ស្ថាបនិក Cam-paint លោកសោម សម្បត្តិ៖«ទីតាំងគឺជាដង្ហើមស្លាប់រស់នៃអាជីវកម្មរបស់អ្នក»
លោកសោម សម្បត្តិ ដែលជាស្ថាបនិក Cam-paint បានលើកឡើងថា៖ «ទីតាំងគឺជាដង្ហើមស្លាប់រស់នៃអាជីវកម្មរបស់អ្នក»។ សហគ្រិនជោគជ័យរូបនេះបានថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ«ជំនាញនៃការចរចា» ដែលប្រព្រឹត្តិនៅ CJCCកាលពីថ្ងៃ០៦ សីហា ២០១៧។
ក្នុងការចាប់ផ្ដើមអាជីវកម្មដំបូង ការជ្រើសរើសទីតាំងគឺជាការកំណត់នូវវាសនាស្លាប់រស់នៃអាជីវកម្មរបស់អ្នក។ ដូច្នេះហើយ អ្នកត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវនិងគិតឲ្យបានច្បាស់ពីរឿងទីតាំង។ លោកសោម សម្បត្តិបានពន្យល់ថាប្រសិនជាអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកដើរទៅមុខ អ្នកត្រូវជ្រើសរើសទីតាំងល្អដែលមនុស្សងាយស្រួលរកឬមនុស្សឆ្លងកាត់នៅលើដងវិថីហ្នឹងច្រើន អ្នកមិនត្រូវកំណាញ់ថវិកាទៅលើតម្លៃនៃទីតាំងឡើយបើទោះបីជាវាថ្លៃបន្តិចមែនព្រោះវាជាដង្ហើមនៃការអាជីវកម្ម។
លោកបានឲ្យឧទាហរណ៍ថាប្រសិនជាអ្នកជួលនៅទីតាំងដែលមានតម្លៃថោក តែវាមានសភាពស្ងប់ស្ងាត់ហើយពុំសូវមានមនុស្សឆ្លងកាត់ អ្នកនឹងពុំអាចលក់ទំនិញបានច្រើនទេ ហើយលក់ទំនិញពុំបានច្រើនមានន័យថាអ្នកក៏ពុំអាចរកចំណូលបានច្រើនដែរ។ ម៉្យាងវិញទៀត អាជីវកម្មរបស់អ្នកនឹងប្រឈមមុខនឹងការបិតទ្វាព្រោះការបើកអាជីវកម្មដំបូងមានហានិភ័យច្រើនស្រាប់ហើយ ប្រសិនអ្នកពុំអាចរកចំណូលទៀត អាជីវកម្មនេះច្បាស់ជាស្លាប់។
អ្នកជំនួញជោគជ័យរូបនេះបានបន្ថែមទៀតថា«អ្នកអាចក្រលុយបាន តែអ្នកពុំអាចក្រគំនិតបានទេ។» លោកសង្ឃឹមថាដំបូន្មានរបស់លោកអាចជួយដល់សហគ្រិនជំនាន់ក្រោយឲ្យធ្វើការសម្រេចចិត្តបានល្អជាងមុនក្នុងការជ្រើសរើសទីតាំងសម្រាប់ការរកស៊ី៕
ដោយ៖ អឹុង មុយយូ