លោក​ ឌិន សុមេធារិទ្ធអ្នក​​​ជំនួញ​ផ្នែក​​សណ្ឋាគារ​​​ ៖ ​​​បើ​មិន​ចង់​​វ័ណ្ឌកទេ​ ពេល​ចេញ​រក​​ស៊ី​​​ដំបូង​ត្រូវ​គិតដល់​​រឿង​ខាត​ផង​



លោក​ ឌិន សុមេធារិទ្ធ​​​​​ ជា​​​​អគ្គនាយក​ក្រុមហ៊ុន​ Frangipani Villa  ​ ​បាន​​លើក​ឡើង​ថា ​​មនុស្ស​ភាគច្រើន​​ពេល​ចាប់ផ្ដើម​រក​ស៊ី​ ​គឺ​​គិត​តែ​រឿង​ចំណេញ​​​ តែ​មិន​ដែល​​គិត​ដល់​រឿង​ខាត​នោះ​ទេ​ ​​ហើយ​​នៅ​ពេល​បញ្ហា​កើត​ឡើង​​ គឺ​ ​​​​​​​​អាជីវកម្ម​​​ប្រាកដ​ជា​ងាយ​នឹង​​​ដួល​រលំ​។

​​ការ​អះអាង​បែប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​​ «​ស្វែងយល់​​ពី​បញ្ហា​ប្រឈម​​​​​​នៃ​ធុរកិច្ច​បរាជ័យ​»​ ​ដែល​រៀប​ចំ​ដោយ​ JCI ​​​នៅ​​​ក្នុង​សាកលវិទ្យាល័យZaman។ «​​ពេល​ខ្ញុំ​ចេញ​ធ្វើ​​Business (រកស៊ី​) ​​ដំបូង​ខ្ញុំ​គិត​រឿង​ខាត​រួច​​​ជា​ស្រេច..... ​​ខ្ញុំ​គិត​ស្រេច​ថា ​បើ​​អត់​ភ្ញៀវ​សោះ​ខាត​​មួយ​ខែ​ប៉ុន្មាន​ ហើយ​មាន​ភ្ញៀវ​ប៉ុណ្ណេះ​​​ខាត​ប៉ុន្មាន​ ហើយ​បើ​មាន​​​ភ្ញៀវ​ពេញ​​​ចំណេញ​ប៉ុន្មាន​»។ ​​អ្នក​​ជំនួញ​រូប​នេះ​បញ្ជាក់​។ ​​​​

ការ​​​គិតគូរ​​​រឿង​ខាត​បែប​នេះ​ មិន​មែន​មាន​ន័យ​ថា ​​វា​ជា​ការ​បង្កើត​នូវ​ចំណុច​អវិជ្ជមាន​​ក្នុង​ការ​រកស៊ី​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​គិត​​គូរ​យ៉ាង​ល្អិតល្អន់​​​ ​ជា​ពិសេស​​ការ​រៀបចំ​ផែន​ការ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​​​​​​​​​​ឲ្យ​រួចរាល់​ ដើម្បី​ជៀសវាង​​​​ការ​ខក​បំណង​នៅ​ពេល​ក្រោយ​។ ​​ការ​គិត​តែ​រឿង​ចំណេញ​​ ដោយ​មិន​គិត​អំពី​​​បញ្ហា​ប្រឈម​​នៅ​ពេល​ដែល​អាជីវកម្ម​នោះ​​​អាច​ទើប​ប្រទះ​នូវ​បញ្ហា​ណា​មួយ​នោះ ​​​វា​​​នឹង​ក្លាយ​ជា​ចំណុច​អាក្រក់​មួយ​​ ដែល​អាច​​ទាញ​​​​​​​​​​អង្គភាព​អាជីវកម្ម​ទាំង​មូល​រលាយ​​​យ៉ាង​រហ័ស​បំផុត​។

លោក​ ឌិន សុមេធារិទ្ធ​​​​​​​បញ្ជាក់​បន្ថែម​ថា​៖​ ​«​​ក្មេង​ៗ​​​ឥឡូវ​​​ពេល​ចេញ​រក​ស៊ី​​​អត់​គិត​រឿង​ហ្នឹង​ទេ​ (​​រឿង​ខាត​​) ​​ ​​គិត​តែ​រឿង​ចំណេញ​តែ​ម្ដង ​​ដូច​ចៅ​ចាក់​ស្មុគ​​​អ៊ីចឹង​ ​​ដល់​ពេល​អត់​ចំណេញ​​ វ័ណ្ឌក​!»។

​សូម​បញ្ជាក់​ថា ​​បច្ចុប្បន្ន​នេះ​មាន​​​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​​​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​​ ជា​ពិសេស​គឺ​យុវជន​​ ប៉ុន្តែ​​យ៉ាង​​ណា​ក៏​ដោយ​ ការ​​ខ្វះ​បទពិសោធន៍​​​ ​និង ត្រៀម​ខ្លួន​មិន​បាន​ល្អ​​ ​​​​បាន​ធ្វើ​​​ឲ្យ​អាជីវកម្ម​​ច្រើន​គួរ​សម​​ត្រូវ​ដួល​រលំ​​។

X
5s