៧ ចំណុច ដែលបុគ្គលធ្វើការប្រកបដោយផលិតភាពខ្ពស់ធ្វើជារៀងរាល់ថ្ងៃ
បុគ្គលដែលបំពេញការងារប្រកបដោយផលិតភាពខ្ពស់ គឺមានទម្លាប់ពិសេសប្រចាំថ្ងៃដែលលោកអ្នកគួររៀនសូត្រតាម។ ខាងក្រោមនេះ ជាចំណុចទាំង ៧ដែលពួកគេតែងតែបំពេញ៖
១) គេងឱ្យបានគ្រប់គ្រាន់៖ បើគេងប្រហែល ៥ម៉ោងក្នុងមួយយប់ ព្រឹកឡើងប្រាកដជាមានអារម្មណ៍មិនល្អ។ យ៉ាងហោចណាស់បុគ្គលដែលមានផលិតភាពការងារខ្ពស់ គឺគេង ៦ម៉ោងយ៉ាងតិចបំផុត។ បើគេងមិនគ្រប់ទេ ច្បាស់ជាបំពេញការងារខ្វះប្រសិទ្ធភាព អាចនឹងមានកំហុស ពោលគឺគិតអ្វីដែលថ្មីមិនសូវចេញ។
២) ចេះបង្កើតទម្លាប់គ្មានការរំខានការងារ៖ មានពេលខ្លះដើម្បីគិតឃើញនូវគំនិត និងដំណោះស្រាយដ៏ប្រសើរៗ គឺត្រូវកាត់ផ្ដាច់ការរំខានផ្សេងៗឱ្យបានពីរម៉ោង។ ការរំខានទាំងនោះមាន ទូរស័ព្ទ អ៊ីនធឺណិត ផ្ញើសារ ជាដើម។ លោកអ្នកអាចបិទមួយភ្លែត ឬមួយម៉ោងទៅពីរម៉ោងដើម្បីផ្ដោតអារម្មណ៍ គិតពីអ្វីដែលថ្មី ឬដំណោះស្រាយផ្សេងៗ ដោយគ្មានការរំខាន។
៣) ចេះសម្រាកខួរក្បាល៖ បើគិតកាន់តែច្រើន ច្បាស់ណាស់ថា កាន់តែអស់កម្លាំង។ លោកអាចសម្រាកមួយភ្លែតៗ ឬក្រោកដើរពីកន្លែងធ្វើការ មើលទូរទស្សន៍ ឬនិយាយលែងបន្តិចបន្តួចដើម្បីធ្វើឱ្យខួរក្បាលបានសម្រាក និងអាចធ្វើឱ្យវាអាចបំពេញការងារបានប្រសើរឥតថមថយ។
៤) ចេះកត់ត្រាបញ្ជីការងារ៖ ការកត់ត្រាបញ្ជីការងារ នឹងធ្វើឱ្យអ្នកចងចាំ និងដឹងពីភារកិច្ចចាំបាច់ដែលត្រូវបំពេញការងារឱ្យខានតែបាន។ អ្នកត្រូវកត់ត្រា និងពិនិត្យជាប្រចាំថាតើមានអ្វីដែលមិនទាន់បានបំពេញតាមផែនការ ជាពិសេសការងារជាអាទិភាព។
៥) បើកមើលអ៊ីម៉ែលទាំងអស់៖ នៅជិតចប់ម៉ោងធ្វើការ លោកអ្នកគួរដាក់កំហិតឱ្យខ្លួនឯងបើកមើល inbox នៃអ៊ីម៉ែលរបស់អ្នកទាំងអស់ជាពិសេសអ៊ីម៉ែលដែលត្រូវការអ្នកឆ្លើយជាបន្ទាន់។ លោកអ្នកមិនចាំបាច់ត្រូវឆ្លើយទាំងអស់នោះទេ ប៉ុន្តែមិនរំលងជាដាច់ខាតចំពោះអ៊ីម៉ែលដែលពាក់ព័ន្ធនឹងការងារសំខាន់។
៦) ព្យាយាមដោះស្រាយបញ្ហាកុំឱ្យវារីកធំទាន់៖ មានបញ្ហាតូចធំយ៉ាងហោចណាស់ គឺត្រូវដោះស្រាយជាបន្ទាប់កុំឱ្យរីករាលដាលកាន់តែធំៗឡើង ដែលធ្វើឱ្យខាតប្រយោជន៍ក្រុមហ៊ុន។
៧) មានផែនការសម្រាប់ថ្ងៃបន្ទាប់៖ បុគ្គលដែលបំពេញការងារប្រកបដោយគុណភាព គឺមានផែនការច្បាស់លាស់សម្រាប់ថ្ងៃស្អែក។ ដូច្នេះអ្នកត្រូវត្រៀមផែនការសម្រាប់ខ្លួនឯងនៅថ្ងៃបន្ទាប់ ហើយទម្លាប់បែបនេះគឺជាការបំពេញការងារប្រកបដោយគុណភាព និងផលិតភាព៕
ដោយ៖ រតនៈវិភូ ប្រភព៖ entrepreneur.com