Steve Siebold អ្នកនិពន្ធអាមេរិក៖ ចំណុចសំខាន់ៗ៧យ៉ាង ធ្វើឲ្យពួកអ្នកមានចេះតែមានទៅៗ សឹងរាប់លុយមិនអស់
លោក Steve Siebold គឺជាអ្នកនិពន្ធដ៏ល្បីមួយរបស់អាមេរិក ដែលបានចំណាយពេលជាច្រើនឆ្នាំ សិក្សាលើឥរិយាបថ និង ផ្នត់គំនិតរបស់អ្នកមាននៅសហរដ្ឋអាមេរិក ហើយតែងចងក្រងជាសៀវភៅ និង គន្លឹះជោគជ័យជាច្រើន។ បើតាមការសិក្សារបស់លោក (ដកស្រងដោយសារព័ត៌មានCNBC) មានចំណុចសំខាន់ៗ៧យ៉ាង ដែលធ្វើឲ្យអ្នកមានចេះតែមានទៅៗ៖
១) ពួកគេប្រាប់ខ្លួនឯងថា មិនខ្វះលុយនោះទេ បើទោះបីជាបច្ចុប្បន្នមិនទាន់មានលុយច្រើន៖ សម្រាប់ពួកអ្នកមាន ឬ មនុស្សមានផ្នត់គំនិតអ្នកមាន មិនគិតថា គ្មានផ្លូវសម្រាប់ពួកគេក្នុងការបង្កើតលុយនោះទេ ហើយតែងសម្លឹងឃើញថា គ្រប់ទីកន្លែងសុទ្ធតែជាលុយ ពោលគឺលុយច្រើនមែនទែន គ្រាន់តែត្រូវស្វែងរកវិធីដ៏ល្អមួយ ក្នុងការទាញលុយទាំងនោះឲ្យក្លាយជារបស់ខ្លួនប៉ុណ្ណោះ។ ការគិតវិជ្ជមានបែបនេះ តែងធ្វើឲ្យពួកគេបាននឹងកំពុងដើរឆ្ពោះទៅរកភាពរីកចម្រើនឥតឈប់ឈរ។
២) ពួកគេគិតថា ការរកលុយ គឺ ជាល្បែងមួយ៖ ពួកអ្នកមានគិតថា ជំនួញ ជីវិត និង ការរកចំណូលគឺប្រៀបដូចជាល្បែងមួយ ដែលពួកគេត្រូវតែឈ្នះ។ ដូច្នេះ ហើយបានជា អ្នកទាំងនោះមិនដែលធ្វេសប្រហែសចំពោះការងារ ឬ អ្វីដែលខ្លួនកំពុងធ្វើព្រោះថា បើមិនព្យាយាម និង គិតឲ្យបានល្អិតល្អន់ទេ គឺមិនងាយនឹងឈ្នះនោះឡើយ។
៣) ពួកគេដាក់ការរំពឹងទុកខ្ពស់មិនគួរឲ្យជឿ៖ ពួកអ្នកមានតែចាប់ផ្ដើមជាមួយគំនិតដែលអ្នកដទៃគិតថា ឆ្កួតឬ ទៅមិនរួច។ ប៉ុន្តែនេះជាគំនិតដែលអាចក្លាយជាការពិត ហើយជោគជ័យធំធេងបំផុតប្រសិនបើ អ្នកទាំងនោះមានជំនឿលើវា ហើយដាក់ការខិតខំប្រឹងប្រែងលើវាឲ្យខ្លាំងក្លាបំផុត។ ទីបំផុត រឿងដែលមិនគួរឲ្យជឿ បែរជាក្លាយទៅជាការពិតដែលប្រកែកមិនបាន។
៤) ពួកគេបានបង្កើតសម្ព័ន្ធភាពជាមួយលុយ៖ ពួកអ្នកមានតែងចាត់ទុកថា លុយគឺជាមិត្តល្អរបស់ពួកគេ ហើយបេសកកម្មសំខាន់ក្នុងជីវិតប្រចាំថ្ងៃគឺត្រូវបង្កើតលុយឲ្យបានកាន់តែច្រើនឡើងៗ។ ការគិតបែបនេះហើយបានជាធ្វើឲ្យពួកអ្នកមានចេះតែមានទៅៗ ព្រោះមួយថ្ងៃៗពួកគេបានចំណាយពេលយ៉ាងច្រើនខិតខំបង្កើតលុយ និង ប្រមូលលុយឲ្យបានច្រើន។
៥) ពួកគេអាចរារាំងភាពភ័យខ្លាចបាន៖ ភាពភ័យខ្លាចជាសត្រូវធំបំផុតរបស់មនុស្ស ប្រសិនបើពួកគេចង់ជោគជ័យក្នុងជីវិត ឬ ក្លាយជាអ្នកមាន។ អ៊ីចឹងហើយបានជា ពួកអ្នកមានតែងរស់នៅជាមួយនឹងភាពក្លាហានហើយតែងជម្នះរាល់ភាពភ័យខ្លាចជានិច្ច។ កាលណាអាចជម្នះភាពភ័យខ្លាចបានហើយ នោះពួកគេអាចចាប់ផ្ដើមធ្វើការងារមួយប្រកបដោយទំនុកចិត្តខ្ពស់ ហើយផលិតភាពការងារក៏ខ្ពស់ហួសការស្មានដែរ។
៦) ពួកគេប្រាប់ខ្លួនឯងថា ការក្លាយជាអ្នកមានគឺជាធម្មជាតិប៉ុណ្ណោះ៖ គំនិតដែលយល់ឃើញថា ការក្លាយជាអ្នកមានគឺជារឿងត្រឹមត្រូវ ដែលពួកគេត្រូវតែធ្វើគឺ ពិតជាសំខាន់។ គំនិតវិជ្ជមានចំពោះការក្លាយជាអ្នកមានបែបនេះហើយ ធ្វើឲ្យសកម្មភាពប្រចាំថ្ងៃរបស់ពួកគេតែងតម្រង់ឆ្ពោះទៅកាន់គោលដៅក្នុងការក្លាយជាអ្នកមាន បើទោះបីជាត្រូវប្រឈមនឹងការលំបាកប៉ុណ្ណាក៏ដោយក្នុងជីវិត។
៧) ពួកគេប្រាប់ខ្លួនឯងថា ខ្លួនពិតជាសមនឹងក្លាយជាអ្នកមានមែន៖ មានមនុស្សខ្លះគិតថា ពួកគេមិនសមក្លាយជាអ្នកមាននោះទេ ព្រោះកើតមកក្នុងត្រកូលអ្នកក្រ ឬ អ៊ីចេះមួយអ៊ីចេះពីរ។ ប៉ុន្តែសម្រាប់មនុស្សដែលមានផ្នត់គំនិតអ្នកមានវិញ តែងយល់ឃើញថា ខ្លួនគេពិតជាសមនឹងក្លាយជាអ្នកមានយ៉ាងពិតប្រាកដ ហើយដើម្បីក្លាយជាអ្នកមាន គឺ ត្រូវតែប្រឹងប្រែងធ្វើការ និង រៀបចំយុទ្ធសាស្ត្រយ៉ាងណាដើម្បីឲ្យក្ដីសុបិនអាចក្លាយជាការពិត៕
ដោយ៖ រតនា វិចិត្រ