លោក​សោម​ សម្បត្តិ​៖ ​យុវជន​ដែល​នៅ​លីវ​គួរ​សន្សំ​ចំណុច​៣​យ៉ាង​នេះ​ដើម្បី​​ភាព​ជោគជ័យ​​​ទៅថ្ងៃក្រោយ​



​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-paint លោក​សោម​ សម្បត្តិ​ បាន​​លើក​ឡើង​ថា​យុវជន​ដែល​នៅ​លីវ​គួរ​សន្សំ​ចំណុច​ទាំង​៣​ យ៉ាង ​ដើម្បី​​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​ក្រោយ ទី​១​គឺ​កម្លាំង​កាយ ទី​២​គឺ​កម្លាំង​ចិត្ត​និង​ទី​៣​គឺ​កម្លាំង​ប្រាជ្ញា។

«​បើ​អ្នក​ក្រ​ពេល​នៅ​ក្មេង​​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ​ តែ​បើ​អ្នក​ក្រ​ពេល​អ្នក​ចាស់​នោះ​ទើប​លំបាក​។ ដូច្នេះ​ហើយ ដើម្បី​ការពារ​នូវ​ភាព​ក្រីក្រ​​និង​ភាព​លំបាក យុវជន​ដែល​​នៅ​លីវ​គួរ​សន្សំ​ចំណុច​ទាំង​៣​នេះ»។ លោក​​សោម សម្បត្តិ​បាន​​លើក​​ឡើង​។

ទី​១​គឺ​កម្លាំង​កាយ។ បើ​ទោះ​បី​ជា​អ្នក​គ្មាន​ចំណេះ​វិជ្ជា​ក៏​ដោយ​ តែ​ប្រសិន​ជា​អ្នក​មាន​កម្លាំង​កាយ​ អ្នក​អាច​ប្រើ​ប្រាស់​កម្លាំង​របស់​អ្នក​ទៅ​ធ្វើ​ការ​រក​ប្រាក់​កម្រៃ​ទ្រទ្រង់​គ្រួសារ​និង​ជីវភាព​​បាន។ អ៊ី​ចឹង​ហើយ យុវជន​គួរ​មើល​ថែ​សុខភាព​ឲ្យ​បាន​ល្អ​និង​ឲ្យ​បាន​រឹង​មាំ។

បន្ថែម​ពី​លើ​នេះ យុវជន​គួរ​សន្សំ​កម្លាំង​ចិត្ត​។ ជា​ការ​ពិត​ណាស់ ក្នុង​ឆាក​ជីវិត ផ្លូវ​ដំណើរ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ពោល​គឺ​មាន​ឧបសគ្គ​និង​បញ្ហា​រាប់​មិន​អស់​ដែល​អ្នក​ត្រូវ​ជម្នះ។ ដូច្នេះ​ហើយ​ អ្នក​ត្រូវ​តែ​​សន្សំ​កម្លាំង​ចិត្ត​​ឲ្យ​ខ្លាំង​​ព្រោះ​កម្លាំង​ចិត្ត​នេះ​ហើយ​ដែល​ជួយ​អ្នក​ឲ្យ​បន្ត​ទៅ​មុខ​​បើ​អ្នក​ជួប​បញ្ហា​និង​ចង់​បោះ​បង់​ម្តង​ៗ​។

ចំណុច​សំខាន់​ទី​៣​​គឺ​កម្លាំង​ប្រាជ្ញា។ ការ​មាន​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​នឹង​ជួយ​ឲ្យ​អ្នក​​រស់​បាន​នៅ​ក្នុង​សង្គម។ តែ​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​មាន​កម្លាំង​ប្រាជ្ញា​មួយ​ទៀត​ព្រោះ​​​អ្នក​ត្រូវ​តែ​គិត​លើស​​និង​គិត​​ប្លែក​ខុស​ពី​មនុស្ស​ធម្មតា។ ម៉្យាង​វិញ​ទៀត កម្លាំង​ប្រាជ្ញា​ក៏​ជួយ​អ្នក​ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​ឡាយ​ប្រកប​ដោយ​ភាព​វ៉ៃ​ឆ្លាត​​និង​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត។

សូម​បញ្ជាក់​ថា​សហគ្រិន​ជោគជ័យ​រូប​នេះ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធាន​បទ​«អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល » ដែល​ប្រព្រឹត្តិ​នៅ​CJCCកាល​ពី​ថ្ងៃ​១៣​ សីហា ២០១៧៕

ដោយ​៖ អុឹង មុយយូ  

X
5s