សុភាសិតចិន៖ «គ្រូអាចត្រឹមបើកទ្វាឲ្យប៉ុណ្ណោះ ចូលឬ មិនចូលអាស្រ័យលើសិស្ស»
«គ្រូអាចត្រឹមបើកទ្វាឲ្យប៉ុណ្ណោះ ចូលឬ មិនចូលអាស្រ័យលើសិស្ស»។ នេះជាសុភាសិតបុរាណរបស់ជនជាតិចិន ដែលចង់ដាស់តឿនដល់សិស្សទាំងឡាយឲ្យប្រឹងប្រែងក្នុងការរៀនសូត្រ។
គ្រូពូកែប៉ុណ្ណាក៏ដោយ តែបើសិស្សមិនរៀន គឺនៅតែមិនចេះ ។ មានន័យថា កត្តាខាងក្នុងគឺ ពិតជារឿងសំខាន់បំផុតសម្រាប់សិស្ស ព្រោះបើខ្ជិលក្នុងការរៀនសូត្រហើយ នោះពួកគេអាចបង្កើតហេតុផលរាប់រយ ដើម្បីបន្តភាពខ្ជិលក្នុងការមិនរៀនទៀត។ អ្នកខ្លះអាចនឹងបន្ទោសថា គ្រូបង្រៀនមិនកើត អ៊ីចឹងហើយបានជាខ្លួនមិនចេះ ទាំងខ្លួនមករៀនមិនទៀងទាត់ មិនយកចិត្តទុកដាក់ក្នុងការស្ដាប់គ្រូ និង មិនដែលស្រាវជ្រាវកិច្ចការផ្សេងផងនោះ។ ប៉ុន្តែបើពួកគេប្ដេជ្ញាចិត្តរៀនសូត្រហើយ ទោះបីជាមានឧបសគ្គប៉ុណ្ណាក៏នៅតែអាចជម្នះបាន រហូតក្លាយជាមនុស្សដែលពោរពេញទៅដោយចំណេះដឹង និង បទពិសោធន៍ ដែលអាចទាញបានប្រយោជន៍យ៉ាងច្រើនសម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ ក្
នុងការងារទូទៅក៏ដូចគ្នាដែរ ប្រសិនបើអ្នកចាំបន្ទោសលើកត្តាខាងក្រៅ ដូចជា សង្គម គ្រួសារ ឬ ក្រុមហ៊ុននោះ អ្នកនឹងមិនអាចអភិវឌ្ឍខ្លួនបានឡើយ ដូច្នេះហើយត្រូវចាប់ផ្ដើមពីខ្លួនឯង ដោយប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យជីវិតរបស់អ្នក មានន័យ សមនឹងតម្លៃក្នុងនាមជាមនុស្សម្នាក់៕