​​​បើ​ថ្លៃ​បណ្ណាការ​ថ្លៃ​ម្លឹង​ៗ​ ហើយ​​ប្រាក់​ខែ​តិច​ បង​ប្អូន​ប្រុស​ៗ​គួរ​គិត​នាំ​គ្នា​សន្សំ​​លុយ​តាម​វិធី​​នេះ​វិញ​ម្ដង!​



​​ថ្លៃ​បណ្ណាការ ឬ​ដែល​ហៅ​តាម​ភាសា​សាមញ្ញ​ថា​ ថ្លៃ​ទឹកដោះ​នោះ​​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ ​មាន​តម្លៃ​ថ្លៃ​ទៅ​តាម​បណ្ដា​​​ខេត្ត​​ ឬ​តំបន់​​ ហើយ​បើ​និយាយ​ពី​នៅ​ទីក្រុង​វិញ​ គឺ​មាន​តម្លៃ​ខ្ពស់​មែន​ទែន​​ចាប់​ពី​ខ្ទង់​ពាន់​ដុល្លារ​រហូត​ដល់​ម៉ឺន​ដុល្លារ។ ​ប្រការ​នេះ​​ហើយ​ដែល​ជា​របាំង​មួយ​សម្រាប់​បង​ប្អូន​ប្រុស​ៗ​​ ឬ​គូស្នេហ៍ ​​​ដើម្បី​រៀប​ចំ​កម្មវិធី​អាពាហ៍ពិពាហ៍​​ ​​ដូច្នោះ​​​ត្រូវ​តែ​ចេះ​​សន្សំ​លុយ​ ដែល​ជា​វិធី​តែ​មួយ​គត់​អាច​​សម្រេច​ក្ដី​បំណង​​នៃ​ការ​រៀប​​អាពាហ៍ពិពាហ៍​​របស់​លោក​អ្នក​បាន។ ​​តើ​​យើង​គួរ​គិត​សន្សំ​បែប​ណា​វិញ​ ទើប​​អាច​សម្រេច​ទៅ​បាន? ​​

លោក​ ហ៊ាន​ ម៉េង​ហុង​ នាយក​ប្រតិបត្តិ​សន្សំ​ និង​សេវាកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ AMK ​បាន​​លើ​ឡើង​​ដូច្នេះ​ថា​ ​រឿង​ពិត​មួយ​ដែល​យុវជន​ ក៏​ដូច​ជា​បង​ប្អូន​ភាគ​ច្រើន​គួរ​តែ​ចាប់​ផ្ដើម​​គិត​ និង​ធ្វើ​ គឺ​ការ​សន្សំ​ប្រាក់​ ហើយ​ការ​សន្សំ​អាច​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ​គឺ​មិន​មែន​សន្សំ​ទុក​ដោយ​ខ្លួន​ ប៉ុន្តែ​គួរ​គិត​ពី​ការ​សន្សំ​ជា​មួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​ព្រោះ​ថា​អាច​ទទួល​បាន​ការ​ប្រាក់​ មាន​សុវត្ថិភាព​ និង​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ចំនួន​ថែម​ទៀត​ផង។ ​​លោក​បាន​បន្ត​ថា​ ​ការ​សន្សំ​នេះ​ មិន​មែន​​​សម្រាប់​​​តែ​ការ​រៀប​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​​​ទេ​ ប៉ុន្តែ​​មាន​ប្រយោជន៍​ សម្រាប់​បម្រើ​បម្រាស់​​លើ​មុខ​ចំណាយ​ចាំបាច់​​​ជា​ច្រើន​ទៀត​​សម្រាប់​ពេល​​អនាគត​​​។ ​​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​ការ​​រៀប​អាពាហ៍ពិពាហ៍​វិញ​ អ្នក​ជំនាញ​រូប​នេះ ​បាន​​លើក​ឡើង​ថា​ ​​ដើម្បី​សន្សំ​​សម្រាប់​រៀប​ចំ​កម្មវិធី​អាពាហ៍ពិពាហ៍​ឬ​សម្រាប់​ចំណាយ​ទៅ​លើ​ថ្លៃ​បណ្ណាការ​ទៅ​បាន​ ​​លុះ​ត្រា​​​ភាគី​ទាំង​ពីរ​​​មាន​​​ផែនការ​​​​​​​ច្បាស់​លាស់​​ទុក​ជា​មុន​សិន​។​ លោក​បាន​ឧទាហរណ៍​ដូច្នេះ​ថា​ ៖«​យើង​​ត្រូវ​កំណត់​ថា​ ​​តើ​យើង​គួរ​រៀប​ការ​នៅ​ពេល​ណា​? ​គ្រោង​ចំណាយ​ប៉ុន្មាន​ដែរ? ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? ហើយ​គួរ​ចាប់​ផ្ដើម​សន្សំ​ពី​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ខែ​ឡើង​ទៅ​ដើម្បី​សម្រេច​បាន?»។ លោក​ ​​ ម៉េង​ហុង​ ​បន្ត​ថា​​ ​ត្រូវ​តែ​​ធ្វើ​ផែនការ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ​ទើប​​អាច​សន្សំ​បាន​ដោយ​ជោគជ័យ។ ​​ ​​អ្នក​ជំនាញ​​​ដដែល​រូប​នេះ​ បាន​លើក​ឡើង​​បន្ត​ទៀត​ថា​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​បង្កើត​ផលិតផល​​​​​​សន្សំ​​​សម្រាប់​ប្រើ​ប្រាស់​នា​ពេល​អនាគត​​ ដូច​ជា​ AMK ជា​ដើម​ បាន​បង្កើត​​ផលិតផល​មួយ​ដែរ​មាន​ឈ្មោះ​ថា​ គណនី​សម្រាប់​អនាគត (Future Account)។ ​ សម្រាប់​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ AMK ​​​​​គណនី​​ប្រភេទ​នេះ​​គឺ​​បាន​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ធ្វើ​ការ​មួយ​ចំនួន​ធំ​ ​ហើយ​អ្វី​ដែល​ពិសេស​សម្រាប់​គ្រឹះស្ថាន​របស់​លោក​នោះ​គឺ​​ផលិតផល​នេះ​​មាន​លក្ខណៈ​អំណោយផល​ដល់​អតិថិជន​ ពោល​គឺ​អតិថិជន​ អាច​សន្សំ​ចាប់​ពី​ចំនួន​តិច​បំផុត​គឺ​ ៥​ដុល្លារ​ក្នុង​មួយ​ខែ​ឡើង​ទៅ​ ​ហើយ​​ក្រៅ​ពី​ទទួល​បាន​ការ​ប្រាក់​ អតិថិជន​ថែម​ទាំង​ទទួល​បានការ​បន្ថែម​ជូន​សេវាកម្ម​​ធានារ៉ាប់រង​​​ទៀត​ផង។ ​លោក ​ម៉េង​ហុង មាន​ប្រសាសន៍​ថា​ អ្នក​ដែល​មាន​ប្រាក់​ខែ​​​ ជា​ពិសេស​អ្នក​មាន​ប្រាក់​ខែ​តិច​នេះ​ហើយ​ គួរ​គិត​ពី​ការ​សន្សំ​ប្រចាំ​ខែ​ ព្រោះ​មាន​តែ​ធ្វើ​របៀប​នេះ​​ទេ​ទើប​​យើង​អាច​ សម្រេច​ក្ដី​ប្រាថ្នា​​​នៃ​​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​យើង​​បាន។ លោក​ មាន​ប្រសាសន៍​ដូច្នេះ ៖«សម្រាប់​អ្នក​មាន​ផែនការ​ គួរ​គិត​ពី​ការ​សន្សំ​នៅ​គណនី​អនាគត​​​ ព្រោះ​ថា​ ​បើ​សន្សំ​នៅ​គណនី​​មាន​ការ​កំណត់​​ (Fix Deposit) ជា​ដើម​ គឺ​ត្រូវ​ការ​លុយ​ធំ​ ហើយ​ប្រសិន​​យើង​មាន​លុយ​ធំ​បែប​នេះ​ គឺ​មិន​ចាំ​បាច់​សន្សំ​ប្រចាំ​ខែ​​នោះ​ទេ»។ ​លោក ​ម៉េង​ហុង បាន​ផ្ដល់​អនុសាសន៍​ មួយ​​ទៀត​ថា​ ​ចំពោះ​អ្នក​ចង់​សន្សំ​លុយ កុំ​ចាយ​​លុយ​ហើយ​សល់​ប៉ុន្មាន​ចាំ​​យក​មក​សន្សំ​ ប៉ុន្តែ​ត្រូវ​តែ​បែង​ចែក​យក​មក​សន្សំចំនួន​ប៉ុន្មាន​សិន​ ចាំ​សល់​ប៉ុន្មាន​ចាំ​យក​​ទៅ​​ចាយ។ ការ​សន្សំ​មិន​មែន​សម្រាប់​តែ​បុរស​ៗ​នោះ​ ប៉ុន្តែ​ខាងស្រី​ក៏គួរ​តែ​សន្សំ​ដែរ៕

X
5s