អ្នកជំនាញធនធានមនុស្ស លោក​ស៊ី​ វណ្ណា ៖ បើ​ចង់​ជ្រើសរើស​បុគ្គលិក​បាន​ល្អ​​ ដំបូង​ត្រូវ​មើលអត្តចរិត​​ ហើយជំនាញជារឿងទី២​



​លោក​ស៊ី​ វណ្ណា​ ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន បានលើកឡើងថា ​ពេល​ជ្រើសរើស​​បុគ្គលិក ​លោក​មើល​​​លើ​អត្តចរិត​​ទី​មួយ ជំនាញ​ទីពីរ​។  ​​រាល់​ពេល​ដែល​លោក​ជ្រើសរើស​បុគ្គលិក​ថ្មី លោក​តែង​តែ​​មើល​តើ​បុគ្គលិក​ម្នាក់​នេះ​មាន​​អត្តចរិត​ល្អ​ដែរ​ឬ​ទេ​ព្រោះ​លោក​យល់​ឃើញ​ថា​ជំនាញ​រឹង​​​អាច​បណ្ដុះបណ្ដាល​​តាម​ក្រោយ​បាន តែ​អត្តចរិត​របស់​មនុស្ស​គឺ​ពិបាក​កែ​ប្រែ​​ខ្លាំង​ណាស់។ អ្នកជំនាញផ្នែកធនធានមនុស្សរូបនេះ ​បន្ថែម​​ទៀត​ថា​​​ បើ​ទោះ​បី​រក​​បាន​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្លាំង​ពូកែ​តែ​​​បើ​គ្មាន​​​ភាព​ស្មោះ​ត្រង់ គ្មាន​ការ​ទំនួល​ខុស​ត្រូវ ​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ឬ​បង្ក​បញ្ហា​​ក្នុង​ការ​ងារ​​ នោះ​មេ​នឹង​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​ក្រោយ​ជា​ពុំ​ខាន។ ម៉្យាង​វិញ​ទៀត មេ​ក៏​ខាត​បង់​នូវ​ពេលវេលា​​ដ៏​មាន​តម្លៃ​និង​ថវិកា​ តែ​ចុង​ក្រោយ​បុគ្គលិក​ម្នាក់​នោះ​ត្រូវ​បញ្ឈប់​ឬ​លាឈប់​ពី​ការងារ​ដោយ​សារ​តែ​អត្តចរិត​មិន​ល្អ​​​។ ​​ លោក​ស៊ី​ វណ្ណា ក៏​បាន​បង្ហាញ​​នូវ​​អត្តចរិត​កំពូល​ទាំង​៦​ដែល​​​អ្នក​ដឹក​នាំ​​គ្រប់​រូប​​ចង់​បាន​ពី​បុគ្គលិក៖ ១) ភាព​ស្មោះត្រង់ ២) ភាព​ទុក​ចិត្ត​បាន ៣) ការ​ប្ដេជ្ញា​ចិត្ត​ ៤) ​ការ​បន្សាំ​ខ្លួន​ ៥) ការ​ទទួល​ខុស​ត្រូវ ៦) ភាព​បត់បែន ​ សូម​បញ្ជាក់​ថា​ការ​ចែក​រំលែក​​គំនិត​​​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ក្រោម​ប្រធានបទ«ជំនាញ​នៃ​ការ​ចរចា»ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (​CJCC) កាល​ពី​ម្សិលមិញ​។ ​​ ​ដោយ៖ អឹុង មុយយូ
X
5s