ខណៈ iPhone X កំពុងចេញដុតកម្ដៅទីផ្សារ តែទំហំ RAM ជាក់លាក់មិនត្រូវបាន Apple អះអាងនោះទេ តើ iPhone X ប៉ុន្មាន GB?
បើទោះបីលក្ខណៈសម្បត្តិលំអិតផ្សេងៗនៅលើ iPhone X ក៏ដូចជា iPhone 8 និង iPhone 8 Plus ត្រូវក្រុមហ៊ុន Apple ទម្លាយស្ទើរគ្មានសល់ តែចំពោះទំហំ RAM លើកំពូលស្មាតហ្វូនទាំង៣ ពុំត្រូវបានក្រុមហ៊ុនបញ្ជាក់ឱ្យដឹងខណៈពេលប្រកាសលើឆាកក្នុងមហោស្រព Steve Jobs Theater នោះឡើយ។ iPhone ពិតជាពិសេសខុសគ្នា ត្រូវបាន Apple សម្រិតសម្រាំងល្អប្លែកលក្ខណៈជា Premium iPhone ដោយមានគែមអេក្រង់ស្ដើង និងប្រើបច្ចេកវិទ្យាដោះសោដោយប្រើផ្ទៃមុខ Face ID ខុសពី iPhone 8 និង iPhone 8 Plus ដែលប្រើត្រឹមស្កេនក្រយៅដៃដដែល Touch ID។ ប្រាកដណាស់ថា iPhone ទាំង៣ ម៉ូដែល នឹងមានល្បឿនដំណើរការលឿនជាងមុន ដោយសារវាប្រើឈីបជំនាន់ថ្មី A11 Bionic Hexa-Core ដូចគ្នា។
យ៉ាងណា គេនៅតែមានទំនុកចិត្តទៅលើល្បឿន បើទោះបី ឮដំណឹងថា កំពូលស្មាតហ្វូនថ្មីនេះមាន RAM លោតមិនផុតពី 3GB ដូចជា ស្មាតហ្វូន Android មួយចំនួនដែលមាន RAM ខ្ពស់កប់រហូតដល់ 6GB ឬដល់ 8GB ក៏ដោយ។ ជាក់ស្ដែងយើងដឹងស្រាប់ហើយថា សូម្បីជំនាន់មុន iPhone 7/ 7 Plus មានដំណើរការរលូនលឿនទៅហើយ ចុះទម្រាំ iPhone ជំនាន់ថ្មី iPhone X, iPhone 8 និង iPhone 8 Plus នោះនឹងរឹតតែមិនបាច់និយាយ ខណៈដែល Apple ក៏បានអះអាងថា ឈីបថ្មី A11 Bionic Hexa-Core លឿនជាងមុនដល់ ២៥% ទៅហើយនោះ៕
ចុះប្រិយមិត្តមានយោបល់យ៉ាងណាដែរ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ pocket-lint, bgr, gsmarena



