ស្ថាបនិកចំប៉ីស្ប៉ា លោកជា សារីន៖ បើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវមានចំណេះដឹងសំខាន់ទាំង៣នេះ
លោកជា សារីន នាយកគ្រប់គ្រង និង ជាស្ថាបនិករបស់ក្រុមហ៊ុនចំប៉ីស្ប៉ាបានអះអាងថា មានចំណេះដឹង៣ដែលសំខាន់បំផុត សម្រាប់ជួយឲ្យការរកស៊ី ឬ ធ្វើជំនួញទទួលបានជោគជ័យ ទី១ គឺចំណេះជំនាញ ទី២ ចំណេះដឹងទួទៅ និង ទី៣ គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការលើកឡើងបែបនេះគឺធ្វើនៅក្នុងកម្មវិធី «ស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ» ដែលរៀបចំដោយ JCI នៅក្នុងសាកលវិទ្យាល័យZaman កាលពីថ្ងៃសៅរ៍កន្លងទៅ។
ចំណេះជំនាញ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយ ឬ អ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម ព្រោះថា បើគ្មានវាទេ វាពិតជាមានការលំបាកក្នុងការចាប់ផ្ដើមធ្វើ ព្រោះបើអ្នកចង់រកស៊ីផ្នែកណាមួយ ដែលខ្លួនមិនចេះ ឬ មិនដែលដឹងផ្នែកនោះសោះ វានាំឲ្យមានការចាប់ផ្ដើមខុស។ «បើមានត្រឹមចំណេះជំនាញ មិនទាន់អាចធ្វើឲ្យអាជីវកម្មរីកចម្រើនបានខ្លាំងនោះទេ ព្រោះត្រូវមានចំណេះដឹងទូទៅមួយទៀត»។ លោកជា សារីនបញ្ជាក់។ ចំណេះជំនាញ គឺជាជំនាញដែលអ្នកដឹងយ៉ាងច្បាស់ថា ត្រូវដំណើរការវាយ៉ាងដូចម្ដេច និង ធ្វើវាដោយរបៀបណា ប៉ុន្តែបើគ្រាន់តែមានវា គឺមិនទាន់គ្រប់គ្រាន់នោះឡើយ កាលណាខ្វះចំណេះដឹងទូទៅ។ ស្ថាបនិកក្រុមហ៊ុនចំប៉ីស្ប៉ារូបនេះ បានសង្កត់ធ្ងន់ថា ម្ចាស់អាជីវកម្មត្រូវតែព្យាយាមបង្កើនចំណេះដឹងទូទៅឲ្យបានច្រើន ទាំងផ្នែកគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ ឬ ធនធានមនុស្ស ទើបធ្វើឲ្យមានការសម្រេចចិត្តត្រឹមត្រូវ។ ចំណេះដឹងទូទៅនេះ អាចពង្រឹងបានតាមរយៈការរៀនដោយខ្លួនឯង ការចូលរួមក្នុងសិក្ខាសាលាផ្សេងៗ និង ការចូលក្នុងបណ្ដាញ ឬ ក្រុមផ្សេងៗ ទាំងក្នុង និង ក្រៅប្រទេស។ ចំណេះដឹងសំខាន់មួយទៀតដែលមិនអាចខ្វះបាននោះ គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រោះ វាក៏ជាចំណុចស្លាប់រស់របស់អាជីវកម្មនីមួយៗផងដែរ។ នៅពេលដែលអាជីវកម្មដើរដល់ចំណុចមួយ ប្រាកដជាមានបញ្ហាហិរញ្ញវត្ថុមិនខាន ហើយបើកាលណាគ្មានចំណេះដឹងទេ នោះនាំឲ្យមានការសម្រេចចិត្តខុស នាំឲ្យអាជីវកម្មទាំងមូលត្រូវរលាយមិនខាន។ «បើអត់មានចំណេះដឹងហិរញ្ញវត្ថុទេ ពេលមានបញ្ហាCash Flow (លំហូរសាច់ប្រាក់) កើតឡើង គាត់ (ម្ចាស់អាជីវកម្ម) នឹងខ្ចីលុយគេឡើងរញ៉េរញ៉ៃ»។ លោកជា សារីនបញ្ជាក់៕
ដោយ៖ រតនា វិចិត្រ