ហេតុផល ៥​​យ៉ាង​​​ដែល​លោក​អ្នក​គួរ​ចាប់​ផ្ដើម​អាជីវកម្ម​​ឆ្នាំ​២០១៦​ នេះ​បើ​មិន​ដូច្នោះ​ទេ​នឹង​ស្ដាយ​ក្រោយ​​



​​ឆ្នាំ​២០១៦​​ នេះ​ជា​ឆ្នាំ​ដែល​លោក​អ្នក​គួរ​ចាប់​ផ្ដើម​​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួន​​​ ​ដោយ​ផ្អែក​​ទៅ​លើ​ហេតុផល​ ទាំង​ ៥​យ៉ាង​ខាង​ក្រោម​នេះ។ ​ជឿ​ឬ​មិន​ជឿ​ នេះ​គ្រាន់​តែ​ជា​ពន្លឺ​ និង​ជា​ទុន​គំនិត​សម្រាប់​លោក​អ្នក​តែ​ប៉ុណ្ណោះ។ ​ហេតុ​ផល​ទាំង​ ៥​យ៉ាង​នោះ​គឺ៖ ១) ​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​​ចាប់​​ផ្ដើម​ហើយ​ សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​​ត្រូវ​បាន​ប្រទេស​ទាំង​ ១០​ជា​សមាជិក​ព្រមព្រៀង​បង្កើត​កាល​ពី​ចុង​ឆ្នាំ​២០១៥​ ​ក្នុង​កិច្ច​​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ពេល​ថ្មី​​​ៗ​កន្លង​ទៅ​នេះ។ ​បើ​លោក​អ្នក​មិន​បង្កើត​ ឬ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​អ្នក​នៅ​ឆ្នាំ​នេះ​ ​តើ​ពេល​ណា? ហើយ​បើ​អ្នក​មិន​ចាប់​ផ្ដើម​ទេ? តើ​ទុក​ឱ្យ​អ្នក​ណា? ​ច្បាស់​ណាស់​ថា​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ស្ថានភាព​​អាជីវកម្ម​នឹង​កាន់​តែ​មាន​ការ​​ប្រកួត​ប្រជែង​ឡើង​ៗ​ ហើយ​​បើ​លោក​អ្នក​អាច​ចាប់​ផ្ដើម​ពី​ឥឡូវ​ អាច​នឹង​មាន​ឱកាស​ឈរ​ជើង​នៅ​លើ​ទីផ្សារ​បាន​ប្រសិន​បើ​អ្នក​មាន​​យុទ្ធសាស្ត្រ​ទីផ្សារ​​ត្រឹម​ត្រូវ​នៅ​ឆ្នាំ​នេះ។ ២) ​ធនាគារ​នៅ​កម្ពុជា​កាន់​​តែ​អនុគ្រោះ​និង​ផ្ដល់​អត្រា​ប្រាក់​ប្រកួត​ប្រជែង​​​ ធនាគារ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​បាន​និង​កំពុង​ផ្ដោត​ទៅ​លើ​ទីផ្សារ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ដែល​​ផ្ដល់​នូវ​​អត្រា​ការ​ប្រាក់​ប្រកួត​ប្រជែង​​​ក្នុង​កម្រិត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ។ ដូច្នេះ​ បើ​លោក​​អ្នក​មាន​ផែនការ​ និង​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ហើយ​មាន​ដើម​ទុន​ខ្លះ។ តើ​លោក​អ្នក​នៅ​ចាំ​អី​ទៀត? ៣) គ្មាន​ពេល​ណា​​ដែល​ប្រសើ​នោះ​ទេ​ ការ​ចាប់​ផ្ដើម​បង្កើត​អាជីវកម្ម​​គឺ​ដូច​ជា​ការ​យក​កូន​អីចឹង​ដែរ។ ​ប្រសិន​បើ​លោក​អ្នក​រង់​ចាំ​ទាល់​តែ​​ដល់​ពេល​ដែល​លោក​អ្នក​ចាត់​ទុក​ថា​ជា​ពេល​វេលា​ល្អ​បំផុត​​ នោះ​ប្រហែល​ជា​អាច​នឹង​ហួស​ពេល​ក៏​អាច​ថា​បាន។ ​មាន​មនុស្ស​មិន​តិច​ទេ​​ដែល​​​​​កាន់​តែ​ទម្លាប់​ខ្លួន​ និង​គំនិត​ធ្វើ​ការ​ឱ្យ​គេ។ លោក​អ្នក​កាន់​តែ​ធ្វើ​​ការ​ឱ្យ​គេ​យូរ​ កាន់​តែ​លែង​មាន​គំនិត​ប្រថុយ​ក្នុង​ការ​រក​ស៊ី ដូច្នេះ​គ្មាន​ពេល​ណា​ដែល​ប្រសើ​នោះ​ទេ គឺ​ចាប់​ផ្ដើម​ឥឡូវ​នេះ​ទៅ។ ៤) ​អ្នក​​នឹង​ក្លាយ​ជា​មនុស្ស​កាន់​តែ​រីករាយ យក​តាម​ការ​សិក្សា​​​ ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​មួយ​ដែល​មាន​ឈ្មោះ​ថា​ GOBankingRates ​បាន​អះអាង​ថា​ ​មនុស្ស​ដែល​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ​​សប្បាយ​ និង​​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​​ច្រើន​ជាង​មនុស្ស​ធ្វើ​ការ​​ឱ្យ​គេ។ ​បើ​ទោះ​បី​ជា​អ្នក​​នោះ​មាន​ក្រុម​ហ៊ុន​តូច​ក្ដី​ ក៏​មាន​អារម្មណ៍​សប្បាយ​​ដែរ។ ជា​ពិសេស​គឺ​​មិន​ទទួល​រង​នូវ​សម្ពាធ​ការងារ​ ហើយ​ផលិតភាព​ និង​ការ​ច្នៃ​ប្រឌិត​នឹង​​កាន់​តែ​វិវឌ្ឍន៍​ប្រសើរ​ឡើង​ផង​ដែរ។ ៥) ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន ​​ចាប់​ផ្ដើម​អាជីវកម្ម​ឆ្នាំ​នេះ​ លោក​អ្នក​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន។ នៅ​ពេល​បោះ​ជំហាន​ធ្វើ​អាជីវកម្ម​កាន់​តែ​យូរ​លោក​អ្នក​នឹង​បែក​គំនិត​បង្កើត​អាជីវកម្ម​ផ្សេង​ៗ​ទៀត​ដែល​អាច​រក​ចំណូល​បាន​ច្រើន​​ ​ហើយ​នេះ​ជា​គោលដៅ​តែ​មួយ​គត់​ដែល​​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន។ ដូច្នេះ​គួរ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ៕​ ដោយ៖ រតនៈ​វិភូ
X
5s