លោក Jay Y. Lee ​អនុប្រធាន​​ក្រុមហ៊ុន Samsung ប្ដឹង​ជំទាស់​​ការ​កាត់ទោស​​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ ៥​ឆ្នាំ​



​លោក Jay Y.Lee អនុប្រធាន​​ក្រុមហ៊ុន​អេឡិចត្រូនិក​ Samsung (Samsung Electronics) បាន​ដាក់​ពាក្យបណ្ដឹង​ជំទាស់​ទៅ​នឹង​ការ​កាត់ទោស​រូបលោក​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល ៥​​ឆ្នាំ ពី​បទ​សូកប៉ាន់ និង​ការចោទប្រកាន់​ផ្សេងៗ​តាម​រយៈ​​មេធាវី​របស់​លោក។ ​​នេះ​បើ​យោង​តាម​​ការ​បញ្ចេញ​ឱ្យ​ដឹង​ពី​គេហទំព័រ​តុលាការ​​នៅ​ទីក្រុង​សេអ៊ូល (Seoul Central District Court) កាលពី​ថ្ងៃ​ច័ន្ទ​។​ ​ការកាត់​ទោស​ទៅលើ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​រូបនេះ​ធ្វើ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល និង​រង្គោះរង្គើ​ដល់​ស្ងា​នភា​ព​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​ធ្លាប់តែ​ស្ថិតស្ថេរ​​​ច្រើន​ឆ្នាំ​មក​ហើយ​។ សូម​បញ្ជាក់​ថា​ ​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​ Samsung មួយ​ប្រហែល​ស្មើ​នឹង​ ២០%​នៃ​ចំណូល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ។ ​​ ​មេធាវី​របស់​លោក Jay Y.Lee បាន​ព្យាយាម​ទប់ស្កាត់​ការសាកសួរ​​ពី​សំណាក់​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ខណៈ​​អ្នកនាំពាក្យ​របស់ Samsung មិន​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ជុំ​វិញ​​បណ្ដឹង​មួយ​នេះ​ឡើយ​។​ ​​បច្ចុប្បន្ន​ លោក Lee មាន​អាយុ 49​ឆ្នាំ ជា​អ្នកទទួល​មរតក​ពី​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ខែ​កុម្ភៈ​ ដោយ​ការ​ចោទប្រកាន់ថា​លោក​បាន​សូកប៉ាន់ អតីត​ប្រ​ធានា​ធិបតេយ្យ​លោកស្រី Park Geun-hye ដើម្បី​ជួយ​ឲ្យ​រូបលោក​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ ដែល​កាន់កាប់ ក្រុមហ៊ុន​អេឡិចត្រូនិក Samsung (Samsung Electronics) ដែល​ជា​អ្នក​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​​Chip ​និង​ផលិតផល​អេឡិចត្រូនិក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​នាំ​មុខ​គេ​មួយ​ក្នុង​លោក​។​ ​លោក Lee អាច​នឹង​ត្រូវ​ឃុំខ្លួន​រយៈ​ពេល ៤​ខែ កំឡុង​ពេល​ដែល​តុលាការ​កំពុង​ពិចារណា​លើ​ការ​ប្ដឹង​ជំទាស់​នេះ​។ សាលាឧទ្ធរណ៍​​នឹង​បញ្ចប់​សំណុំរឿង​​នេះ​ នៅ​ខែ​មករា ឆ្នាំ​២០១៨​ នេះ​បើ​តាម​មេធាវី​ការពារ​ក្ដី​របស់​លោក​។​ ​លោក Kwon Oh-hyun នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​នេះ បាន​សុំ​ឲ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជួយ​ក្រុមហ៊ុន​។ នេះ​បើ​តាម​សារ​របស់​លោក​ដែល​បាន​ផ្ញើរ​ទៅកាន់​បុគ្គលិក​កាលពី​ថ្ងៃ​ច័ន្ទ​៖ «​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​អារម្មណ៍​តក់ស្លុត​ដោយសារតែ​ច្បាប់​របស់​តុលាការ ហើយ​យើង​ដែល​ជា​ថ្នាក់ដឹកនាំ​ក៏មាន​អារម្មណ៍​ក្រៀមក្រំ​ដែរ​»​។ «​សូម​អ្នក​ទាំង​អស់​គ្នា​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ពួកយើង​ជា​ថ្នាក់ដឹកនាំ​នឹង​ស្វែងរក​វី​ធី​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាល់តែ​បាន​»​។​ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung (Samsung Electronics) បាន​ធ្លាក់ចុះ​ប្រមាណ 2% បើ​ធៀប​នឹង​​ការធ្លាក់ចុះ 0.35% ​នៅ​ Kospi ខ​ណះ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែល​កាន់កាប់​ក្រុមហ៊ុន Samsung C&T ធ្លាក់ចុះ​ប្រមាណ 3.4% និង​ក្រុមហ៊ុន Samsung Life Insurance ធ្លាក់ចុះ 2.9% បន្ទាប់ពី​ការកាត់ទោស​កាលពី​ថ្ងៃ​សុក្រ នេះ​បើតាម​អ្នកវិភាគ​។​ ​របាយការណ៍​ពី S&P ជា​ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន​អាមេរិក និង Fitch ជា​ភ្ងា​ក់​ងារ​វាយតម្លៃ​ឥណទាន កាលពី​សប្ដាហ៍​កន្លងទៅ មានការ​ព្រួយ​បារ​ម្មណ៍​អំពី​អ្នកវិនិយោគទុន​ក្រៅប្រទេស ដោយសារតែ​ពួកគេ​ដក​ភាគហ៊ុន​នៅ​ថ្ងៃនេះ​ច្រើនជាង​កាលពី​ថ្ងៃ​សុក្រ នេះ​បើតាម​លោក Kim Ye-eun អ្នកវិភាគ​ទីផ្សារ​ភាគហ៊ុន​របស់ Cape Investment & Securities ។​ ​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung (Samsung Electronics) បាន​ថ្លែងថា​លោក Lee នៅតែមាន​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សា​នាយក​ដដែល លុះត្រាតែ​មានការ​សម្រេច​ថា​មានទោស​ពិតមែន។​ ​ក្រុមហ៊ុន Samsung ទំនងជា​ជំទាស់​​នឹង​​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម ដែលថា​ការផ្ដល់​លុយ​ទៅដល់​មនុស្ស​ដែល​លោកស្រី Park Geun-hye ទុកចិត្ត គឺ​លោកស្រី Choi Soon-sil ថា​ដូច​ទៅ​​នឹង​​លោកស្រី Park Geun-hye ទទួល​លុយ​ដោយ​ផ្ទាល់​។​ Samsung ទំនងជា​ចង់​ការពារ​លោក Lee ថា​មិន​មាន​កំហុស ដោយ​ថា​ការទទួល​យក​លុយ​រប​ស់​លោក​ស្រី Choi Soon-sil ថា​មិន​ដូច​ការ​សូកលុយ​ផ្ទាល់​ទៅកាន់​លោកស្រី Park Geun-hye នេះ​បើ​តាម​លោក​មេធាវី Byun Hwan-bong​។​ ​ប្រសិនបើ​ការ​ប្រឆាំង​នោះ​ទទួល​បាន​ជោគជ័យ​មែន​នោះ វា​ជាឱ​កាស​ដែល​ការ​កាត់ទោស​អាច​នឹង​ត្រូវ​បន្ថយ​ឱ្យ​មក​នៅ​ត្រឹម​តែ​ ​៣​ឆ្នាំ​ឬ​តិច​ជាង​នេះ ​និង​អាច​ទទួល​បាន​​សិទ្ធិ​ព្យួរទោស ដែល​អនុញ្ញាត​ឲ្យ​មានការ​ដោះលែង នេះ​បើ​តាម​សម្ដី​របស់​មេធាវី។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ Leeបាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​​ Samsung នៅ​ឆ្នាំ១៩៩១។ ក្រោយមក ​លោក​បាន​ចាប់​ផ្តើម​បម្រើ​ការងារ​ជា​អនុប្រធាន​ផែន​ការយុទ្ធ​សាស្ត្រ ​ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ “ប្រធាន​ផ្នែក​​បម្រើ​សេវាកម្ម​អតិថិជន” (Chief Customer Officer) ដែល​ជា​មុខ​តំណែង​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តែ​រូប​លោក​ប៉ុណ្ណោះ។​ លោក គឺជា​កូនប្រុស​ច្បង​និង​ជា​កូន​ប្រុសតែ​ម្នាក់​គត់​របស់​លោក​ Lee Kun-hee ប្រធាន​ក្រុមហ៊ុន Samsung Group ហើយ​ត្រូវគេ​ចាត់ទុកថា​ជា​អ្នកស្នង​តំណែង​ឪពុក​របស់លោ​ក​នា​ពេល​អនាគត៕​ ដោយ៖ លង់ វណ្ណៈ​​
X
5s