​លោក Terry Guo ​វិវត្តន៍​ខ្លួន​ពី​កម្មករ​រោងចក្រ​ជ័រ​កៅស៊ូ ទៅជា​​ស្ថាបនិក​ Foxconn ក្រុមហ៊ុន​​ម៉ៅការ​ផលិត​​អេឡិចត្រូនិច​ធំ​បំផុត​​​



បើ​និយាយ​ពី​​ក្រុមហ៊ុន Foxconn ​ មនុស្ស​ជា​ច្រើន​បាន​ដឹង​ច្បាស់​ណាស់​ថា​ ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​ធំ​​លក្ខណៈ​​​ម៉ៅកា (Contract Manufacturer) ធំបំផុត​ក្នុង​លោក​ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់។ ​​​បើ​និយាយ​ពី​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​​វិញ​ សូម្បីតែ Apple Inc ក៏​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​នេះ​ជា​ដៃគូ​ធំ​​បំផុត​ដែរ។ 

លោក Terry Guo គឺជាមហាសេដ្ឋីតៃវ៉ាន់ដ៏ល្បីល្បាញមួយរូប នៅ​ពី​ក្រោយ​កិត្តិនាម​ដ៏​ល្បី​រន្ធឺ​នៃ​ក្រុមហ៊ុន​នេះ។ មនុស្ស​ភាគ​ច្រើន​ស្គាល់​ក្រុមហ៊ុន​របស់​លោក ប៉ុន្តែ​​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​រូប​លោក​ឡើយ។ ​បើគិត​មក​ទល់​នឹង​ឆ្នាំ​២០១៧​ មហាសេដ្ឋី​តៃវ៉ាន់​ដ៏​ល្បី​រូប​នេះ​ មាន​វ័យ​ ៦៦​ឆ្នាំ​ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១០,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកគិត​ត្រឹម​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៧​​នេះ​បើយោង​តាម​ Forbes។ ​អ្វី​ដែល​ជា​ប្រវត្តិ​ជូរចត់​របស់​លោក​នោះ​ គឺ​លោក​មាន​​ប្រវត្តិ​ជា​កម្មករ​​​រោងចក្រ​ជ័រ​កៅស៊ូ។ 

លោក Terry Guo ឬហៅឈ្មោះម៉្យាងទៀតថា Guo Tai-ming កើតនៅថ្ងៃទី ០៨ តុលា ឆ្នាំ ១៩៥០ ​នៅ​ Banqiao Township ក្រុងតៃប៉ិ កោះតៃវ៉ាន់។ ម្តាយឪពុករបស់លោករស់នៅក្នុងខេត្ត Shanxi ប្រទេសចិន មុនពេលពួកគេប្តូរទីលំនៅទៅកាន់តៃវ៉ាន់នៅឆ្នាំ ១៩៤៩។ ​ឪពុក​របស់​លោក​ជា​អតីត​ប៉ូលិស​ដែល​រត់​ភៀស​ខ្លួន​ពី​ចិន​ដៃគោក​ទៅ​តៃវ៉ាន់។ លោក Terry Guo បានបញ្ចប់ការសិក្សាត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ ដោយបញ្ចប់ការសិក្សាលោកបានចូលបម្រើការងារក្នុងរោងចក្រជ័រកៅស៊ូ ផលិតកង់រថយន្ត និង ធ្វើការនៅក្នុងរោងចក្រ ឱសថ រហូតដល់លោកមានវ័យ ២៤ ឆ្នាំ។

​ឈាន​មក​ដល់​​​​ឆ្នាំ​១៩៧៤ ជា​ពេល​ដែល​លោក​បាន​គិត​ និង​សម្រេច​ចិត្ត​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម គឺ​នៅ​ពេល​នោះ​ហើយ​ដែល​​រូប​លោក​បាន​សម្រេច​លា​ឈប់ពីការងារ​ ហើយ​បើកអាជីវកម្មផ្ទាល់ខ្លួន ជាមួយដើមទុន ៧៥០០ ដុល្លារ ដោយមានបុគ្គលិក ១០ នាក់ដោយជួលរោងមួយក្នុងទីប្រជុំជន Tucheng ជាយក្រុង តៃប៉ិ។ ​អាជីវកម្ម​របស់​លោក​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Hon Hai បង្កើតដំបូងគឺផលិត ប្លាស្ទិក សម្រាប់ ទូរទស្សន៍។

អាជីវកម្ម Hon Hai ទទួលបានជោគជ័យក្រោយពីក្រុមហ៊ុនផលិតតុក្កតាក្មេងលេង Atari បញ្ជាទិញប្លាស្ទិកពីក្រុមហ៊ុនលោក។ នៅឆ្នាំ ១៩៨៨ លោក Terry Guo បានបង្កើតរោងចក្រដំបូងរបស់ខ្លួនក្នុងខេត្ត Shenzhen ប្រទេស ចិន ដោយបច្ចុប្បន្នរោងចក្រនេះនៅតែជារោងចក្រមួយដ៏ធំដដែល។ ប្រាំបីឆ្នាំក្រោយមកពោលគឺឆ្នាំ ១៩៩៦ លោកបានចាប់ផ្តើមផលិត​សម្បក​​កុំព្យូទ័រដាក់លើតុ ឲ្យក្រុមហ៊ុន Compaq។

នេះ​ហើយ​ជា​ពេល​ដែល​លោក​បាន​ប្រែ​ក្លាយ​ផលិតកម្ម​ទ្រង់​ទ្រាយ​តូច​របស់​លោក​ឱ្យ​ក្លាយ​ទៅ​ជា​លក្ខណៈ​សកល​ដែល​លោក​អាច​​​ទាក់ទាញបាន​​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ​លំដាប់​ពិភពលោក​​ដូចជា HP, IBM និង Apple ជាដើម។ នៅក្នុងការប្រជុំមួយជាមួយគណៈគ្រប់គ្រង លោក Terry Guo បានទទួលសំណើជាច្រើនពីបុគ្គលិកខ្លួន ឲ្យផ្លាស់ប្តូរពីឈ្មោះ Hon Hai ដោយសារពាក្យនេះមិនសូវមានន័យល្អឡើយជាភាសាចិន លោក Terry Guo បានចាប់ផ្តើមប្តូរឈ្មោះពីក្រុមហ៊ុន Hon Hai មកជា Foxconn វិញមកទល់នឹងបច្ចុប្បន្ន។

រឿង​ដែល​គាត់​មិល​ចូលចិត្ត​បំផុត​ខណៈ​មហាសេដ្ឋី​ភាគ​ច្រើន​ចូលចិត្ត លោក​ Gou ស្អប់នឹង​ការ​ចេញ​មុខមាត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ ឬ​នៅ​ក្នុង​កម្មវិធី​លក្ខណៈ​​សាធារណៈ​បំផុត។ លោក​គិត​ថា​ ធ្វើ​បែបនេះ​ គឺ​ធ្វើ​ឱ្យ​ដៃគូ​របស់​លោក​ដឹង​ពី​រូប​លោក​ច្បាស់។ នេះ​បើ​យោង​តាម​ការ​សរសេរ​របស់​ Success Story អីចឹង​ហើយ​ទើប​ជា​​គេ​មិន​សូវ​ស្គាល់​ឈ្មោះ​របស់​លោក​ និង​មិន​សូវ​ឃើញ​រូប​របស់​លោក​លេច​មុខ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ៕​

ដោយ៖ ខេម៊ី​

X
5s