លោក ជា សារីន ស្ថាបនិកចំប៉ីស្ប៉ា៖ «បើខាតមួយខែ២ ឬ ៣ពាន់ដុល្លារ ទោះមានចំណង់ធ្វើអាជីវកម្មប៉ុណ្ណាក៏ទៅមិនរួចដែរ»
លោក ជា សារីន ស្ថាបនិកចំប៉ីស្ប៉ា បានលើកឡើងថា មានចំណង់ធ្វើអាជីវកម្មគឺពិតជារឿងល្អ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើយើងគ្មានវិធីសាស្ត្រគ្រប់គ្រាន់ក្នុងការធ្វើឲ្យអាជីវកម្មនោះដំណើរការទៅមុខល្អ និង អាចជៀសវាងការខាតបង់រាល់ខែ។
«បើខាតមួយខែ២ ឬ ៣ពាន់ដុល្លារ ទោះមានចំណង់ធ្វើអាជីវកម្មប៉ុណ្ណាក៏ទៅមិនរួចដែរ»។ ស្ថាបនិកស្ថាបនិកចំប៉ីស្ប៉ា បញ្ជាក់។
ការលើកឡើងបែបនេះ គឺដោយសារតែជាទូទៅ មនុស្សតែងនិយាយថា នៅពេលចង់ធ្វើអាជីវកម្ម សហគ្រិនត្រូវតែមានចំណង់ខ្លាំងដើម្បីធ្វើវា ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការរកស៊ីជាច្រើនឆ្នាំ និង ធ្លាប់បរាជ័យដែរនោះ មើលឃើញថា មិនទាន់គ្រប់គ្រាន់នៅឡើយ។ វាទាមទាឲ្យមានការរៀបចំផែនការច្បាស់លាស់ និង ដឹងច្បាស់អំពីទីផ្សារ។
សហគ្រិនដែលមានបទពិសោធន៍ក្នុងវិស័យជំនួញរូបនេះ និយាយថា មានកត្តាពីរសំខាន់ដែលនាំឲ្យអាជីវកម្មជោគជ័យ គឺ កត្តាខាងក្នុង និង កត្តាខាងក្រៅ។ កត្តាខាងក្នុង គឺសំដៅលើការគិត និង ការរៀបចំខ្លួនរបស់សហគ្រិន ចំណែកឯកត្តាខាងក្រៅវិញ គឺ សំដៅលើអ្វីៗដែលនៅជុំវិញខ្លួនយើងដែលអាចមានឥទ្ធិពលលើកត្តាខាងក្នុង រាប់ចាប់ពីស្ថានភាពទីផ្សារ ទីតាំង សេដ្ឋកិច្ចជាតិ និង ពិភពលោក ជាដើម។
«ពេលខ្លះនៅពេលដែលយើងនិយាយពីកត្តាFailure (បរាជ័យ) យើងផ្ដោតលើកត្តាខាងក្នុងពេក ប៉ុន្តែភ្លេចគិតពីកត្តាខាងក្រៅ ដែលវាជាកត្តាយ៉ាងធំ មានឥទ្ធិពលអំពីភាពជោគជ័យ»។
សូមបញ្ជាក់ថា ការលើកឡើងបែបនេះគឺធ្វើនៅក្នុងកម្មវិធី «ស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ» ដែលរៀបចំដោយ JCI នៅក្នុងសាកលវិទ្យាល័យZaman កាលពីថ្ងៃសៅរ៍កន្លងទៅ៕
ដោយ៖ អ៊ុន រស្មី