់របស់សមាគមបាល់ទាត់ជាតិ (NBA) និងថែមទាំងត្រូវបានគេចាត់ទុកជាបុគ្គលទី២១ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកទៀតផង។ អ្វីដែលសំខាន់នោះគឺគាត់ក៏បានឲ្យដំបូន្មានការងារដ៏មានតម្លៃសម្រាប់ជនជំនាន់ក្រោយគាត់ផងដែរ។
នៅក្នុងបទសម្ភាសន៍មួយរវាងលោកជាមួយនឹងBusiness Insider គាត់បានលើកឡើងពីសន្ទនាដែលកូនប្រុសរបស់គាត់ធ្លាប់និយាយទៅកាន់គាត់ដូច្នេះថា៖ "ប៉ា នៅលើលោកនេះមានមនុស្ស២ប្រភេទ ដែលប្រភេទទី១គឺជាមនុស្សដែលរស់ដើម្បីធ្វើការ រីឯមនុស្សប្រភេទទី២គឺជាមនុស្សដែលធ្វើការដើម្បីរស់"។ ហើយគាត់ក៏បាននិយាយថា គាត់ឲ្យតម្លៃទៅលើប្រភេទទាំង២នេះដូចគ្នា។ យ៉ាងណាមិញបើសិនជាអ្នកព្យាយាមរកការងារធ្វើ នោះអ្នកគួរតែមានលក្ខណៈដូចមនុស្សប្រភេទទី១ហើយ ដែលពួកគេគឺរស់ដើម្បីធ្វើការជាជាងធ្វើការដើម្បីរស់ ដែលអត្ថន័យនេះចង់បញ្ជាក់ថា អ្នកត្រូវតែស្វែងរកការងារណាដែលអ្នកស្រឡាញ់ពេញចិត្តនឹងធ្វើវា។
លើសពីនេះទៅទៀត គាត់ក៏បានផ្ដោតសំខាន់បន្ថែមលើសពីអ្វីដែលគាត់បាននិយាយមកពីខាងដើមមកដែរថា អ្នកត្រូវតែមានលក្ខណៈទាំង៣នេះផងដែរ បើសិនជាអ្នកចង់ជោគជ័យនៅក្នុងជីវិតការងាររបស់អ្នក ដែលទី១គឺជាការខិតខំប្រឹងប្រែង ទី២គឺជាភាពឈ្លាសវៃរបស់អ្នកក្នុងការរកឃើញនូវគំនិតថ្មីប្លែក និងចំណុចសំខាន់ទី៣គឺអ្នកត្រូវចេះស្វែងរកសំណាងឲ្យខ្លួនឯងនេះឯង៕
ដោយ៖ ស្រីពៅ