លោក ឧកញ៉ា សុខ ពិសិដ្ឋ៖«ចាប់ផ្ដើមអាជីវកម្មដំបូង គឺដូចជាការមើលថែទារកទើបកើត»!
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាស្ថាបនិកក្រុមហ៊ុន G Gear Co., Ltd បានមានប្រសាសន៍កាលពីពេលថ្មីៗនេះក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយ ផាកកាហ្វេ ថា ៖«ការចាប់ផ្ដើមអាជីវកម្មដំបូង គឺប្រៀបបានទៅនឹងការមើលថៃទារកដែលទើបកើតអីចឹងដែរ»។
លោក ឧកញ៉ា សុខ ពិសិដ្ឋ បានថ្លែងបែបនេះដោយសារតែលោកចង់ឱ្យសហគ្រិនដែលចង់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង គឺត្រូវតែមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុន ពោលគឺត្រូវតែដាក់ចិត្ត ដាក់កាយឱ្យបានដិតដល់ បើមិនដូច្នោះទេមិនទទួលបានជោគជ័យនោះទេ។ លោកបន្តថា ជាទូទៅនៅក្នុងសង្គមមានមនុស្សពីរប្រភេទ គឺអ្នកដែលបម្រើការងារឱ្យគេ និងអ្នកដែលចាប់ផ្ដើមអាជីវកម្មខ្លួនឯង។ បើតាមការបញ្ជាក់របស់លោក ឧកញ៉ា រឿងមួយដែលជាហានិភ័យនោះគឺថា នៅពេលដែលមានប្រាក់ខែខ្ពស់ ហើយចាប់ផ្ដើមអាជីវកម្មខ្លួនឯងប៉ុន្តែស្ដាយប្រាក់ខែនៅធ្វើការងារផង និងធ្វើអាជីវកម្មផង។ នេះជាចំណុចមួយដែលមិនងាយនឹងទទួលបានជោគជ័យ។ លោកបានថ្លែងដូច្នេះថា ៖«រឿងគ្រោះថ្នាក់គឺនៅពេលដែលគាត់កំពុងបម្រើការងារ ហើយបើកអាជីវកម្ម ឧទាហរណ៍ថា គាត់ធ្វើជាប្រធានផ្នែកលក់ ឬផ្នែកទីផ្សារប្រាក់ខែ ១ទៅ ៣ពាន់ដុល្លារអីចឹង។ ដោយផ្អែកទៅលើជំនាញរបស់គាត់ គាត់គិតថា អាចចេញទៅរកស៊ីបាន តែគាត់មិនដាច់ចិត្តឈប់ពីក្រុមហ៊ុននោះទេ ព្រោះគាត់គិតថា គាត់នឹងបាត់បង់ប្រាក់ខែ ហើយអាជីវកម្មរបស់គាត់នឹងពិបាកមិនដឹងជោគជ័យឬអត់ ដូច្នេះគាត់នឹងរំលែកពេលវេលាធ្វើការឱ្យគេផង និងបើកអាជីវកម្មខ្លួនឯងផង»។ បើសិនជាអ្នកចាប់ផ្ដើមអាជីវកម្មដោយធ្វើបែបនេះមែន គឺឱកាសទទួលបានជោគជ័យគឺមានតិចមែនទែន ព្រោះថាការចាប់ផ្ដើមអាជីវកម្មដំបូងគឺប្រៀបបាននឹងការមើលថៃទារកទើបកើតអីចឹង ពោលគឺត្រូវការពេលវេលាស្ទើរតែ ២៤ម៉ោងមើលថែ។ លោកបន្តថា ក្រៅពីការស្រលាញ់ ការចូលចិត្ត ត្រូវតែមានសេចក្ដីប្ដេជ្ញាចិត្ត និងពេលវេលាសម្រាប់អាជីវកម្ម ព្រោះការចាប់ផ្ដើមអាជីវកម្មដំបូង ការងារថៅកែ រាប់ចាប់តាំងពីលែងបន្ទប់ទឹកឡើង៕