លោកកែវ ឡង់ឌី៖ ត្រូវស្វែងរកដៃគូដែលមាន៣ចំណុចនេះ ទើបអាចសាងគ្រួសារឲ្យមានសុភមង្គលបាន
លោកកែវ ឡង់ឌី ដែលជាស្ថាបនិក Baby Outlet Cambodiaបានមានប្រសាសន៍ថា ត្រូវរកដៃគូដែលមានចំណុចទាំង៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គលបាន ទី១គឺចរិតលក្ខណៈ ទី២គឺសុខភាព ទី៣គឺរឿងលុយ។ ការលើកឡើងបែបនេះ គឺនៅក្នុងសិក្ខាសាលាអាថ៌កំបាំងកសាងគ្រួសារដ៏មានសុភមង្គលនៅ CJCC កាលពីថ្ងៃអាទិត្យម្សិលមិញ។ ចំណុចទី១គឺចរិតលក្ខណៈ។
មិនថាបុរសឬនារីណាដែលស្វែងរកដៃគូជីវិតនោះទេ ត្រូវរកមើលដៃគូណាដែលមានចរិតលក្ខណៈល្អ មានន័យថាពួកគាត់ចេះគោរពចាស់ទុំ មានសុជីវធម៌ល្អក្នុងការរស់នៅ ជាមនុស្សដែលមានភាពស្មោះត្រង់ អាចនិយាយគ្នាបានឬមានទំនួលខុសត្រូវជាដើម។ លោកបានពន្យល់ថាបើសិនជាដៃគូរបស់អ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណាក៏ដោយ ប្រសិនជាគ្មានចរិតលក្ខណៈល្អទេ មិនចេះគោរពចាស់ទុំឬឪពុកម្ដាយ បញ្ហានឹងកើតមានឡើងព្រោះគ្មានមនុស្សណាចង់ឲ្យនរណាម្នាក់មើលងាយឪពុកម្ដាយរបស់ខ្លួនឡើយ ដែលនេះជាហេតុផលធ្វើឲ្យគ្រួសារមិនអាចមានសុភមង្គលបាន។
ចំណុចទី២គឺសុខភាព។ មនុស្សជាច្រើនមិនបានផ្ដោតអារម្មណ៍ទៅលើសុខភាពប៉ុន្មាននោះទេ ប៉ុន្តែការមានសុខភាពល្អពិតជាដើរតួយ៉ាងសំខាន់ក្នុងការកសាងគ្រួសារឲ្យមានសុភមង្គល។ លោកកែវ ឡុងឌីបានឲ្យជាឧទាហរណ៍ថាមិនថាអ្នកឬដៃគូរបស់អ្នកនោះទេ បើគិតតែពីឈឺ គ្រួសារមិនត្រឹមតែបារម្ភពីអ្នកថែមទាំងត្រូវចំណាយថវិកាច្រើននិងពេលវេលាក្នុងការមើលថែនិងបាត់បង់ពេលវេលាធ្វើការរកលុយ។ តែ មិនមែនមានន័យថាអ្នកពុំអាចឈឺនោះទេ។ ក្នុងន័យនេះ លោកចង់មានន័យថាបើគិតតែឈឺ ងើបពីឈឺ ឈឺទៀត គ្រួសារក៏ពិបាកនឹងរកសុភមង្គលផងដែរ។
ទី៣គឺលុយ។ ដើម្បីគ្រួសារអាចមានសុភមង្គលបាន បុរសត្រូវពូកែរកលុយ ឯនារីត្រូវពូកែទុកដាក់ឬចេះសន្សំជាដើម។ ការចេះរកបូកនឹងការចេះសន្សំនឹងជួយឲ្យគ្រួសារមានជីវភាពធូរធារឬសល់ប្រាក់កាក់។ «លុយគឺជារបស់ក្រៅខ្លួនមែន តែបើអត់លុយវាពិបាកក្នុងខ្លួន»។ លោកបានបញ្ជាក់។ ការសល់លុយឬការមានលុយនឹងជួយឲ្យគ្រួសាររបស់អ្នកអាចផ្គត់ផ្គង់នូវសម្ភារៈល្អៗប្រើប្រាស់រួមគ្នា។ ឧទាហរណ៍ថាទិញឡានមួយគ្រឿង វាជួយដល់ការធ្វើដំណើរ។ ប្រសិនជារកប៉ុន្មានក៏មិនដែលសល់ បុរសនឹងបន្ទោសខាងស្រីមិនចេះទុកដាក់ ឯនារីនឹងបន្ទោសបុរសរកចំណូលបានតិច ដែលអាចបង្កជាជម្លោះក្នុងគ្រួសារ៕
ដោយ៖ អុឹង មុយយូ