ផលវិបាក៣យ៉ាងសំខាន់ៗ ចំពោះការបណ្តោយឲ្យក្មេងៗលេងទូរស័ព្ទស្មាតហ្វូនច្រើនពេក!
បច្ចុប្បន្ននេះ ក្មេងៗសឹងតែគ្រប់គ្នា ពិតជាចូលចិត្តលេងទូរស័ព្ទស្មាតហ្វូនខ្លាំងណាស់ ដោយសារតែមានកម្មវិធីប្លែកៗ និង ថ្មីៗដែលពិតជាទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ ប៉ុន្តែការបណ្តោយឲ្យពួកគេលេងវាជាប្រចាំបែបនេះ នឹងបង្កផលវិបាកជាច្រើនដែលឪពុកម្តាយគួរយកចិត្តទុកដាក់៖
១) រារាំងគំនិតច្នៃប្រឌិតរបស់ក្មេងៗ៖ មានអ្វីកើតឡើង ប្រសិនបើកូនៗរបស់អ្នក មួយថ្ងៃៗរវល់តែលេងទូរស័ព្ទ? ដូចដែលបានដឹងស្រាប់ហើយថា អ្វីៗស្ទើរគ្រប់យ៉ាងមាននៅក្នុងទូរស័ព្ទវៃឆ្លាត ដូច្នេះក្មេងៗទាំងនោះលែងដឹងថា ត្រូវប្រើប្រាស់សមត្ថភាពរបស់ខ្លួន ក្នុងការគិត និង ធ្វើអ្វីដោយខ្លួនឯងដោយរបៀបណាហើយ ដោយពឹងលើកម្មវិធីសម័យទំនើបនោះសឹងតែទាំងស្រុង។ ចំពោះការមិនបានមិនបានប្រើប្រាស់សមត្ថភាពរបស់ខ្លួនច្រើនក្នុងការធ្វើអ្វីផ្សេងៗនោះ នាំឲ្យគំនិតច្នៃប្រឌិតរបស់ពួកគេគឺមិនសូវមានឡើយ។
២) បាត់បង់ភាពជិតស្និទ្ធរវាងឪពុកម្តាយ និង កូន៖ យូរៗទៅទំនាក់ទំនងរវាង ឪពុកម្តាយ និង កូនៗរបស់ខ្លួនហាក់ដូចជាមិនសូវជិតស្និទ្ធខ្លាំងនោះទេ នៅពេលដែលក្មេងៗទាំងនោះ មួយថ្ងៃៗរវល់តែលេងជាមួយនឹងកម្មវិធីស្មាតហ្វូនជាច្រើនដែលរាក់ទាក់ការចាប់អារម្មណ៍ខ្លាំង។ ទំនាក់ទំនងល្អរបស់មនុស្សគឺអាចកើតឡើងបាន លុះត្រាតែពួកគេមានពេលគ្រប់គ្រាន់សម្រាប់គ្នាទៅវិញទៅមក ប៉ុន្តែបើក្មេងៗទាំងនោះហាក់ចំណាយពេលកម្សាន្តច្រើនពេកលើកម្មវិធីទាំងនោះ គឺពិតជាត្រូវកាត់បន្ថយភាពជិតស្និទ្ធរវាងឪពុកម្តាយ និង កូនមិនខាន ដែលជាប្រការមិនល្អឡើយ។
៣) ប៉ះពាល់ដល់បញ្ហាដំណេក៖ ក្មេងៗមួយចំនួន ចូលចិត្តលេងហ្គេមតាមទូរស័ព្ទ និង កម្មវិធីកម្សាន្តមួយចំនួនទៀតស្ទើរគ្រប់ពេលទៅហើយ រហូតភ្លេចគេងទៀតក៏មាន។ ការបណ្តោយខ្លួនលេងច្រើនម៉ោងពេក នាំឲ្យពួកគេមិនទទួលការគេងគ្រប់គ្រាន់ឡើយ ដែលអាចប៉ះពាល់ដល់សុខភាពផងដែរ៕
ដោយ៖ អ៊ុន ភក្តី