ប្រើច្បាប់ Pareto 80/20 ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក
ច្បាប់ Pareto 80/20 ជាច្បាប់សាមញ្ញមួយតែវាមានវាមានចំណុចពិសេសជាសារវន្តសម្រាប់អ្នកចង់ក្លាយទៅជាសហគ្រិន ក៏ដូចជាសម្រាប់មនុស្សទូទៅអីចឹងដែរ។ ច្បាប់នេះ អាចផ្លាស់ប្ដូរជីវិតរបស់យើងបាន។ រូបមន្ត 80/20 ជាគោលការណ៍មួយដែលគេឱ្យឈ្មោះថា គោលការណ៍ Paretoដែលមានន័យថា ៨០%នៃលទ្ធផល (outcomes) គឺកើតចេញពីការប្រឹងប្រែង (effort) ឬធាតុផ្សំដើម (input) របស់អ្នក ២០%។ វាមិនមែនជារូបមន្តបែបគណិតវិទ្យា ឬស្ថិតិដែលនាំឱ្យពិបាកគិត និងពិបាកយល់នោះទេ។
ច្បាប់ Pareto គឺកើតចេញពីគោលការណ៍ដែលផ្ដល់យោបល់បង្កើតឡើងដោយអ្នកឯកទេសខាងគ្រប់គ្រងលោក Joseph M. Juran។ វាបង្កើតឡើងបន្ទាប់ពីសេដ្ឋវិទូអ៊ីតាលីលោក Vilfredo Pareto បានសង្កេតឃើញថា ប្រាក់ចំណូលសរុប ៨០%របស់អ៊ីតាលី គឺមានតែប្រជាជនប្រមាណ ២០%ប៉ុណ្ណោះដែលទទួលបានផល។ ការប៉ាន់ប្រមាណនេះអាចទាញសន្និដ្ឋានបានថា លទ្ធផលដែលកើតមានជាច្រើនក្នុងលោកក្នុងស្ថានភាពណាក៏ដោយ គឺកំណត់ដោយបុព្វហេតុឬដើមចមនៃចំនួនដ៏តូចប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងច្បាប់លក់វិញ លោក Perry Marshal អ្នកនិពន្ធសៀវភៅ ៨០/២០ ការលក់និងទីផ្សារ (80/20 Sales and Marketing) និងជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Perry S. Marshall & Associates ដែលមានមូលដ្ឋាននៅទីក្រុង Chicago បានចំណាយពេលជាង ១០ឆ្នាំដើម្បីយករូបមន្ត ៨០/២០ យកមកអនុវត្តន៍ក្នុងការលក់។ គាត់បានពន្យល់យ៉ាងលម្អិតនៅក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។ ក្នុងអត្ថន័យខ្លឹមសារខ្លី ងាយយល់គឺថា សហគ្រិនភាគច្រើនបំផុតចង់បានការផ្គាប់ចិត្តអតិថិជនទាំងអស់ពោល គឺមិនចង់ផ្គាប់ផ្គុនអតិថិជនមួយផ្នែកតូចនោះទេ ប៉ុន្តែសម្រាប់រូបលោក Perry Marshal ការធ្វើបែបនេះគឺជាការខ្ជះខ្ជាយពេលវេលាបំផុត ហើយសម្រាប់រូបលោក រូបមន្តនេះគឺត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីស្វែងរកអតិថិជនដ៏ល្អបំផុត (lucrative customers) សម្រាប់ក្រុមហ៊ុន។
ដោយឡែក បើនិយាយពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃវិញ លទ្ធផលការងារ ឬលទ្ធផលនៅក្នុងកិច្ចការគ្រួសារ ឬលទ្ធផលនៃការបំពេញការងារសម្រាប់ខ្លួនឯង ប្រមាណ ៨០%កើតចេញពីសកម្មភាពប្រមាណតែ ២០%របស់អ្នកប៉ុណ្ណោះ។ ដូច្នេះហើយពាក់ព័ន្ធនឹងរូបមន្ត គឺអ្នកប្រើបានទាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក និងក្នុងកិច្ចការអាជីវកម្ម៕