ចំណុចសំខាន់ៗ៥យ៉ាង ដែលឪពុកម្ដាយត្រូវបង្រៀនកូន ដើម្បីក្លាយជាមនុស្សជោគជ័យទៅថ្ងៃមុខ
ថ្វីត្បិតតែសាលា មានតួនាទីចំបងក្នុងការផ្តល់ការអប់រំដល់មនុស្ស ប៉ុន្តែបើនិយាយអំពីគ្រួសារវិញ គឺកាន់តែសំខាន់ទៅទៀត ព្រោះបើកាលណាគ្រួសារមួយបរាជ័យ ក្នុងការផ្តល់ការទូន្មាន និង អប់រំដល់កូនចៅរបស់ខ្លួនហើយ នោះវាពិបាកនឹងឲ្យក្មេងៗ ក្លាយជាមនុស្សមានប្រយោជន៍សំខាន់សង្គមខ្លាំងណាស់។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលឪពុកម្ដាយគ្រប់រូបត្រូវបង្រៀនកូនតូចៗរបស់ពួកគេ៖
១) បង្រៀនឲ្យស្រលាញ់ការរៀនសូត្រ៖ ការរៀនសូត្រគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ដូច្នេះហើយ អ្នកគួរតែព្យាយាមបង្រៀនគេឲ្យ ចេះស្រលាញ់ការរៀនសូត្រតាំងពីក្មេងមក តាមរយៈការពន្យល់មេរៀន ការអានឲ្យស្តាប់ និង ធ្វើអ្វីៗផ្សេងៗទៀត ដើម្បីឲ្យកូនតូចៗរបស់អ្នក ជក់ចិត្តជាមួយនឹងការសិក្សា។
២) បង្រៀនឲ្យទំនាក់ទំនងសង្គម៖ សូមកុំទុកឲ្យកូនៗរបស់អ្នកនៅតែផ្ទះ ដោយគ្មានការជួបមនុស្សម្នា ឬ ប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផ្សេងៗឲ្យសោះ ព្រោះវានាំឲ្យពួកគេខ្សោយផ្នែកទំនាក់ទំនង។ ដូច្នេះហើយ គួរទុកពេលឲ្យពួកគេមានឱកាសលេងនៅខាងក្រៅផ្ទះ ជាមួយក្មេងៗតូចៗផ្សេងៗទៀត ដែលនេះជាការបណ្ដុះនូវជំនាញទំនាក់ទំនងសង្គមមួយសំខាន់បំផុត។
៣) បង្រៀនដោយដោះស្រាយបញ្ហាដោយគ្មានហិង្សា៖ ត្រូវព្យាយាមពន្យល់យ៉ាងណាឲ្យកូនៗរបស់អ្នក ជៀសឲ្យឆ្ងាយពីការប្រើហិង្សានៅពេលជួបបញ្ហាអ្វីមួយ ដើម្បីឲ្យពួកគេមានគំនិត ដោះស្រាយអ្វីមួយដោយសន្តិវិធី។
៤) បង្រៀនឲ្យចេះទទួលខុសត្រូវ៖ ការទទួលខុសត្រូវគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះថា បើគ្មានទំនួលខុសត្រូវទេ នោះធ្វើអ្វីក៏មិនងាយជោគជ័យដែរ។ ដូច្នេះហើយ គួរបង្រៀនពួកគេតាំងពីក្មេងៗមក ដើម្បីឲ្យទម្លាប់ជាមួយនឹងតម្លៃដ៏សែនសំខាន់នេះ ទើបនៅពេលធំឡើង កូនៗរបស់អ្នកនឹងមិនទទួលតែខាងត្រូវ ហើយច្រានចោលកំហុស។
៥) បង្រៀនឲ្យមានក្តីមេត្តា និង ចេះចែករំលែក៖ ក្មេងៗ គឺជាទំពាំងស្នងឫសី ដូច្នេះហើយបើអ្នកមិនព្រមបណ្ដុះអ្វីដែលល្អទេ ជាពិសេសក្តីមេត្តា និង ការចែករំលែកទេនោះ ដល់ពេលពួកគេធំឡើងនឹងក្លាយជាមនុស្ស ដែលកាចសាហាវ ហើយធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕
ដោយ៖ រតនា វិចិត្រ