លោក ផិត សិរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យដាប់បែល យូ អេចភី ខូអិលធីឌី (WHP REALTY Co., Ltd) ៖ «ខ្ញុំចេះរកស៊ីផ្នែកអចលនទ្រព្យតាំងពីអាយុ ១៥ឆ្នាំ»!
លោក ផិត សិរីវឌ្ឍន៍ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទិញ លក់ ជួលផ្ទះ និងដីធ្លី បានលើកឡើងថា លោក ចេះរកស៊ីផ្នែកអចលនទ្រព្យតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះក្នុងអាយុ ១៥ ឆ្នាំ ហើយបច្ចុប្បន្នលោក ក៏ត្រូវបានសមាជិកបោះឆ្នោតឱ្យជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក-CVEA) ផងដែរ។ តើលោកមានប្រវត្តិយ៉ាងណាដែរ? ទីកន្លែងកំណើត និងគ្រួសារ
លោក ផិត សិរីវឌ្ឍន៍ កើតនៅឆ្នាំ១៩៨៣ ក្នុងគ្រួសារដែលមានឪពុកម្ដាយជាអ្នករាជការ នៅសង្កាត់លេខ ៦ ដែលបច្ចុប្បន្នស្ថិតនៅក្នុង សង្កាត់បឹងកេងកងទី ១ រាជធានីភ្នំពេញ។ ឪពុករបស់លោកឈ្មោះ ឯកឧត្តម ផិត ផនូរ ជាអតីតតំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ នៅរដ្ឋសភាជាតិ និងម្ដាយរបស់លោកឈ្មោះ លោកជំទាវ ហួរ សិរី ជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅក្រសួងកិច្ចការនារីដែលការងាររបស់លោកជំទាវ គឺជួយលើកកម្ពស់សមភាពយេនឌ័រនៅប្រទេសកម្ពុជា។ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៧ ហើយបច្ចុប្បន្នមានបុត្រីចំនួនពីរនាក់។ ការអប់រំ លោកបានសិក្សានៅសាលាបឋមសិក្សាវត្តលង្ការ ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣ ហើយបានបន្តថ្នាក់អនុវិទ្យាល័យនៅសាលាចតុមុខ និងបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលាស៊ីសុវត្ថិឆ្នាំ១៩៩៩។ ក្រោយពីបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ លោកបានជាប់អាហារូបករណ៍ថ្នាក់ជាតិទៅសិក្សានៅរដ្ឋបេងកាឡូ ប្រទេសឥណ្ឌា គឺវិទ្យាស្ថាន អន្តរជាតិ មីរ៉ាន់ដា (Miranda) ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម (Bachelor of Business Management) ដោយទទួលបានសញ្ញាប័ត្រនៅឆ្នាំ២០០៣។ នៅឆ្នាំ២០០៤ លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតពីរជំនាញព្រមគ្នាតែម្ដង គឺជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសាកលវិទ្យាល័យន័រតុនបានបញ្ចប់នៅឆ្នាំ២០០៧ និងអនុបណ្ឌិតជំនាញនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យបៀលប្រាយបានបញ្ចប់នៅឆ្នាំ២០០៨។ នៅឆ្នាំ២០០៩ លោកបានបន្តយកសញ្ញាប័ត្របណ្ឌិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់វគ្គសិក្សានៅឆ្នាំ២០១១។ បច្ចុប្បន្ន លោកជាបេក្ខភាពបណ្ឌិតនៅសាកលវិទ្យាល័យ លីនខន (Lincoln University) ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អាជីពជាសាស្ត្រាចារ្យ នៅឆ្នាំ២០០៩ លោកបានចូលបង្រៀននៅសាកលវិទ្យាល័យបែលធីអន្តរជាតិ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មលើមុខវិជ្ជាជំនាញ គោលការណ៍នៃការគ្រប់គ្រងអាជីវកម្ម (Principle of Management) បរិយាកាសអាជីវកម្ម (Business Environment) និងគ្រប់គ្រងអាជីវកម្មខ្នាតតូច (Small Business Management)។ លោកបានបង្រៀនរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៦ ពោលគឺរយៈពេល ៨ឆ្នាំ។ ក្រៅពីនេះ លោកក៏បានចូលបង្រៀនថ្នាក់អនុបណ្ឌិតមួយរយៈពេលខ្លីគឺនៅឆ្នាំ២០១០ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) លើមុខវិជ្ជាជំនាញ សហគ្រិនភាព (Entrepreneurship) ផងដែរ។ លោក ផិត សិរីវឌ្ឍន៍ បានថ្លែងដូច្នេះថា ៖«ទៅថ្ងៃអនាគត ខ្ញុំនឹងចូលរួមជួយបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយបន្តទៀត ហើយជាក់ស្ដែងខាងក្រុមហ៊ុន អឹម អ ធី អេស ខនសាល់ធីង (MRTS Consulting Ltd.) ដែលជាក្រុមហ៊ុនបម្រើសេវាកម្មផ្នែកបណ្ដុះបណ្ដាល បង្វឹកផ្ទាល់ និងប្រឹក្សាយោបល់ បានអញ្ជើញខ្ញុំឱ្យចូលរួមចែករំលែកបទពិសោធន៍លើជំនាញអចលនទ្រព្យដល់ប្រជាពលរដ្ឋកម្ពុជាកម្រិតចំណូលទាប និងមធ្យម ដែលមាន និងគ្មានបទពិសោធន៍ ឱ្យចេះរកចំណូលបន្ថែមឯករាជ្យពីវិស័យនេះ។ បច្ចុប្បន្នខ្ញុំជាវាគ្មិន និងជាអ្នកបណ្ដុះបណ្ដាលនៅក្នុងក្រុមហ៊ុន MRTS នេះ»។ អ្វីដែលជាទស្សនវិជ្ជាសម្រាប់រូបលោកផ្ទាល់ គឺលោកមានឆន្ទៈចូលរួមជួយសង្គមតាមរយៈការជួយបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ កូនសិស្ស និងវិនិយោគិនក្នុងស្រុក ដែលមានបំណងប្រាថ្នាចង់រកចំណូលបានតាមរយៈវិស័យអចលនទ្រព្យ អាចបង្កើនសេដ្ឋកិច្ចគ្រួសារបានសម្រាប់ពួកគាត់ព្រោះលោកមើលឃើញថា វិស័យនេះកំពុងមានសន្ទុះខ្លាំង និងជាវិស័យដែលអាចរកចំណូលបានឯករាជ្យ។ ពាក្យថា ឯករាជ្យលោកចង់សំដៅថា អាចរកចំណូលបន្ថែមទៀតសម្រាប់គ្រួសារ បើទោះជាមានការងារធ្វើអចិន្ត្រៃយ៍ហើយក៏ដោយ។ ដើម្បីសម្រេចនូវឆន្ទៈដ៏មុតស្រួចនេះ លោកមានបំណងបង្កើតក្លឹបអចលនទ្រព្យមួយដោយសហការជាមួយក្រុមហ៊ុន MRTS Consulting Ltd.ដែលមានរូបលោកជាអ្នកដឹកនាំដោយផ្ទាល់ នាពេលឆាប់ៗខាងមុខនេះ។ សម្ភាសន៍ ក្នុងទូរទស្សន៍បាយ័ន លើប្រធានបទបង្កើនចំនួនអចលនទ្រព្យក្នុងដៃ តាមរយៈចំណូលជួល នៅថ្ងៃទី09 ខែសីហា ឆ្នាំ2017[/caption] ការបង្កើតអាជីវកម្ម លោកបានចាប់ផ្ដើមអាជីវកម្មក្នុងវិស័យអចលនទ្រព្យជាលក្ខណៈគ្រួសារ ក្នុងឆ្នាំ១៩៩៨ តាំងតែពីលោកមានវ័យ ១៥ឆ្នាំមកម្ល៉េះ។ ទោះជាលោកមានឪពុកម្ដាយបំពេញការងារជាមន្ត្រីរាជការក៏ពិតមែន តែសម្រាប់រូបលោកផ្ទាល់ គឺលោក ស្រលាញ់ការរកស៊ីក្នុងវិស័យអចលនទ្រព្យបំផុត ពោលគឺលោកគិតថា លោកអាចប្រើប្រាស់ជំនាញក្នុងការ ទិញ លក់ ជួល គ្រប់គ្រងផ្ទះ និងដីធ្លី បានយ៉ាងស្ទាត់ជំនាញ។ លោកបានមានប្រសាសន៍ដូច្នេះថា ៖«ខ្ញុំចាប់ផ្ដើមចេះរកស៊ីក្នុងវិស័យនេះ តាំងពីអាយុ ១៥ឆ្នាំជាលក្ខណៈគ្រួសារ គឺខ្ញុំមានភារកិច្ចលក់ ជួល និងទិញ ផ្ទះ និងដីធ្លីសម្រាប់គ្រួសារខ្ញុំ។ ពេលខ្លះ ខ្ញុំថែមទាំងជួយលក់មីងពូ ខ្ញុំដោយខ្ញុំទទួលបានកម្រៃជើងសារ (commission) ពីប្រតិបត្តិការខាងលើថែមទៀតផង»។ ក្នុងឆ្នាំ២០០៧ ឈានដល់វ័យ ២៤ឆ្នាំ លោកបានចាប់ផ្ដើមប្រឡូកការរកស៊ីក្នុងវិស័យនេះជាលក្ខណៈបុគ្គលដោយចាប់ផ្ដើមពីការមានលទ្ធភាពអាចទិញផ្ទះមួយល្វែងនៅទីក្រុងតាខ្មៅបានដោយខ្លួនឯង ពោលលោកចាប់ផ្ដើមមានជារបស់កម្មសិទ្ធិផ្ទាល់ខ្លួនតែម្ដងនៅពេលនោះ។ មកដល់ឆ្នាំ២០១៥ ដោយយល់ឃើញពីសក្ដានុពលល្អនៃវិស័យអចលនទ្រព្យ លោកក៏បានសម្រេចចិត្តបណ្ដាក់ទុន បើកក្រុមហ៊ុនសហកម្មសិទ្ធិមួយ គឺក្រុមហ៊ុនអចលនទ្រព្យដាប់បែល យូ អេចភី ខូអិលធីឌី (WHP REALTY Co., Ltd) ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់លើការទិញ លក់ ជួលផ្ទះ និងដីធ្លី ជាភ្នាក់ងារ គ្រប់គ្រង និងប្រឹក្សាយោបល់លើអចលនទ្រព្យ អភិវឌ្ឍន៍អចលនទ្រព្យនិងសេវាកម្មមួយចំនួនទៀត។ នៅក្នុងក្រុមហ៊ុននេះលោកមានតួនាទីជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលតែម្ដង ប៉ុន្តែនៅមានដៃគូរបស់លោកបំពេញមុខងារខាងប្រតិបត្តិការ (operation)។ ចំពោះរូបលោកផ្ទាល់ ការស្វែងរកដៃគូ គឺលោកមើលទៅលើកត្តាខាងក្នុង ក្នុងនោះគឺសំដៅទៅលើធនធានហិរញ្ញវត្ថុ ជំនាញ ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់ដៃគូចូលហ៊ុនលោក។ [caption id="attachment_45050" align="aligncenter" width="670"] លោក ផិត សិរីវឌ្ឍន៍ កំពុងចែករំលែកបទពិសោធន៍ពីការរកស៊ីក្នុងវិស័យអចលនទ្រព្យដល់សិក្ខាកាមកាលពីពេលថ្មីៗកន្លងទៅនេះ[/caption] កិច្ចសហការមួយចំនួន បច្ចុប្បន្ននេះ លោក ផិត សិរីវឌ្ឍន៍ បាននិងកំពុងសហការជាមួយដៃគូអាជីវកម្មមួយចំនួនរួមមាន គម្រោងពុះដីឡូត៍រីករាយដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ខ្នាត ២០x ៣០ម៉ែត្រមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក លោកក៏នឹងធ្វើការសហការជាមួយក្រុមហ៊ុន 995Home International Management Co., Ltd. មកពីតៃវ៉ាន់លើវិស័យគ្រប់គ្រងផ្ទះ និងខុនដូ ដែលផ្ដល់នូវការដោះស្រាយភាពស្មុគស្មាញដល់កម្រិតសូន្យ (Zero Worry) ទាំងម្ចាស់ផ្ទះ និងអ្នកជួល ក្នុងតម្លៃសមរម្យបំផុត។ សូមបញ្ជាក់ថា ក្រុមហ៊ុន 995Home International Management Co., Ltd.នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតនៅកម្ពុជាក្នុងការគ្រប់គ្រងអចលនទ្រព្យតាមរយៈ 995Home Application ក្នុង Smartphone ដែលអាចឱ្យម្ចាស់ផ្ទះ និងអ្នកជួលគ្រប់គ្រង ដោះស្រាយ និងតាមដានប្រតិបត្តិការជួលបានយ៉ាងងាយស្រួល ព្រមទាំងអាច សន្សំសំចៃថវិកា និងចំណេញពេលវេលាថែមទៀតផង។ ចង់ដឹងថា អ្វីទៅជាគម្រោង Zero Worry Concept ? កុំភ្លេចតាមដានជាមួយ BizKhmer ដែលនឹងចេញផ្សាយលម្អិតអំពីប្រធានបទនេះនាពេលឆាប់ៗខាងមុខនេះ។ ដូចរៀបរាប់ពីខាងលើ លោក ផិត សិរីវឌ្ឍន៍ ក៏ជាអ្នកបណ្ដុះបណ្ដាលលើវិធីសាស្ត្រនៃការបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យអចលនទ្រព្យក្នុងក្រុមហ៊ុន MRTS Consulting Ltd. ផងដែរ។ លោកមានវិធី និងគន្លឹះជាច្រើន ចែករំលែកជូនដល់សាធារណជន ដើម្បីធ្វើឱ្យទាំងអ្នកជំនាញ និងអ្នកមិនមានជំនាញក្នុងវិស័យអចលនទ្រព្យអាចបង្កើតប្រាក់ចំណូលឯករាជ្យ និងក្លាយជាអ្នកមានបាន។ លោកក៏បានចែករំលែកវិធីសាស្ត្រ និងគន្លឹះមួយចំនួនជាមួយ BizKhmer ផងដែរ។ សូមតាមដានជាមួយ BizKhmer ដែលនឹងចេញផ្សាយជូននាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ ខេមម៊ី