ទីបំផុត Samsung សម្ពោធ Galaxy Note 8 ផ្លូវការ មានកាមេរ៉ាភ្លោះ អេក្រង់ HDR Premium, RAM 6GB អាចកុម្ម៉ង់ចាប់ពីស្អែកតម្លៃប្រហែល $១១០០
ទីបំផុតព្រឹត្តិការណ៍ Samsung Unpacked ដែលប្រារព្ធធ្វើនៅទីក្រុងឡុងដុង បានមកដល់ ហើយក្រុមហ៊ុន Samsung ក៏បានបង្ហាញវត្តមានកំពូលទូរស័ព្ទត្រកូល Note ជំនាន់ថ្មី គឺ Galaxy Note 8 របស់ខ្លួនផងដែរ។ ផេប្លេត Note 8 នេះបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦,៣អ៊ីញប្រភេទ Super AMOLED ជាអេក្រង់ Infinity Display ដែលមានគែមអេក្រង់ដ៏ស្ដើង និងកោងឃុបនៅផ្នែកចំហៀងឆ្វេងស្ដាំ ជាមួយកម្រិត 18:5.9 aspect ratio។ វាពិតជាស្រដៀងនឹង Galaxy S8+ ខ្លាំង ក៏ប៉ុន្តែចំណុចដែលគួរកត់សម្គាល់ជាងគេ គឺ Note 8 លើសប៊ិច S-Pen។
ចំណុចសំខាន់មួយទៀតនៅលើ Note 8 គឺនៅត្រង់កាមេរ៉ារបស់វាតែម្ដង។ បន្ទាប់ពីមានដៃគូប្រកួតប្រជែងច្រើនទៅលើប្រព័ន្ធកាមេរ៉ាភ្លោះនោះ ក្រុមហ៊ុន Samsung នៅទីបំផុត បាននាំយកបច្ចេកវិទ្យា dual camera បំពាក់លើ Note 8 ហើយ ដែលមានទំហំ 12MP ទាំងពីរ តែប្រភេទ sensor ផ្សេងគ្នា មួយជា standard sensor ខណៈមួយទៀតជា monochrome sensor សម្រាប់បំពេញការថតរូប ស/ខ្មៅ (black and white)។ Standard sensor សម្រាប់ថតទម្រង់ “wide angle” shot ខណៈ monochrome sensor សម្រាប់ telephoto shot។ លើសពីនេះ កាមេរ៉ា Note 8 មាននូវ 2x Optical Zoom ដែលកែលំអសម្រាប់ការថតរូបនៅទីខ្សោយពន្លឺ អាចរក្សាគុណភាពនៅច្បាស់ល្អ។ ចំណែកកាមេរ៉ាមុខរបស់វា មានទំហំ 8MP កម្រិត f/1.7។
