តើអ្វីទៅដែលធ្វើឲ្យមនុស្សបោះបង់គោលដៅរបស់ពួកគេយ៉ាងពិតប្រាកដ ?​



កិច្ចការ​ងាយស្រួល​ប៉ុណ្ណា​ក៏​ដោយ បើ​មនុស្ស​ម្នាក់​មិន​ចង់​ធ្វើ​ហើយ នោះ​វា​គឺជា​រឿង​លំបាក​សម្រាប់​គេ​ហើយ។ ប៉ុន្តែ​បើ​គេ​ចង់​ធ្វើ​វិញ បើ​ទោះ​កិច្ចការ​នោះ​ត្រូវ​ទាមទារ​ឲ្យ​ពុះ​ជ្រែក​ភ្នំ​ឆ្លង​មហាសមុទ្រ​ក៏​ដោយ ក៏​គេ​នៅ​តែ​ចង់​ធ្វើ​វា​ដែរ។ ចំណង់​ដុត​បញ្ឆេះ​ភ្លើង​កម្លាំង​ចិត្ត​ឲ្យ​ពុះ​កញ្ជ្រោល មនុស្ស​ដែល​ពោរពេញ​ដោយ​ចំណង់​ពុះ​កញ្ជ្រោល​ចំពោះ​មហិច្ឆតា​របស់​ខ្លួន អម​ដំណើរ​គ្នា​ជាមួយ​នឹង​ចិត្ត​អំណត់​តស៊ូ​ពុះពារ នោះ​យូរ​និង​ឆាប់​ជោគជ័យ​នឹង​ធ្លាក់​ក្នុង​ដៃ​ពួកគេ​មិនខាន។

មនុស្ស​ដែល​មាន​ជីវិត​រស់នៅ​គ្រប់​គ្នា​ត្រូវតែ​មាន​នូវ​ចំណង់​ដ៏​ពុះ​កញ្ជ្រោល​មួយ​នេះ តើ​គោលដៅ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក ព្រោះ​គឺ​ចំណង់​នេះ​ឯង​ដែល​អាច​ផ្ដល់​ដង្ហើម​ដល់​អ្នក​ដើម្បី​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ថា​មាន​ការ​លំបាក​រាប់​មិន​អស់​ត្រូវ​ឆ្លងកាត់​ក្នុង​ជីវិត​ក៏​ដោយ។ គឺ​ចំណង់​នេះ​ឯង​ដែល​អ្នក​នៅ​តែ​មាន​កម្លាំង​ចិត្ត​រស់នៅ និង​ជា​អត្ថន័យ​ដែល​បង្កប់​នៅ​ក្នុង​តម្លៃ​ជីវិត​របស់​អ្នក។

អ្នក​ត្រូវតែ​រស់នៅ​ដោយ​មាន​ខ្លួនឯង​ជា​គោលជំហរ​ដ៏​រឹងមាំ មានន័យ​ថា​ចិត្ត​របស់​អ្នក​ត្រូវតែ​រឹងមាំ មោះមុត មាន​ភាព​នឹងន នោះ​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​គូរវាស​ជោគវាសនា​ជីវិត​របស់​អ្នក មិនមែន​អ្នកដទៃ​ណា​ម្នាក់​នោះ​ឡើយ។ គោលជំហរ​នេះ​ត្រូវតែ​រឹងមាំ ព្រោះ​វា​ប្រៀប​បាន​ទៅ​នឹង​អត្តសញ្ញាណ​ដែល​សម្គាល់​នូវ​តម្លៃ​របស់​អ្នក​ដូច្នោះ។ មនុស្ស​ដែល​មាន​គោលជំហរ​របស់​ខ្លួន​ច្បាស់លាស់ នោះ​ពួកគេ​មិន​ងាយ​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខាងក្រៅ​ដែល​អូសទាញ​ពួកគេ​ឲ្យ​ដូរ​ទិសដៅ​ទៅ​តាម​អ្វី​ដែល​អ្នកដទៃ​គិត​ថា​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​ឡើយ។

ខុស​នៅ​តែ​ខុស បើ​ទោះ​ជា​គ្រប់​គ្នា​ធ្វើ​វា​ក៏​ដោយ។ ត្រូវ​នៅ​តែ​ត្រូវ បើ​ទោះ​គ្មាន​នរណា​ម្នាក់​ធ្វើ​វា​ក៏​ដោយ។ ផ្លូវ​ដែល​គេ​ដើរ​ច្រើន​ឃើញ​ថា​ជោគជ័យ ក៏​មិន​ប្រាកដ​ថា​ជា​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ។ មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​នោះ​ទេ។ អ្នក​មាន​ចំណុច​លេចធ្លោ​ខុស​ពី​មនុស្ស​ម្នាក់​ទៀត បទពិសោធន៍​អ្នក​និង​មនុស្ស​ម្នាក់​ទៀត​ក៏​មិន​ដូច​គ្នា​ដែរ ស្ថានភាព​ក៏​មិន​អាច​ដូច​គ្នា​ដែរ រីឯ​ការ​គិត អត្តចរិត កម្រិត​នៃ​ចិត្ត​អំណត់​តស៊ូ​របស់​មនុស្ស​ទៅ​ទៀត​ក៏​មិន​អាច​យក​អ្វី​មក​វាស់​បាន​ដែរ។ រឿង​ដែល​ម្នាក់​ធ្វើ​ទៅ​ជោគជ័យ មិន​ប្រាកដ​ថា​យើង​ក៏​ជោគជ័យ​ដូច​គេ​ដែរ​ទេ។ ឯ​រឿង​ដែល​គេ​ធ្វើ​ទៅ​បរាជ័យ ក៏​មិន​ប្រាកដ​ថា​យើង​នឹង​បរាជ័យ​ដូច​គេ​នោះ​ដែរ។ បើ​អ្នក​មិន​ទាន់​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ផង ម្ដេច​នឹង​ដឹង​បាន​ថា​នៅ​ខាងលើ​នោះ​វា​មាន​ទេសភាព​បែប​ណា។

ហេតុនេះ​ទើប​អ្នក​ត្រូវ​មាន​ខ្លួនឯង​ជា​ទីពឹង ជា​គោលជំហរ​រឹងមាំ បើ​អ្នក​មិន​ច្បាស់លាស់ នោះ​អ្នក​នឹង​រេ​បោកបក់​ទៅ​តាម​ទំនោរ​ខ្យល់​រហូត​ហើយ។ អ្នក​ត្រូវ​តែ​ធ្វើ​ជា​ម្ចាស់​នៃ​ជោគវាសនា​ជីវិត​របស់​ខ្លួនឯង អ្នក​ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ​គ្រប់​បែប​យ៉ាង​ទៅលើ​លទ្ធផល​ដែល​កើត​មក​លើ​ជីវិត​អ្នក ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក។ បើ​អ្នក​នៅ​តែ​បន្ទោស​អ្នកដទៃ នោះ​មានន័យ​ថា​អ្នក​មិនមែន​ជា​ម្ចាស់​ជីវិត​របស់​ខ្លួនឯង​ទេ។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ប្រាថ្នា​ចង់​ផ្លាស់ប្ដូរ​ពិភពលោក ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ​គ្មាន​នរណា​ម្នាក់​ផ្អាក​គិត​បន្តិច​ថា​ចង់​ផ្លាស់ប្ដូរ​ខ្លួនឯង​មុន​នោះ​ឡើយ។

ពួកគេ​បាន​ក្លាយ​ជា​ទាសករ​នៃ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួកគេ ព្រោះ​ពួកគេ​បន្ទោស​អ្នក​នេះ​អ្នក​នោះ ស្ថានការណ៍​នេះ​ស្ថានការណ៍​នោះ ចង់​ឲ្យ​ខាងក្រៅ​ផ្លាស់ប្ដូរ​មុន ប៉ុន្តែ​មិន​គិត​ថា​ចង់​ផ្លាស់ប្ដូរ​ខ្លួនឯង​មុន​នោះ​ទេ។ នៅ​ពេល​រឿង​អ្វីមួយ​មិន​ត្រូវ​ចិត្ត​កើតឡើង ពួកគេ​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ប្រតិកម្ម​ឆ្លើយតប​ដោយ​សភាវគតិ​ភ្លាមៗ​ដោយ​ការ​បន្ទោស ដោយ​កំហឹង ដោយ​ការ​រអ៊ូរទាំ ប៉ុន្តែ​ចុងក្រោយ​ការ​ប្រតិកម្ម​ឆ្លើយតប​របស់​ពួកគេ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ឡើយ។ នេះ​ក៏​មក​ពី​ក្នុង​ចិត្ត​របស់​ពួកគេ​ពុំ​មាន​លំនឹង ពុំ​មាន​គោលជំហរ​ជា​របស់​ខ្លួន ពុំ​មាន​ខ្លួនឯង​ជា​ទីពឹង វា​ក៏​មិន​ខុស​ពី​ការណ៍​ដែល​ពួកគេ​មិន​បាន​គ្រប់គ្រង​ជីវិត​របស់​ខ្លួន តែ​ចាំ​តែ​ឆ្លើយតប​នឹង​អ្វី​ដែល​កើតឡើង​មក​លើ​ពួកគេ​ពេញ​មួយ​ឆាក​ជីវិត​ដូច្នោះ។

ជីវិត​របស់​អ្នក​គឺ​ស្ថិត​នៅ​ក្នុង​ការ​គិត​របស់​អ្នក​តែ​ម្យ៉ាង​គត់ បើ​អ្នក​គិត​យ៉ាង​ណា វា​នឹង​ក្លាយ​ជា​បែប​នោះ។ គិត​ថា​អាច នោះ​អ្នក​នឹង​អាច បើ​គិត​ថា​មិន​អាច នោះ​អ្នក​នឹង​មិន​អាច​មែន​ហើយ។ អ្នក​ត្រូវ​ចងចាំ​ថា មនុស្ស​ដែល​មាន​ចំណង់​ចង់​បាន​អ្វី​មួយ​ខ្លាំងក្លា ហើយ​យក​ចិត្ត​អំណត់​តស៊ូ​របស់​ខ្លួន​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត នោះ​គ្មាន​ឧបសគ្គ​ឯណា​អាច​រារាំង​គេ​បាន​នោះ​ឡើយ។ ដូច្នេះ​បើ​ចុងក្រោយ​អ្នក​បោះបង់ នោះ​មនុស្ស​ដែល​អ្នក​គួរតែ​បន្ទោស​នោះ​គឺជា​ខ្លួនឯង​នេះ​ហើយ។ អ្នកត្រូវតែយកឈ្នះលើខ្លួនឯងជាមុន ទើបអ្នកអាចយកឈ្នះលើអ្វីៗដែលមករារាំងអ្នកបន្តមកទៀតបាន៕

ដោយ៖ ស្រីពៅ

X
5s