ហេតុ​អ្វី​​​​​ក្នុង​ការ​រាប់អាន​មិត្ត​ ​អ្នក​គួរ​ផ្ដោត​លើ​គុណភាព​ ជាជាង​បរិមាណ​​?​



មនុស្ស​ទាំងអស់​សុទ្ធតែ​អាច​មាន​ឥទ្ធិពល​មក​លើ​ជីវិត​អ្នក។ នៅ​ពេល​អ្នក​ចង់​ឲ្យ​ជីវិត​របស់​អ្នក​វិជ្ជមាន​និង​ល្អ​ប្រសើរ អ្នក​មិន​អាច​ទៅ​ផ្លាស់ប្ដូរ​អ្នក​ទាំងនោះ​ដើម្បី​ឲ្យ​ពួកគេ​មាន​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ជីវិត​អ្នក​នោះ​ឡើយ។ យ៉ាងណាមិញ អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ គឺ​ដក​ចេញ​នូវ​មនុស្ស​ទាំងឡាយ​ណា ដែល​មិន​សម​នឹង​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ជីវិត​របស់​អ្នក។ របស់​មាន​តម្លៃ​មិន​សម្បូរ​នោះ​ទេ តែ​បើ​វា​សម្បូរ​នោះ​វា​ពុំ​មែន​ជា​របស់​មាន​តម្លៃ​ឡើយ។ ចំណែក​ឯ​មិត្តភាព​ពិត​ក៏​ដូច​គ្នា​ដែរ។

បើ​អ្នក​ផ្ដោត​ទៅលើ​បរិមាណ អ្នក​នឹង​ទទួល​បាន​មិត្តភ័ក្ដិ​ច្រើន តែ​បើ​អ្នក​ផ្ដោត​ទៅលើ​គុណភាព នោះ​អ្នក​នឹង​ទទួល​បាន​មិត្តភ័ក្ដិ​តិច​តែ​ជា​មិត្ត​ពិត​ប្រាកដ​សម្រាប់​អ្នក។ មិត្តភាព​ពិត​និង​សេចក្ដី​ស្រឡាញ់​ពិត​គឺជា​រឿង​២យ៉ាង​ដែល​អ្នក​មិន​ត្រូវ​ដេញ​តាម​នៅ​ក្នុង​ជីវិត។ បើ​អ្នក​កាន់តែ​ដេញ​តាម​ចាប់​របស់​ទាំងនេះ​ប៉ុណ្ណា របស់​ទាំងនេះ​នឹង​កាន់តែ​រត់​ចេញ​ឆ្ងាយ​ពី​អ្នក​ប៉ុននោះ។

ចុងក្រោយ​អ្វី​ដែល​អ្នក​ទទួល​បាន​គ្រាន់តែ​ជា​របស់​ដែល​មិន​មាន​តម្លៃ​ប៉ុណ្ណោះ វា​មាន​តែ​នាំ​ឲ្យ​ជីវិត​អ្នក​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន និង​ខាតបង់​ពេលវេលា​ឥត​ប្រយោជន៍​នេះ​ឯង។ នៅ​ពេល​ណា​អ្នក​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ក្រៅ មិន​ខ្វល់ខ្វាយ​ថា​តើ​អ្នក​មាន​មិត្តភ័ក្ដិ​ឬ​អត់ មិន​ខ្វល់ខ្វាយ​ថា​តើ​មាន​គេ​ចូលចិត្ត​អ្នក​ឬ​អត់ គេ​គិត​យ៉ាងណា​មក​លើ​អ្នក ហើយ​ងាក​មក​ផ្ដោត​ទៅលើ​ខ្លួនឯង បង្ហាញ​ពី​អ្វី​ដែល​ជា​ធាតុ​ពិត​របស់​ខ្លួន ទោះ​ល្អ​ក្ដី​អាក្រក់​ក្ដី គេ​ទទួល​ស្គាល់​ក្ដី​មិន​ទទួលស្គាល់​ក្ដី គេ​ចូលចិត្ត​ឬ​អត់ នោះ​មាន​តែ​មនុស្ស​ត្រឹមត្រូវ​និង​ពិត​ប្រាកដ​ប៉ុណ្ណោះ​ដែល​នឹង​ចាប់ផ្ដើម​ចូល​មក​ក្នុង​ជីវិត​អ្នក​ដោយ​ខ្លួនឯង។

នៅ​ពេល​អ្នក​មិន​លាក់​បាំង​ពី​ធាតុ​ពិត​របស់​ខ្លួន អ្នក​នឹង​ឆក់​ទាញ​បាន​មនុស្ស​ដែល​ស្មោះត្រង់​ជាមួយ​អ្នក។ អ្វី​ដែល​បញ្ជាក់​ពី​សេចក្ដី​ពិត​របស់​ពួកគេ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​អ្នក ស្ថិត​នៅ​ត្រង់​ពាក្យ​ពិត​របស់​ពួកគេ ដែល​មាន​គោលដៅ​ចង់​ឲ្យ​អ្នក​ល្អ​តែ​ម្យ៉ាង​គត់ ទោះ​ពាក្យ​ពិត​ល្វីង​ជូរចត់​ក៏​ដោយ។ ពួកគេ​នឹង​ប្រគល់​ទំនុក​ចិត្ត​របស់​ពួកគេ​មក​លើ​អ្នក ហើយ​អ្នក​ត្រូវ​ចាំ​ថា​ទំនុក​ចិត្ត​សំខាន់​ជាង​ក្ដី​ស្រឡាញ់​ទៅ​ទៀត។ ចំណុច​ដ៏​កម្រ​ទាំងនេះ អ្នក​នឹង​រក​មិន​បាន​ឡើយ​នៅ​ក្នុង​មិត្តភ័ក្ដិ​ដែល​ក្លែងក្លាយ​ជា​ច្រើន​នោះ។ វា​មិនមែន​ជា​បរិមាណ​នោះ​ឡើយ​ដែល​អ្នក​ត្រូវ​ផ្ដោត​ទៅលើ តែ​គឺជា​គុណភាព​នេះ​ឯង៕

ដោយ៖ ស្រីពៅ

X
5s