លោក សោម សម្បត្តិ៖ ជាថៅកែអន់បំផុតបើឱ្យបុគ្គលិកធ្វើការងារឱ្យក្រតោកយ៉ាក
«ជាថៅកែ អន់បំផុត បើឱ្យបុគ្គលិក ក្រតោកយ៉ាក» នេះជាការថ្លែងរបស់លោក លោក សោម សម្បត្តិនាយកប្រតិបត្តិ និងជាស្ថាបនិកសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint នៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍មួយលើប្រធានបទ «តើត្រូវត្រៀមអ្វីខ្លះបើចង់បើកអាជីវកម្ម?» ដែលរៀបចំឡើងដោយ ផាកកាហ្វេ កាលពីដើមខែសីហា កន្លងទៅនេះ។
លោក សោម សម្បត្តិ លើកឡើងថា ក្នុងនាមជាម្ចាស់ឬជាប្រធានក្រុមហ៊ុនមិនមែនគិតតែពីស្វែងរកចំណេញ ដោយភ្លេចបុគ្គលិកនោះទេ។ ការឱ្យប្រាក់ខែតែមួយមុខ ក៏មិនមែនជាជម្រើសត្រឹមត្រូវដែរប៉ុន្តែរឿងដែលសំខាន់គឺ យកចិត្តទុកដាក់លើបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ និងបង្រៀនពួកគេឱ្យក្លាយជាអ្នកមានបាន។ ស្ថាបនិកសហគ្រាសផលិតថ្នាំពណ៌ជាតិរូបនេះបានថ្លែងបន្តទៀតថា ការបង្ហាត់បង្រៀនបុគ្គលិកឱ្យចេះវិនិយោគគឺជារឿងសំខាន់ បន្ថែមពីលើការ បង្ហាត់បង្រៀន និងផ្ដល់ឱកាសឱ្យសិក្សាបង្កើនជំនាញ។
លោកបានថ្លែងដូច្នេះថា ៖«ខ្ញុំបានប្រាប់ពួកគេថា ខំបានប៉ុន្មានបានប្រាក់ខែប៉ុណ្ណឹង ហើយប្រាក់ខែរបស់ពួកគេគឺបានពីការខិតខំខ្លួនឯង និងបង្កើតឡើងដោយពួកគេ។ ...ខ្ញុំបង្រៀនពួកគេឱ្យចេះវិនិយោគទៀត លក់ផ្ទះពីកន្លែងក្នុងក្រុងបានថ្លៃទៅទិញផ្ទះក្បែររោងចក្ររបស់ពួកគេធ្វើការ តម្លៃថោក ហើយសល់លុយទិញដីដែលអាចលក់បានចំណេញច្រើនថែមទៀតផង»៕