ស្ថាបនិកហាងនំខ្មែរ នាឡិ លោក អ៊ិន ច័ន្ទធារ៉ា៖«នំសាន់វិចមួយតម្លៃ ៣ ពាន់រៀលយើងហ៊ានទិញពិសារមិនតថ្លៃ តែនំខ្មែរតម្លៃត្រឹម ១ពាន់រៀលរអ៊ូថាថ្លៃ!»
ហាងនំខ្មែរ នាឡិ ដែលនាំយកនំពីខេត្តកំពង់ចាមមកលក់ ដោយមានការផលិតតាមស្ដង់ដា និងមានអនាម័យត្រឹមត្រូវ និងធានានូវគុណភាពដល់អតិថិជន បានក្លាយជាហាងលក់នំខ្មែរច្រើនមុខ ដំបូងគេនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ស្ថាបនិកហាងនំខ្មែរ នាឡិ លោក អ៊ិន ច័ន្ទធារ៉ា បានអះអាងថា លោកចង់ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគាំទ្រអ្វីដែលជារបស់ខ្មែរ ហើយលោកក៏សំណូមពរដែរថា បងប្អូនមួយចំនួនទិញនំសាន់វិចមួយតម្លៃ ៣ ពាន់រៀលឬតម្លៃពី ១ ទៅ ២ដុល្លារ (តាមភោជនីយដ្ឋាន) យកមកពិសារដោយមិនតថ្លៃ តែនំខ្មែរតម្លៃត្រឹម ១ពាន់រៀលក៏មានអ្នករអ៊ូ
ថាថ្លៃដែរ។ លោក ច័ន្ទធារ៉ា បានអះអាងប្រាប់ BizKhmer ថា ហាងនំខ្មែរ នាឡិ ត្រូវបានបង្កើតឡើងក្នុងគោលដៅមួយគឺនាំយកអត្តសញ្ញាណរបស់ខ្មែរបង្ហាញដល់ជូនបរទេស ក៏ដូចជាធ្វើឱ្យប្រជាជនខ្មែរចងចាំ និងនឹកឃើញនូវផលិតផលដែលផលិតឡើងដោយជាតិខ្លួន។ ការគាំទ្រ នំខ្មែរ គឺមិនត្រឹមតែគាំទ្រអត្តសញ្ញាណនំរបស់យើងនោះទេ ប៉ុន្តែជាការផ្ដល់នូវប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋមួយចំនួននៅតាមទីជនបទព្រោះថា នំខ្មែរទាំងអស់ដែលលោកយកមកលក់គឺផលិតឡើងដោយប្រជាពលរដ្ឋនៅតាមទីជនបទ ហើយជាជំហ៊ានដំបូងគឺលោកនាំយកមកពីខេត្តកំពង់ចាមសិនដោយសារតែឪពុកម្ដាយរបស់លោករស់នៅទីនោះ។ ពាក់ព័ន្ធនឹងហេតុផលដែលនាំឱ្យលោក ច័ន្ទធារ៉ា សម្រេចចិត្តបង្កើតហាងនំនេះឡើង គឺមានកត្តាមួយចំនួន ដូចជា ១) កត្តាគ្រួសារ៖ គ្រួសាររបស់លោកដែលរស់នៅខេត្តកំពង់ចាម បានផ្គត់ផ្គង់នំខ្មែរទាំងនេះនៅតំបន់គាត់រួចទៅហើយ ពោលគឺគាត់ផលិតរាល់ថ្ងៃតែម្ដង។ ២) លោកមានចម្ងល់នៅពេលដែលលោកចូលញ៉ាំអាហារនៅភោជនីយដ្ឋានផ្សេងៗ ឃើញមានលក់តែនំបរទេស ហើយបងប្អូនប្រជាពលរដ្ឋយើងគាំទ្រខ្លាំង ស្របពេលដែលបរទេសដែលមកលេងស្រុកខ្មែរចង់ញ៉ាំនំខ្មែរ ប៉ុន្តែយើងពុំមានផ្គត់ផ្គង់តាមភោជនីយដ្ឋាន។ លោក ច័ន្ទធារ៉ា មានប្រសាសន៍បន្ថែមទៀតថា ការផលិតត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ ប្រើម៉ាស៊ីនស្វ័យប្រវត្តិមួយចំនួន និងមានអនាម័យត្រឹមត្រូវ ពោលគឺគ្មានធូលីចូលនោះទេ។ ដោយឡែក ការវេចខ្ចប់នំ មួយៗក៏ដូចជាការវេចខ្ចប់នៅពេលអតិថិជនកុម្ម៉ង់ទិញច្រើន លោកគិតគូរទៅលើស្ដង់ដារត្រឹមត្រូវ គឺលោកបានបង្កើតប្រអប់វេចខ្ចប់ត្រឹមត្រូវមិនមែនយកប្រអប់ស្រាបៀរមកដាក់នោះទេ។ នេះជាគោលការណ៍មួយរបស់ហាងលក់នំ នាឡិ ដើម្បីធានាបាននូវស្ដង់ដារគុណភាព និងអនាម័យជូនដល់អតិថិជន។ បច្ចុប្បន្ននេះ ហាងនំខ្មែរ នាឡិ បានផលិតនំខ្មែរចំនួន ១៥ មុខ ដើម្បីដាក់លក់លើទីផ្សារ ហើយហាងគ្រោងផលិតនំឲ្យបាន ៣៤ មុខនាពេលអនាគត។ ហាងនំខ្មែរ នាឡិ នេះមានទីតាំងនៅផ្លូវម៉ៃដា ក្នុងស្ថានីយប្រេងឥន្ធនះ PTT ហើយគ្រោងបើកនៅតាមស្ថានីយប្រេង PTT ចំនួន ២កន្លែងទៀតក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះជាមួយនឹងការរចនាបញ្ជរថ្មីគួរឱ្យទាក់ទាញ។ គោលដៅរបស់ហាងនំខ្មែរ នាឡិ នឹងមានវត្តមានលើទឹកដីខេត្តសៀមរាប នាពេលបីខែខាងមុខ។ បើតាមការអះអាងពី លោក ច័ន្ទធារ៉ា មួយថ្ងៃហាងលក់នំបានប្រហែល ៥០០នំ ហើយលោកមានគម្រោងពង្រីកឱ្យបានច្រើនខេត្តក្រុង និងឈានដល់ការនាំចេញទៅ កាន់ទីផ្សារនៅក្រៅប្រទេសថែមទៀតផងនាពេលអនាគត៕ អត្ថបទ៖ វណ្ណា