ការគិតរបស់អ្នកនៅថ្ងៃនេះនឹងប្រាប់អ្នកពីជោគវាសនារបស់អ្នកនៅអនាគត​



សេចក្ដី​ទុក្ខ​របស់​មនុស្ស​កើត​ចេញ​មក​ពី​អ្វីៗ​មិន​ប្រព្រឹត្ត​ទៅ​តាម​ការ​រំពឹង​ទុក​ចង់​បាន​របស់​ខ្លួន។ ការ​គិត​របស់​អ្នក​ក៏​មិន​ខុស​គ្នា​អ្វី​ពី​មេដែក​នោះ​ដែរ ព្រោះ​គឺ​វា​នេះ​ឯង​ដែល​ឆក់​ទាញ​យក​អ្វីៗ​មក​ចូល​នៅ​ក្នុង​ជីវិត​អ្នក។ អ្វី​ៗ​នៅ​ខាងក្រៅ​គ្មាន​ល្អ​ឬ​អាក្រក់​ដោយ​ធម្មជាតិ​វា​មក​នោះ​ទេ តែ​ភាព​ល្អ​ឬ​អាក្រក់​របស់​វា​គឺជា​ការ​វិនិច្ឆ័យ​និង​ការ​យល់​ឃើញ​របស់​មនុស្ស​ដែល​មាន​ទៅលើ​វា​ប៉ុណ្ណោះ។ ការ​គិត​របស់​មនុស្ស​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ជោគវាសនា​របស់​មនុស្ស​ម្នាក់ៗ​ខុស​ដាច់​ស្រឡះ​ពី​គ្នា។

ហេតុអ្វី​ក៏​ការ​គិត​របស់​អ្នក​ប្រៀប​បាន​នឹង​មេដែក​ដែល​ឆក់​ទាញ​យក​អ្វីៗ​ចូល​មក​ក្នុង​ជីវិត​អ្នក ? បើ​អ្នក​កំពុង​តែ​មាន​អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​រឿង​មួយ​ចំនួន​ដែល​តាម​ធម្មតា​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​ខ្វល់ខ្វាយ​សោះ តែ​បែរ​ជា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មួម៉ៅ​នៅ​ពេល​នេះ​ដែរ​ទៅវិញ។ ចង់​ដឹង​អនាគត​យ៉ាង​ណា មើល​បច្ចុប្បន្ន​ទៅ​នឹង​ដឹង​ហើយ។

មិន​ខុស​គ្នា​នោះ​ទេ​ដែល​គ្រាប់​ពូជ​ដែល​អ្នក​ដាំដុះ​បែប​ណា នោះ​វា​នឹង​លូតលាស់​ក្លាយ​ជា​បែប​នោះ​ដែរ។ ពិត​ណាស់​ថា​រឿងរ៉ាវ​មួយ​ចំនួន​កើតឡើង​ហួស​ពី​ដែន​កំណត់​ដែល​យើង​អាច​គ្រប់គ្រង​បាន ដូច្នេះ​បើ​វា​កើត​ហើយ ទោះ​អ្នក​ខំ​គិត​ខ្វាយខ្វល់​ឬ​រអ៊ូរទាំ​វា​យ៉ាង​ណា​ក៏​ស្ថានការណ៍​មិន​ផ្លាស់ប្ដូរ​ទៅ​ជា​ល្អ​ប្រសើរ​ដែរ។ យ៉ាងណាមិញ អ្នក​សាក​គិត​បន្តិច​ទៅ​មើល​ថា​តើ​អ្វី​ទៅ​ដែល​អ្នក​អាច​ធ្វើ​បាន អ្វី​ទៅ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ដែល​អ្នក​អាច​គ្រប់គ្រង​បាន។ អ្នក​មិន​អាច​ផ្លាស់ប្ដូរ​រឿង​ខាងក្រៅ​ដែល​កើតឡើង​រួច​មក​ហើយ​បាន ប៉ុន្តែ​អ្នក​អាច​ផ្លាស់ប្ដូរ​វិធី​នៃ​ការ​គិត​របស់​អ្នក ពោល​គឺ​វិធី​ដែល​អ្នក​ឆ្លើយតប​ចំពោះ​ស្ថានការណ៍​ខាងក្រៅ​ទាំងនោះ​បាន ពី​ព្រោះ​បើ​ទោះ​ជា​ខ្លួន​ប្រាណ​អ្នក​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​គុក​ក៏​ដោយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​ក្នុង​ការ​គិត​នោះ​ឡើយ។

សេចក្ដី​ទុក្ខ​របស់​មនុស្ស​កើត​ចេញ​មក​ពី​អ្វីៗ​នៅ​ខាងក្រៅ​មិន​កើតឡើង​តាម​ការ​រំពឹង​ទុក​របស់​ខ្លួន នេះ​មានន័យ​ថា​សេចក្ដី​សុខ​របស់​ពួកគេ​ខ្លួនឯង​គឺ​អាស្រ័យ​ទៅលើ​រឿង​ខាងក្រៅ​មក​កំណត់ មិនមែន​អាស្រ័យ​ទៅលើ​ម្ចាស់​ខ្លួន​ជា​អ្នក​កំណត់​នោះ​ទេ។ សម្ដី​មួយ​ឃ្លា​របស់ Marcius Aurelius បាន​លើកឡើង​ថា៖ "សេចក្ដី​សុខ​របស់​អ្នក​គឺ​អាស្រ័យ​ទៅលើ​គុណភាព​នៃ​ការ​គិត​របស់​អ្នក"

បើ​អ្នក​កំពុង​ព្យាយាម​ស្វែងរក​អ្វីមួយ​នៅ​ផ្លូវ​ខុស​ហើយ នោះ​អ្នក​ប្រាកដ​ជា​មិន​អាច​រក​វា​ឃើញ​ហើយ។ សេចក្ដី​សុខ​ពិត​ប្រាកដ​គឺ​សាមញ្ញ​ណាស់ ហើយ​វា​មិន​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​ដូច​ដែល​អ្នក​គិត​នោះ​ទេ ព្រោះ​សេចក្ដី​សុខ​កើត​ចេញ​មក​ពី​ខាងក្នុង កើត​ចេញ​ពី​ចិត្ត​ខាងក្នុង​ដែល​ស្ងប់ ចិត្ត​ដែល​គិត​ត្រឹមត្រូវ​និង​មើល​ឃើញ​អ្វីៗ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន មិន​ថា​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ។ តាម​ពិត​ទៅ​ជ័យជម្នះ​ដែល​ពិបាក​យក​ឈ្នះ​បំផុត ពុំ​មែន​ជា​សង្គ្រាម​ចម្បាំង​ជាមួយ​អ្នក​ខ្លាំង​ឯណា​នោះ​ទេ ប៉ុន្តែ​ជា​សង្គ្រាម​ជាមួយ​នឹង​ការ​គិត​របស់​អ្នក​នេះ​ឯង។

មាន​មនុស្ស​ជាច្រើន​បាន​យក​ឈ្នះ​ទៅលើ​ការ​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ​មាន​តិចតួច​ណាស់​ដែល​អាច​យក​ឈ្នះ​លើ​ខ្លួនឯង​បាន។ Denis Waitley បាន​ពោល​ថា៖ "ជ័យជម្នះ​ដ៏​អស្ចារ្យ​បំផុត​គឺជា​ជ័យជម្នះ​ដែល​បាន​យក​ឈ្នះ​លើ​ខ្លួនឯង"។ មាន​តែ​បុគ្គល​ដែល​អាច​យក​ឈ្នះ​លើ​ខ្លួនឯង​ប៉ុណ្ណោះ ទើប​បុគ្គល​នោះ​មាន​សេរីភាព​ពិត​ប្រាកដ​លើ​ជីវិត​របស់​ខ្លួន។ ចូរ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ជានិច្ច​ជាមួយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​គិត ព្រោះ​ការ​គិត​របស់​អ្នក​នឹង​បង្កើត​ការ​ពិត​របស់​ជីវិត​អ្នក​ឡើង ហើយ​អ្នក​ក៏​ត្រូវ​ចាំ​ថា សត្រូវ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺជា​ការ​គិត​របស់​អ្នក​នេះ​ឯង៕

ដោយ៖ ស្រីពៅ

X
5s