របៀបបង្វឹកខួរក្បាលរបស់អ្នក ឱ្យបំពេញការងារកាន់តែប្រសើរឡើងៗ
ការបំពេញការងារ គឺត្រូវការលទ្ធផលប្រសើរឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ។ ការរៀនចប់ពីមហាវិទ្យាល័យ មិនទាន់គ្រប់គ្រាន់ដើម្បីបង្វឹកខួរក្បាលឱ្យបំពេញការងារកាន់តែប្រសើរនោះទេ។
ខាងក្រោមនេះជាវិធីងាយៗដែលលោកអ្នកគួរអនុវត្តន៍៖
១) ប្រើការនឹកគិតស្រមៃដើម្បីរៀនពីជំនាញថ្មីៗ៖ ចង់ឱ្យខួរក្បាលរបស់អ្នកកាន់តែប្រសើរគឺត្រូវចេះគិតស្រមៃ (visualize) ឱ្យបានច្រើន ហើយត្រូវប្រើវាដើម្បីរៀនជំនាញថ្មីៗ។ នៅពេលដែលយើងបានត្រឹមតែឃើញ ប៉ុន្តែមិនយកទៅគិត និងស្រមៃឱ្យកាន់តែជ្រៅទេនោះ នោះគំនិតក៏មិនបែកដែរ។ ដូច្នេះចូរប្រើភ្នែករបស់អ្នក បូកជាមួយការគិតស្រមៃដើម្បីរៀនអ្វីឱ្យបានកាន់តែច្រើន។
២) សម្រេចគោលដៅរបស់អ្នកដោយឈប់និយាយតែធ្វើ៖ បើតាមការធ្វើតេស្ដចិត្តសាស្ត្រ បើអ្នកនិយាយពីគោលដៅរបស់អ្នកប្រាប់អ្នកដទៃ នោះអ្នកនឹងធ្វើការងារតិចជាមុនដើម្បីសម្រេចគោលដៅនោះ។ ដូច្នេះ មិនចាំបាច់និយាយនោះទេ គឺចាប់ផ្ដើមធ្វើវាតែម្ដងនេះជាការបង្វឹកខួរក្បាលឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព។
៣) បង្កើនការញញឹមដើម្បីឱ្យអារម្មណ៍កាន់តែប្រសើរ៖ តាមចិត្តសាស្ត្រ ទាំងការញញឹមដោយសុទ្ធចិត្ត (genuine smile) និងញញឹមក្លែងក្លាយសុទ្ធតែមានចំណែកធ្វើឱ្យខួរក្បាលទទួលឥទ្ធិពលទាំងអស់។ នៅពេលអ្នកញញឹមធ្វើឱ្យសាច់ដុំមុខរបស់អ្នករំញោចទៅដល់ខួរក្បាល ដែលបង្កើននូវអារម្មណ៍ និងស្មារតីវិជ្ជមានសម្រាប់ខ្លួនឯង។
៤) កាត់បន្ថយភាពតានតឹង៖ ភាពស្មុគស្មាញនឹងធ្វើឱ្យខួរក្បាលរបស់អ្នកអួអាប់ នឹកអ្វីក៏មិនឃើញ។ ដូច្នេះ ត្រូវរៀនគ្រប់គ្រងអារម្មណ៍ដើម្បីធ្វើយ៉ាងណាកុំឱ្យមានភាពតានតឹងខ្លាំង ពោលគឺត្រូវធ្វើខ្លួនឱ្យសប្បាយខ្លះ ទើបខួរក្បាលស្រឡះ បំពេញការងារបានកាន់តែប្រសើរ៕
ដោយ៖ រតនៈវិភូ