ពេលអ្នកប្រឹងប្រែងក្លាយជាអ្នកមានហើយ ត្រូវចងចាំចំណុចសំខាន់ៗទាំង៥នេះ ដើម្បីកុំឲ្យធ្លាក់ខ្លួនមកវិញ
មនុស្សភាគច្រើន សុទ្ធតែចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិ និង លុយច្រើនចាយមិនអស់។ ជាមួយគ្នានោះ អ្នកខ្លះបានតែងភ្លេចខ្លួននៅពេលមានបាន ជាហេតុនាំឲ្យពួកគេអាចនឹងធ្លាក់ខ្លួនមកវិញដោយងាយបំផុត។
ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលអ្នកត្រូវចងចាំ ពី Bizkhmer ៖
១) កុំភ្លេចកំណើតរបស់ខ្លួន៖ មនុស្សមួយចំនួន នៅពេលក្លាយជាអ្នកមានហើយ ក៏ភ្លេចពីដើមកំណើតរបស់ខ្លួន ដោយបង្ហាញពីចារិត ដែលគួរឲ្យស្អប់បំផុត។ មនុស្សប្រភេទនេះ គឺមានមិនយូរនោះទេ ពោលគឺមុន និង ក្រោយគង់តែធ្លាក់ចូលក្នុងពិភពដើមវិញ ហើយនៅពេលនោះ ក៏គ្មាននរណារាប់រកទៀតដែរ។ ដូច្នេះហើយ សូមកុំភ្លេចប្រភពដើមឲ្យសោះ ទោះបីជាអ្នកក្លាយជាមនុស្សមានលុយច្រើនប៉ុណ្ណាក៏ដោយ។
២) កុំភ្លេចមនុស្សដែលជួយអ្នក៖ អ្នកមិនអាចសម្រេចការងារធំដុំអ្វីបានតែម្នាក់ឯងឡើយ ពោលគឺ ទាល់តែមានការសហការពីមនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារ និង មិត្តភក្ដិ។ ដូច្នេះហើយនៅពេលដែលជីវិតរបស់អ្នកជោគជ័យនោះ សូមកុំភ្លេចមនុស្សទាំងនោះឲ្យសោះ ព្រោះលទ្ធផលល្អរបស់អ្នកនាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែការចូលរួមជួយជ្រោមជ្រែងពីមនុស្សទាំងនោះដែរ។
៣) ត្រូវជៀសឲ្យផុតពីល្បែង ស្រី ស្រា ទាំងឡាយ៖ ទោះបីជា មានលុយច្រើនប៉ុណ្ណាក៏ដោយ សូមកុំលង់ខ្លួននឹងល្បែងពាលា ភ្លេចគ្រួសារអ្នកឲ្យសោះ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនឹងរលាយ ក្នុងរយៈពេលដ៏សែនខ្លីបំផុត ដែលនឹកស្មានមិនដល់ បើអ្នកសប្បាយភ្លេចខ្លួន។
៤) លុយសំខាន់តែមិនអាចដោះស្រាយបញ្ហាគ្រប់យ៉ាងឡើយ៖ បញ្ហាខ្លះ គឺអាចប្រើប្រាស់លុយដើម្បីដោះស្រាយបាន ប៉ុន្តែបញ្ហាខ្លះទៀតមិនអាចឡើយពោលគឺទាមទារឲ្យអ្នកបន្ទន់ឥរិយាបថ និង ព្យាយាមដោះស្រាយដោយសន្តិវិធីទើបជាការប្រសើរ។ ដូច្នេះបើអ្នកមិនត្រូវព្យាយាមប្រើលុយទៅដោះស្រាយអ្វីៗគ្រប់យ៉ាងនោះទេ ព្រោះវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ វាថែមទាំងធ្វើឲ្យមនុស្សមួយចំនួនបាត់បង់ជំនឿជាក់លើអ្នកទៀត។
៥) មានលុយមិនមែនជាសុភមង្គលគ្រប់យ៉ាងនោះទេ ៖ មនុស្សភាគច្រើនយល់ឃើញថា មានលុយគឺមានសុភមង្គល។ តែការគិតបែបនេះ គឺវាបែរជាបំផ្លាញសុភមង្គលទៅវិញ ព្រោះវានាំឲ្យឈ្លក់វង្វេងនឹងទឹកលុយ ភ្លេចអស់ហើយ អំពីមិត្តភាព ជាពិសេសទំនាក់ទំនងនៅក្នុងគ្រួសារ។ បើអ្នកមានលុយច្រើន ហើយចេះប្រើប្រាស់វាដើម្បីសាងសុភមង្គល គឺពិតជាងាយណាស់ ប៉ុន្តែបើអ្នកមិនចេះប្រើប្រាស់ទេ វានឹងបំផ្លាញសុភមង្គលទៅវិញ។ ដូច្នេះហើយ សូមកុំវាយតម្លៃខុសឲ្យអស់៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ : Anjelica















