ប្រទេស​ ៩ដែល​ស្វាគមន៍​បំផុត​សម្រាប់​អ្នក​ចង់​នាំ​គ្រួសារ​ទៅ​រស់​នៅ​​ និង​ធ្វើ​ការ​នៅ​ទីនោះ!​



​ការផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ ឬ​ការ​ទៅ​រស់នៅក្នុង​ប្រទេស​ណាមួយ​ ជា​រឿង​ដ៏​គួរ​ឲ្យ​ឈឺក្បាល ជាពិសេស ពេលដែល​អ្នក​ត្រូវយក​កូនៗ​របស់​ទៅ​​រស់​នៅ​ជា​មួយ​ផង ហើយ​ការរក​កន្លែង​រស់នៅ​ដ៏​ល្អ​មួយ​ក៏​ជា​រឿង​ដែល​រឹតតែ​ពិបាក​​ទៅ​ទៀត​។​ ​បើ​ការ​ចុះ​ផ្សាយ​​របស់​​ Independent  ដោយ​ផ្អែក​​ទៅ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ធ្វើ​ចំណាក​​ស្រុក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​ឱ្យ​ដឹង​ថា​ ​ 46% នៃ​អ្នក​ដែល​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ទៅកាន់​ប្រទេស​ក្រៅ​ ពួកគេ​មានកូន​ក្នុងបន្ទុក ខ​ណះ​ដែល មានតែ 21% នៃ​អ្នក​ទាំងនោះ​ប៉ុណ្ណោះ​ដែល​យក​កូនៗ​របស់​ពួកគេ​ទៅ​រស់នៅ​ជាមួយ​នៅក្រៅ​ប្រទេស នេះ​បើតាម InterNations ក្រុម​បណ្ដាញ​សម្រាប់​អ្នករស់នៅ​ក្រៅប្រទេស​។ ​ក្រុម​នេះ​បានធ្វើ​ការស្ទង់មតិ​ទៅលើ​​ 3000 គ្រួសារ​ដែល​ធ្វើការ​និង​រស់នៅ​ក្រៅប្រទេស ដោយ​ពួកគេ​បាន​រកឃើញ ប្រទេស​មួយចំនួន​ដែលមាន​ភាពរ​ស់រាយ​រាក់ទាក់​​ និង​ស្វាគមន៍​ជាង​គេ។

ខាងក្រោម​នេះ​ គឺជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​ជាងគេ​ទាំង 9៖

9. ប្រទេស​ទួរគី​ ​គេ​ចាត់ថ្នាក់​ប្រទេស​ទួរគី​ថា​ជា​ប្រទេស​ដែល​ប្រជាជនមាន​ភាពរួស​រាយ​រាក់​​ និង​ស្វាគមន៍​ចំពោះ​ជនបរទេស​ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់​ថា្នក់​ក្រោយ​គេ​ទៅវិញ ដោយសារតែ​ហេតុ​ផលស​ន្ថិ​សុខ និង​សុវត្ថិភាព​ដែល​បណ្ដាលមកពី​អស្ថេរភាព​នយោបាយ​។​

8. ប្រទេស​ម៉ិ​ក​ស៊ិ​ក​ ​ប្រជាជន​ម៉ិ​ក​ស៊ិ​កមាន​ភាព​អា​ក្បិ​រិ​យា​រួសរាយ​រាក់ទាក់​មិន​ថា​ចំពោះ​គ្រួសារ​ចំណូល​ថ្មី ឬ​មនុស្ស​ចំណូល​ថ្មី​នោះទេ​។​

7. ប្រទេស​អូស្ត្រាលី​ ​ប្រទេស​អូស្ត្រាលី​ត្រូវបាន​គេ​ចាត់ថ្នាក់​ថា​ជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​ជាងគេ ហើយ​ប្រទេស​នេះ​ក៏មាន​កន្លែង​​កម្សាន្ត​សប្បាយៗ​សម្រាប់​ក្មេងៗ​លេង​ផងដែរ​។ ប្រទេស​អូស្ត្រាលី​ក៏​ជា​ប្រទេស​ដែល​គេ​ទទួលស្គាល់ថា ​ជា​ប្រទេស​ដែលមាន​​តុល្យភាព​រវាង​ការចំណាយ​ពេលធ្វើការ​ និង​នៅ​​ជាមួយ​ក្រុមគ្រួសារ​។​

6. ប្រទេស​ក្រិច​ ​ប្រទេស​ក្រិច​ត្រូវបាន​គេ​ចាត់ថ្នាក់​ថា ​ជា​ប្រទេស​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​ផងដែរ ប៉ុន្តែ​ប្រទេស​នេះ​នៅមាន​ភាពទន់ខ្សោយ​ផ្នែក​ប្រព័ន្ធ​អប់រំ​។​

5. ប្រទេស​ថៃ​ ​ប្រទេស​នៅ​តំបន់​អាស៊ី​មួយ​នេះ ​បាន​ខិតជិត​ដល់​កំរិត​ខ្ពស់បំផុត​មួយ​ដែលជា​ប្រទេស​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​គ្រួសារ​ចំណូល​ថ្មី​។ 76% នៃ​អ្នក​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ទៅ​ក្រៅប្រទេស និយាយថា​ ពួកគេ​មាន​អារម្មណ៍​ទុកចិត្ត​ទៅលើ​សុខភាព​របស់​កូនៗ​របស់​ពួកគេ​នៅ​ទីនោះ​។

4. ប្រទេស​កូ​ស្តា​រី​កា​ ​ប្រទេស​កូ​ស្តា​រី​កា​ ជា​ប្រទេស​ដែល​គេ​ពេញចិត្ត​ជាងគេ​ក្នុងចំណោម​អ្នក​ដែល​ទៅ​រស់នៅ​ប្រទេស​នេះ ចំពោះ​ថ្លៃ​ចាយវាយ​ប្រចាំថ្ងៃ​ធូរ​ថ្លៃ​។ 74% នៃ​អ្នក​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ទៅ​ក្រៅប្រទេស​និយាយថា ពួកគេ​ពេញចិត្ត​ជាមួយ​នឹង​​សកម្មភាព​​កម្សាន្ត​​សប្បាយៗ​សម្រាប់​កូនៗ​របស់​ពួកគេ និង 91% ចាត់ថ្នាក់​ថា ​ជា​ប្រទេស​រួសរាយ​រាក់ទាក់​​ចំពោះ​ក្មេងៗ​។

3. តៃវ៉ាន់​ ​តៃវ៉ាន់​​ជា​ដែនដី​​ដែល​ល្អ​ទាំង​គុណភាព​ជីវិត និង​ភាពសប្បាយ​រីករាយ​ជាមួយ​នឹង​​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។ 97% នៃ​អ្នក​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ទៅ​ក្រៅប្រទេស ចាត់ទុក​ប្រជាជន​ប្រទេស​នេះ​ថា ​មាន​អាក្បកិរិយា​រួសរាយ​រាក់ទាក់​ចំពោះ​ក្មេងៗ​។​

2. ប្រទេស​អ៊ី​ស្រា្ត​អែល​ ​អ៊ី​ស្រា្ត​អែល​ ជា​ប្រទេស​ដែល​គេ​ពេញនិយម​ជាងគេ ហើយ​គេ​បាន​ចាត់ថ្នាក់​ប្រទេស​នេះ​ខ្ពស់​ដោយសារតែ​ប្រព័ន្ធ​អប់រំ និង​សេវា​សុខភាព​។

1. ប្រទេស​អ៊ូ​ហ្គ​ង់​ដា​ ​គេ​ចាត់ទុកថា​ ប្រទេស​អ៊ូ​ហ្គ​ង់​ដា​ជា​ប្រទេស​ដែល​ប្រជាជន​ក្នុង​តំបន់​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​ក្មេងៗ ហើយ 68% នៃ​អ្នក​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​នេះ​ មានការ​ពេញចិត្ត​ជាខ្លាំង​ទៅលើ​អប្ប​កិរិយា​យ៉ាង​រួសរាយ​រាក់ទាក់​៕

ដោយ​៖ លង់ វណ្ណៈ​

X
5s