ជំនឿតែមួយគត់ធ្វើឲ្យអ្នកជោគជ័យគឺ....!
លោកស្រី ម៉ារី ឃ្យូរី អ្នកវិទ្យាសាស្ត្រប៉ូឡូញ ធ្លាប់បានមានប្រសាសន៍ថា៖ "គ្មានអ្វីសោះឡើយនៅក្នុងជីវិតនេះដែលយើងត្រូវភ័យខ្លាច វាគ្រាន់តែជាអ្វីដែលអ្នកត្រូវយល់អំពីវាតែប៉ុណ្ណោះ។ ឥឡូវនេះគឺជាពេលមួយដែលអ្នកត្រូវយល់អំពីវា នៅពេលនោះពួកយើងនឹងមិនសូវភ័យខ្លាចទៀតនោះទេ"។
មិនថាអ្នកចង់សម្រេចឲ្យបានអ្វីនៅក្នុងជីវិតក៏ដោយ មិនថាជាគោលដៅជីវិតនោះឆ្កួតលីលាសម្រាប់មនុស្សជុំវិញខ្លួនអ្នកក៏ដោយ មិនថាជាអ្នកត្រូវដើរដួលប៉ុន្មានដងក៏ដោយ របស់តែម្យ៉ាងគត់ដែលអ្នកត្រូវតែមានមុនអ្វីៗទាំងអស់នោះគឺជាភាពជឿជាក់លើខ្លួនឯង។
រាល់ការប្រយុទ្ធទាំងអស់ត្រូវតែយកជ័យជម្នះឲ្យបានពីរដង មុនដំបូងគេបង្អស់គឺត្រូវយកឈ្នះលើខ្លួនឯងឲ្យបានជាមុនសិន។ មិនខ្វល់ថាអ្នកកំពុងតែបណ្ដុះការគិតរបៀបណានោះទេ គ្រាប់ពូជដែលអ្នកបណ្ដុះមកបែបណា វានឹងលូតលាស់ក្លាយជាបែបនោះឯង។ មិនសំខាន់នៅត្រង់ថាតើអ្នកដទៃគេយល់ឃើញបែបណាចំពោះអ្នកនោះទេ អ្វីដែលសំខាន់គឺនៅត្រង់ថាតើអ្នកគិតបែបណាចំពោះខ្លួនឯង។
អំនួតក្អេងក្អាងនិងជំនឿទុកចិត្តលើខ្លួនឯង គឺជារឿងពីរមិនដូចគ្នានោះទេ។ អំនួតក្អេងក្អាងគឺជាការមិនទទួលស្គាល់ចំពោះភាពឆោតល្ងង់របស់ខ្លួន ជឿជាក់លើចំណេះដឹងដែលខ្លួនកំពុងតែមាន ហើយមិនចេះដាក់ខ្លួនរៀនសូត្រនិងពង្រីកដែនកំណត់នៃចំណេះដឹងរបស់ខ្លួន។ ដោយឡែក មនុស្សដែលមានជំនឿជឿជាក់លើខ្លួនឯង ស្គាល់ច្បាស់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង ជាហេតុនាំឲ្យពួកគេដាក់ខ្លួនរៀនសូត្រជានិច្ច ប៉ុន្តែពួកគេនៅតែមានភាពជឿជាក់លើខ្លួនឯងថាពួកគេនៅតែអាចសម្រេចគោលដៅរបស់ខ្លួនបាន បើទោះជាខណៈនេះចំណេះដឹងរបស់ពួកគេនៅមានកម្រិតក្ដី។
មានពេលខ្លះអ្នកមិនចាំបាច់គិតទុកមុនថាតើអ្នកត្រូវរៀបចំផែនការបែបណា ដើម្បីសម្រេចដល់គោលដៅអ្នកនោះទេ ព្រោះឲ្យតែអ្នកមានភាពជឿជាក់លើខ្លួនឯងនិងជក់ចិត្តលើអ្វីដែលខ្លួនកំពុងតែធ្វើ នោះរបស់ទាំងពីរយ៉ាងនេះនឹងដុតបញ្ឆេះភ្លើងនៅក្នុងចិត្តអ្នក នៅពេលនោះគឺកម្លាំងដ៏ខ្លាំងក្លានេះឯងដែលផ្ដល់តម្រុយជាអ្នកណែនាំផ្លូវអ្នកថាផ្លូវណាត្រឹមត្រូវសម្រាប់អ្នកយ៉ាងពិតប្រាកដ។
មនុស្សដែលមានជំនឿចិត្តលើខ្លួនឯងហើយ ភាពនឹងននៅក្នុងខ្លួននឹងចាក់គ្រឹះដ៏រឹងមាំដែលផ្ដល់ជាគោលជំហរ ដែលមិនងាយនឹងបោកបក់រេរាំទៅតាមអ្នកណាម្នាក់នោះឡើយ មិនខ្វល់ថាអ្នកទាំងនោះមានឥទ្ធិពលមកលើពួកគេដើម្បីឲ្យបោះបង់ក៏ដោយ។ អ្នកត្រូវប្រាកដចិត្តចំពោះខ្លួនឯង ជឿជាក់ថាខ្លួនឯងអាចធ្វើបានជាមុនសិន ទើបអ្នកអាចឈានដល់ដំណាក់កាលបន្ទាប់ដើម្បីបញ្ជាក់ភស្តុតាងដល់មនុស្សទាំងឡាយដែលមិនទុកចិត្តលើសមត្ថភាពអ្នកឲ្យពួកគេភ្ញាក់ខ្លួនថាតាមពិតគឺពួកគេនេះឯងជាអ្នកគិតខុសមកលើអ្នក។
មនុស្សដែលពោរពេញដោយកម្លាំងចិត្តដ៏ពុះកញ្ជ្រោល ពួកគេនឹងអាចយកឈ្នះលើរាល់ការលំបាកទាំងអស់ ក៏ដើម្បីតែសម្រេចឲ្យបាននូវអ្វីដែលខ្លួនចង់បាន។ ដូចនេះមនុស្សដែលអ្នកជ្រើសរើសមកនៅក្បែរខ្លួនអ្នកកាន់តែសំខាន់ទៅទៀត។ មនុស្សដ៏ត្រឹមត្រូវសម្រាប់អ្នក នឹងនៅតែផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ច ជាពិសេសពួកគេក៏ជឿជាក់ដែរថាអ្នកអាចធ្វើបាន៕
ដោយ៖ ស្រីពៅ