សុភាសិត​​ដ៏​មាន​តម្លៃ​របស់​​ជប៉ុន​៖ «​បើ​ដួល​៧​ដង​ ​ត្រូវ​ក្រោក​ឈរ​​៨​ដង​»​



«​បើ​ដួល​៧​ដង​ ​ត្រូវ​ក្រោក​ឈរ​​៨​ដង​»​។ នេះ​ជា​សុភាសិត​ដ៏​មាន​តម្លៃ​របស់​ជនជាតិ​ជប៉ុន​ ដែល​​ក្នុង​ន័យ​នេះ​ ពិត​ជា​មាន​​​​បណ្ដុះ​នូវ​ផ្នត់​គំនិត​​​​តស៊ូ​ដល់​​មនុស្ស​គ្រប់រូប​ ក្នុង​ការ​​​​ខិតខំ​សម្រេច​កិច្ចការ​​​ឲ្យ​បាន​ បើ​ទោះបី​ជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ ឬ ​ឧបសគ្គ​ប៉ុណ្ណា​ក៏​ដោយ​។

​ការ​បរាជ័យ​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​។ ​​​ប្រសិន​បើ​មាន​នរណា​ម្នាក់​ចេញ​មុខ​មក​និយាយ​ថា ​គេ​មិន​ដែល​បរាជ័យ​ទាល់​តែ​សោះ​ក្នុង​ជីវិត​​នេះ​ ​ហើយ​តែង​​ធ្វើ​អ្វី​​​ជោគជ័យ​ជា​និច្ច​នោះ​​ ​មាន​ន័យ​ថា ​​បុគ្គល​ម្នាក់​នោះ​កំពុង​​និយាយ​​កុហក​​។ ​​

រាល់​បុគ្គល​ជោគជ័យ​អស្ចារ្យ​ក្នុង​លោក​ សុទ្ធតែ​ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​​​រាប់​ភ្លេច ប៉ុន្តែ​អ្វី​ដែល​ធ្វើ​​​ឲ្យ​ពួកគេ​​នៅ​តែ​អាច​​​​ចូល​ដល់​ទីតាំង​ដែល​​​​ចង់​បាន​នោះ ​គឺ ដោយសារតែ​ការ​តស៊ូ​​ ​​ដោយ​មិន​ចុះចាញ់​ត្រឹម​ពាក្យ​ថា បរាជ័យ​។ ​​មាន​ន័យ​ថា ​​ពួកគេ​តែង​ព្យាយាម​ក្រោក​ឈរ​វិញ​ជា​និច្ច​​ រាល់​ពេល​ដែល​ដួល។​ ពេល​បរាជ័យ​​ម្តងៗ​ មិន​មែន​​មាន​ន័យ​ថា ពួកគេ​មិន​ចេះ​ឈឺចាប់​នោះ​ទេ​ ប៉ុន្តែ​អ្នក​​ទាំងនោះ​ចេះ​ច្នៃ​ការ​ឈឺចាប់​របស់​ខ្លួន​​ឲ្យ​ក្លាយ​​​​មេរៀន​យ៉ាង​សំខាន់​ និង ​​ច្នៃ​វា​​​​ឲ្យ​ក្លាយ​ជា​កម្លាំង​ចិត្ត​មួយ​ ដើម្បី​រុញ​ច្រាន​​​ឲ្យ​សកម្មភាព​នៅ​តែ​អាច​​​​​បន្ត​​ទៅ​មុខ​ជា​និច្ច​ ហើយ​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​​ថា ត្រូវ​តែ​សម្រេច​វា​​ឲ្យ​បាន​។​

នេះ​ជា​គន្លឹះ​​សំខាន់​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្នុង​ជីវិត​៕​ ​​

X
5s