អ្នកនិយាយបំផុសទឹកចិត្ត លោកLes Brown៖ «ត្រូវហ៊ានស្រមៃចាប់ព្រះច័ន្ទ បើទោះជាមិនបានព្រះច័ន្ទក៏បានផ្កាយដែរ»
«ត្រូវហ៊ានស្រមៃចាប់ព្រះច័ន្ទ បើទោះជាមិនបានព្រះច័ន្ទក៏បានផ្កាយដែរ» នេះជាសម្ដីរបស់លោក Les Brown ដែលជាអ្នកនិយាយបំផុតទឹកចិត្តដ៏ល្បីមួយរូប។ ក្នុងន័យនេះ លោកចង់ពន្យល់ថាប្រសិនជាអ្នកប៉ងប្រាថ្នាធ្វើអ្វីមួយ ត្រូវហ៊ានប្រាថ្នាឲ្យខ្ពស់ បើទោះបីជាលទ្ធផលមិនបានដូចបំណង តែអ្នកក៏នៅតែទទួលបានលទ្ធផលល្អគួរសមផងដែរ។
ឧទាហរណ៍ថាអ្នកប្រាថ្នាចង់បានពិន្ទុ១០០ពេលប្រលង ដើម្បីទទួលបានលទ្ធផលពិន្ទុ១០០បាន នោះទាមទារអ្នកឲ្យខិតខំរំលឹកមេរៀន អ៊ីចឹងហើយ បើទោះបីជាអ្នកប្រឡងបានឬមិនបានពិន្ទុ១០០ យ៉ាងហោចណាស់អ្នកក៏ទទួលបានពិន្ទុ៨០ឬ៩០អីដែរ។
ដូច្នេះហើយ អ្នកត្រូវតែហ៊ានប្រាថ្នាឲ្យខ្ពស់ ខំប្រឹងឲ្យខ្លាំងនិងធ្វើឲ្យលើសពីអ្វីដែលខ្លួនឯងគិតថាអាចធ្វើបាន នោះអ្នកនឹងទទួលបានលទ្ធផលល្អជាជាងអ្វីដែលអ្នកមិនរំពឹងទុកសោះ។
ចូរចងចាំថា លទ្ធផលមធ្យមមិនមែនជាលទ្ធផលដែលមនុស្សជោគជ័យចង់បាននោះទេ។ អ្នកជោគជ័យគឺមិនត្រឹមតែប្រាថ្នាត្រឹមផ្កាយនោះទេ ពួកគេប្រាថ្នាដល់ព្រះច័ន្ទឯណោះ៕
ដោយ៖ អុឹង មុយយូ