ការសិក្សាស្រាវជ្រាវ៖ ក្មេងតូចៗអាចរៀនភាសាទីពីរដោយប្រើពេលតែមួយម៉ោងក្នុងមួយថ្ងៃបានយ៉ាងមានប្រសិទ្ធភាព
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្មេងដែលចេះពីរភាសាទទួលបានអត្ថប្រយោជន៍ច្រើនដូចជា ជួយបង្កើនភាពឆ្លាតវៃ និងជាពិសេសបង្កើនជំនាញដោះស្រាយបញ្ហាផ្សេងៗជាដើម។ ប៉ុន្តែ នេះជាបញ្ហាខណៈដែលមានឳពុកម្ដាយជាច្រើន ចង់ឲ្យកូនចេះពីរភាសា តែពួកគេមិនចេះនិយាយភាសាបរទេស និងមិនមានលទ្ធភាពជួលអ្នកមើលថែក្មេងដែលជាជនជាតិដើមមកបង្រៀននៅផ្ទះ។
តាមរយៈការសិក្សាស្រាវជ្រាវមួយរបស់អ្នកសិក្សាស្រាវជ្រាវក្នុងវិទ្យាស្ថានសិក្សា និងវិទ្យាសាស្រ្តខួរក្បាល (The Institute for Learning & Brain Sciences (I-LABS) ) ដែលបានចុះផ្សាយក្នុងទិន្នានុប្បវត្តិ Mind, Brain, and Education ដែលបានធ្វើការសិក្សាពីវិធីសាស្រ្តដែលក្មេងតូចៗអាចរៀនភាសាទីពីរបានយ៉ាងមានប្រសិទ្ធភាព។
អ្នកសិក្សាស្រាវជ្រាវទាំងនោះ បានធ្វើការសិក្សាទៅលើការបង្រៀនភាសាអង់គ្លេសក្នុងមជ្ឍមណ្ឌលអប់រំកុមារតូចៗចំនួន ៤កន្លែងក្នុងទីក្រុង Madrid ប្រទេសអេស្បាញ ដោយមានកុមារសរុប ២៨០នាក់ មកពីគ្រួសារដែលមានកម្រិតចំណូលខុសៗគ្នា។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់វិធីសាស្រ្ត “infant-directed speech” ឬ “parentese” ដែលវិធីសាស្រ្តនេះគឺជាការបង្រៀនដោយការប្រើប្រាស់ការនិយាយផ្ទាល់ទៅកាន់កូនក្មេងតូចៗ ដោយប្រើប្រាស់វេយ្យករណ៍សាមញ្ញៗ ការលើកដាក់សម្លេង និងការប្រើប្រាស់ការបង្អូសសម្លេងស្រះនៃពាក្យ។
ក្មេងតូចៗដែលមានអាយុចន្លោះពី ៧ ទៅ ៣៣.៥ ខែ ត្រូវបានផ្ដល់ពេលមួយម៉ោងក្នុងមួយថ្ងៃក្នុងថ្នាក់ភាសាអង់គ្លេស ដោយប្រើរយៈពេល ១៨សប្ដាហ៍ និងក្រុមមួយទៀតរៀនដោយប្រើប្រាស់កម្មវិធីស្ដង់ដារពីរភាសារបស់សាលាក្នុងទីក្រុងនេះ។ ក្រុមកូនក្មេងទាំងពីរក្រុមនោះត្រូវបានធ្វើតេស្តជាភាសាអេស្បាញ និងភាសាអង់គ្លេស មុនពេលចាប់ផ្ដើមនិងពេលបញ្ចប់បន្ទាប់ពីរយៈពេល ១៨សប្ដាហ៍។
ក្មេងដែលទទួលបានការបង្រៀនតាមវិធីសាស្រ្តនេះ មានសមត្ថភាពស្វែងយល់ និងប្រើប្រាស់ភាសាអង់គ្លេសបានប្រសើរជាងក្មេងមួយក្រុមផ្សេងទៀត។ ដោយបន្ទាប់ពីការធ្វើតេស្តរយៈពេល ១៨សប្ដាហ៍មក គេរកឃើញថាក្មេងម្នាក់អាចនិយាយភាសាអង់គ្លេសជាទូទៅបាន ៧៤ពាក្យ និងឃ្លា ដោយប្រើពេលមួយម៉ោង ចំណែកឯក្មេងមួយក្រុមទៀត អាចនិយាយបានតែ ១៣ពាក្យ និងឃ្លា ជាភាសាអង់គ្លេសប៉ុណ្ណោះ ក្នុងរយៈពេលមួយម៉ោងដូចគ្នា។
លោក Patricia Kuhl សហនិពន្ធ និងសហនាយករបស់ I-LABS និងជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តការស្ដាប់និងនិយាយ បានមានប្រសាសន៍ថា៖ «វិទ្យាសាស្រ្តបានបង្ហាញថា ខួរក្បាលរបស់កុមារគឺជាម៉ាស៊ីនដែលអាចរៀនបានល្អបំផុត ដោយខួរក្បាលរបស់ពួកគេអាចរៀនភាសាទីពីរបានលឿនក្នុងចន្លោះអាយុពី ០ ទៅ ៣ឆ្នាំ»៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.weforum.org