មេរៀនជីវិតពីដ៏អស្ចារ្យពីលោកយាយAnne Scheiber ៖ ប្រើលុយត្រឹម៥០០0ដុល្លារ ឲ្យក្លាយជាលុយរាប់លានដុល្លារ
Anne Scheiber ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលបានជោគជ័យក្នុងជីវិតមួយ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជីវិតយ៉ាងលំបាក។ លោកយាយ បានប្រឹងប្រែងធ្វើការសឹងពេញមួយជីវិត ប៉ុន្តែជីវិតការងារលោកយាយហាក់មិនជោគជ័យ ហើយមិនទទួលបានប្រាក់ចំណូលច្រើននោះទេ។
អ្វីដែលជាចំណុចពិសេសនោះ ត្បិតចំណូលតិចតួច ប៉ុន្តែ លោកយាយមានវិធីសាស្ត្រក្នុងការសន្សំ ហើយចេះប្រើលុយបន្តិចបន្តួចដែលសល់ពីការសន្សំនោះ បង្កើតជាកូនជាចៅ រហូតដល់មានលុយរាប់លានដុល្លារអាមេរិក។
លោកយាយ Anne Scheiber រស់នៅក្នុងបន្ទប់ជួលតូចមួយ អស់រយៈពេលជាច្រើនឆ្នាំក្នុងក្រុង Manhatta, New York, USA។ លោកយាយ Scheiber ជួលបន្ទប់ស្នាក់នៅនោះក្នុងតម្លៃ ៤០០ ដុល្លារក្នុងមួយខែ។ លោកយាយ Scheiber ចិញ្ចឹមជីវិតដោយប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ចូលនិវត្តន៍បន្តិចបន្តួចរបស់គាត់ ហើយគាត់រស់នៅដោយជីវិតបែបនេះតាំងពីពេលដែលគាត់ចូលនិវត្តន៍ក្នុងឆ្នាំ ១៩៤៣ ពីការងារជាសវនករនៃការិយាល័យសេវាប្រាក់ចំណូលផ្ទៃក្នុង (IRS) ក្នុងនាយកដ្ឋានរតនាគារនៃសហរដ្ឋអាមេរិក។ លោកយាយ Scheiber ពុំដែលបានបញ្ចេញស្នាដៃការងារអ្វីជាដុំកំភួនឡើយ ហើយនាយកដ្ឋានរតនាគារក៏មិនបានដំឡើងតំណែងអ្វីឱ្យគាត់ដែរ បើទោះបីជាលោកយាយ Scheiber បានបញ្ចប់ការសិក្សាផ្នែកច្បាប់ និងខិតខំធ្វើការយ៉ាង ណាក៏ដោយ។
នៅពេលមានអាយុ ៥១ ឆ្នាំ គាត់មានចំណូលប្រចាំឆ្នាំត្រឹមតែ $៣.១៥០ ប៉ុណ្ណោះ។លោកយាយ Scheiber ជាគំរូនៃអ្នកសន្សំសំចៃម្នាក់។ គាត់មិនចំណាយប្រាក់ដើម្បីទិញរបស់ប្រើប្រាស់ច្រើន ឬគ្រឿងសង្ហារិមថ្មីៗនោះទេ បើទោះបីជារបស់ប្រើប្រាស់ក្នុងផ្ទះចាស់យ៉ាងណាក្ដី។ រឿងមិនគួរឱ្យជឿ៖ ថ្ងៃមួយ លោកយាយ Scheiber ស្ដ្រីជរា និងមានមាឌល្អិតបានប្រគល់ទ្រព្យសម្បត្តិដែលគាត់មានទាំងអស់ចំនួន ២២ លានដុល្លារអាមេរិក ជូនសាកលវិទ្យាល័យ Yeshiva ក្នុងទីក្រុង New York ដើម្បីផ្ដល់ជាអាហារូបករណ៍ដល់និស្សិតស្រីដែលសាកសម មុនពេលលោកយាយទទួលមរណភាពក្នុងវ័យ ១០១ ឆ្នាំនៅខែមករា ឆ្នាំ១៩៩។
តើលោកយាយបានប្រាក់ដ៏ច្រើននោះមកពីណា? កាលពីឆ្នាំ ១៩៤៣ នៅពេលដែលលោកយាយ Scheiber ចូលនិវត្តន៍ គាត់បានចាប់ផ្ដើមយកប្រាក់ចំនួន $៥.០០០ ដែលជាប្រាក់សន្សំរបស់គាត់ទៅវិនិយោគក្នុងផ្សារភាគហ៊ុន។ លោកយាយយល់ថា វិធីដែលអាចធ្វើឱ្យគាត់ក្លាយជាអ្នកមានបាន គឺការទិញភាគហ៊ុនច្រើនផ្សេងៗគ្នាទុក។ ភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួនដែលលោកយាយធ្លាប់បានទិញមានដូចជា Coca-Cola (KO), PepsiCo (PEP), Bristol-Myers (BMY), និង Schering Plough ហើយលោកយាយមិនដែលលក់ភាពហ៊ុនទាំងនោះទេ បើទោះបីជាថ្លៃភាគហ៊ុនឡើង ឬធ្លាក់ថ្លៃយ៉ាងណាក៏ដោយ។
ចំណែកប្រាក់ភាគលាភដែលទទួលបានពីភាគហ៊ុនទាំងនោះ លោកយាយ Scheiber ប្រើប្រាស់មួយចំណែកសម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយក្រៅពីនោះគាត់យកទៅវិនិយោគជាមួយសញ្ញាបណ្ណរដ្ឋថែមទៀតដើម្បីទទួលបានចំណូលថេរជាប្រចាំ។ ថ្លៃភាគហ៊ុន ចេះតែកើនតម្លៃជាបន្តបន្ទាប់ រហូតដល់ថ្ងៃដែលលោកយាយសម្រេចចិត្តលក់ភាគហ៊ុនទាំងនោះដោយទទួលបានប្រាក់ជាងម្ភៃលានដុល្លារអាមេរិក ហើយលោកយាយបានបរិច្ចាគជូនសាកលវិទ្យាល័យ Yeshiva ចំនួន ២២ លានដុល្លារអាមេរិក និងទុកត្រឹម $៥០.០០០ ប៉ុណ្ណោះឱ្យទៅសាច់ញាតិម្នាក់ក្នុងចំណោមសាច់ញាតិទាំង ៩ នាក់របស់គាត់។
គន្លឹះជោគជ័យរបស់លោកយាយ Scheiber គឺ (១) គាត់ចំណាយពេលពេញមួយជីវិតដើម្បីបង្កើនទឹកប្រាក់, (២) គាត់មិនខ្វល់ថាថ្លៃភាគហ៊ុនឡើង ឬធ្លាក់ថ្លៃនោះទេ និង (៣) គាត់យកប្រាក់ភាគលាភទៅវិនិយោគបន្ត។ ខុសពីមនុស្សចាស់ដទៃទៀតដែលតែងខ្វាយខ្វល់ពីបញ្ហាប្រាក់កាស លោកយាយ Scheiber មានអាយុកាន់តែច្រើន គឺកាន់តែមានលុយច្រើនព្រោះលោកយាយបានយល់ច្បាស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្សែសន្សំ៕
អត្ថបទ៖ លោក ណង សេរីវុធ មន្ត្រីនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា
ប្រភព៖ John C. Maxwell, (1998). Ultimate Leadership: Maximize Your Potential and Empower Your Team (pp. 31-32), Georgia: Georgia Corporation, www.gotothings.com/shares/investment-success-story.htm និង www.dividendgrowthinvestor.com/2017/02/the-most-successful-dividend-investors.html