ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា លោក​បណ្ឌិត អ៊ិន ចាន់នី​៖ «​ការកសាង​ទំនុកចិត្ត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ភាព​រីកចម្រើន​យូរអង្វែង​»​



នៅក្នុង​កិច្ចការ​ទំនាក់ទំនង ទំនុកចិត្ត​គឺ​កិច្ចការ​ដ៏​ចាំបាច់​បំផុត​ដែល​បុគ្គល​គ្រប់រូប រាប់ទាំង​នីតិបុគ្គល ផងដែរ ចាំបាច់​ត្រូវធ្វើ​ឱ្យបាន​។ ការទុកចិត្ត​គ្នា​គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​នាំមក​នូវ​ការអភិវឌ្ឍន៍​ជា​និរន្ត​។ ពាក់ព័ន្ធ​នឹង បញ្ហា​នេះ​ផងដែរ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងក្នុង​កម្មវិធី​ចែក​រំលែក​នៅ​ផាកកាហ្វេ​កាល​ពី​ដើម​​ចុង​ខែ​សីហា កន្លង​ទៅ​ថា ៖ “​ការកសាង​ទំនុកចិត្ត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ភាព​រីកចម្រើន​យូរអង្វែង​”​។

ចាប់តាំងពី​បង្កើត​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​ដំបូង ដែល​កាលនោះ​ធនាគារ​អេស៊ីលីដា ​គ្រាន់តែ ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ធនាគារ​អេស៊ីលីដា បាន​ក្លាយជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ ​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​សង្កត់ធ្ងន់ថា ការរីកចម្រើន​របស់​ស្ថាប័ន គឺ​ពឹង​ផ្អែកទៅលើ​ការទុកចិត្ត​ក្នុង ចំណោម​ផ្ទៃក្នុង​របស់​ស្ថាប័ន​រាប់​ចាប់តាំងពី​ម្ចាស់​ភាគហ៊ុន ថ្នាក់ដឹកនាំ និង បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​។ បន្ថែម​លើ​នេះ ទៅទៀត ស្ថាន​ប័ន​ក៏​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​ទាំង​ប្រជាពលរដ្ឋ​ទូទៅ ម្ចាស់​សហគ្រាស និង ស្ថាប័ន​សាធារណៈ ជាអាទិ៍​។ ​ ​ដោយសារ​ការទុកចិត្ត​នេះហើយ ទើប​ធនាគារ​អេស៊ីលីដា បាន​ពង្រឹង និង ពង្រីក​ខ្លួន​កាន់​ធំ​ទៅៗ ប្រកប ដោយ​ប្រសិទ្ធិភាព និង តម្លាភាព​។ លើសពីនេះទៅទៀត ដោយសារតែ​ទំនុកចិត្ត ធនាគារ​អេស៊ីលីដា​បាន​ក្លាយជា ស្ថាប័ន​រឹងមាំ​មួយ​ចាប់តាំងពី​ពេលដែល​បាន​បង្កើត រហូតមកដល់​ពេលបច្ចុប្បន្ន និង បន្តទៅ​ពេលអនាគត​ទៀតផង​។ ​ ​ដោយសារតែ​ទស្សនវិស័យ​របស់​ធនា​គារ​អេស៊ីលីដា គឺ​សំដៅយក​ទំនុក​ចិត្តជា​ចម្បង ទើប​ពាក្យស្លោក​របស់ ស្ថាប័ន​មួយ​នេះ​បាន​ដាក់ថា “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​”​។ ជាការ​ពិតណាស់ អត្ថន័យ​នៃ​ពាក្យស្លោក នេះ​គឺ​សំដៅ​ដល់​ការកសាង​នូវ​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​ទាំងឡាយ​រាប់បញ្ចូល​ទាំង​សហគ្រាស​ឯកជន និង ស្ថាប័ន សាធារណៈ​ផងដែរ​៕​ ​

ដោយ​៖ ប៉ុ​ម ទូច​

X
5s